(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខែមេសា ឆ្នាំ២០១៦នេះ។ 

យោងតាមអនុក្រឹត្យ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខែមេសា ឆ្នាំ២០១៦នេះ។

ការបើកប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងត្រូវគោរពតាមគោលការណ៍ រួមមាន៖ ១) ក្រសួង ស្ថាប័ន ដែលបានរៀបចំការបើកគណនីបៀវត្សជូនមន្រ្តីរាជ្យការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួនរួចហើយ ត្រូវធ្វើការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះចូលទៅក្នុងគណនីបៀវត្សរបស់សាមីជនម្នាក់ៗផ្ទាល់តែម្ដង។ ២) ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនមន្រ្តីជាប់កិច្ចសន្យានិងបុគ្គលិកអណ្ដែត ត្រូវអនុវត្តតាមគណនីរបស់សាមីជនម្នាក់ៗ។ ៣) ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្រ្តីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងបើកផ្ដល់ប្រាក់ឧបត្ថម្ភឲ្យបានដល់ដៃសាមីជនម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។ ៤) និវត្តជនដែលជាអតីតមន្រ្តីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្រ្តីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារជាមន្រ្តីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត សមាជិកក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ ឃុំសង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្ដល់ប្រាក់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ និង ៥) ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្ដល់ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៤ខាងលើ។

រដ្ឋាភិបាល បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នសាមី ត្រូវសហការ និងចាត់ចែងរៀបចំការផ្ដល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឲ្យដល់សាមីជនម្នាក់ៗយ៉ាងយូបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

គួរកត់សម្គាល់ថា ការសម្រេចឧបត្ថម្ភថវិកា ៥ម៉ឺនរៀល ដល់មន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនៅខែមេសា ឆ្នាំ២០១៦ នេះ ធ្វើឡើងក្រោយពីសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃទី​២៣ ​ខែមីនា  បានស្នើ​រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​ចំនួន ១៥​ម៉ឺនរៀល​ដល់​គ្រូបង្រៀន មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​ម្នាក់ៗ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​នៅក្នុង​សំណើ​ដែល​ដាក់ជូន សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​ប្រាប់​ពី​មូល​ហេតុថា គ្រូបង្រៀន មន្ត្រី​រាជការ​ស៊ីវិល និង​កងកម្លាំង​ប្រដាប់​ទូទៅ ត្រូវ​ចំណាយ​ច្រើន​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ហើយ​ម្យ៉ាង​ទំនិញ​ក្នុង​ទីផ្សារ​ចេះតែ​ឡើងថ្លៃ តែ​ប្រាក់ខែ​របស់​មន្ត្រីរាជកា​រ​នៅមានកម្រិត​ទាប​នៅឡើយ ដែល ជាការ​លំបាក​ក្នុងការ​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖

1 2

សម្តេច ហ៊ុន សែន សម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ជូនមន្រ្តីរាជការនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់