(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមីនា នេះ បានអំពាវនាវដល់គ្រូពេទ្យមួយចំនួន ដែលធ្លាប់មានឥរិយាបថខុសឆ្គង ប្រើសម្តីមិនសមរម្យ មើលលុយជាធំ ឲ្យកែប្រែឥរិយាបថរបស់ខ្លួន ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋក្រីក្រ ជាពិសេសកុំឲ្យខូចដល់កេរ្តិ៍ឈ្មោះគ្រូពេទ្យល្អៗ។ 

ការថ្លែងបែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអញ្ជើញចូលរួមបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ដោយបានគូសបញ្ជាក់ថា មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌វេជ្ជាជីវៈល្អ ហើយមានតែបុគ្គលពេទ្យមួយចំនួនតូចប៉ុណ្ណោះ ដែលមានឥរិយាបថមិនល្អ។

សម្ដេច ហ៊ុន សែន បានថ្លែងទៀតថា ការផ្តល់សេវាសុខាភិបាល គឺជាភារកិច្ចស្នូលរបស់បុគ្គលិកសុខាភិបាល។ ប្រជាពលរដ្ឋទាំងអស់ មិនថាមានទ្រព្យ រឺគ្មាននោះទេ ចាំបាច់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ត្រូវគិតដល់ការព្យាបាល មុននឹងគិតអំពីការចំណាយ ព្រោះប្រជាពលរដ្ឋគ្រប់រូប ត្រូវទទួលបានសេវាសុខភាពសាធារណៈ។ គ្រូពេទ្យបានលះបង់ពេលវេលាសម្រាប់គ្រួសារដើម្បីអ្នកជំងឺហើយ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើបញ្ហាពិនិត្យព្យាបាលអ្នកជំងឺ ប្រកបដោយសីលធម៌និងវិជ្ជាជីវៈគ្រូពេទ្យ និងសូមកុំមើលស្រាលស្ថានការណ៍ឲ្យសោះ។ “សូមកុំឲ្យត្រីមួយស្អុយត្រីមួយកន្ត្រក”។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ឡើងវិញផងដែរថា នៅកម្ពុជា មិនដល់ថ្នាក់គ្រូពេទ្យ ១០០ ខូច៩០នាក់ ដូចការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត គួច ម៉េងលី នោះឡើយ។ តែ យ៉ាងណា សម្តេច ​ហ៊ុន សែន ​បានស្នើដល់ក្រសួងសុខាភិបាលពង្រឹង​សេវាសុខភាពឲ្យបានល្អក្នុងការបម្រើប្រជាពលរដ្ឋ និង ​មន្រ្តីបុគ្គលិកសុខាភិបាលត្រូវយក​ចិត្តទុក​ដាក់ប្រកប​​ដោយក្រមសីលធម៌ខ្ពស់បំផុត។

សូមបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល នាពេលនេះ មិនមែនជាលើកទីមួយឡើយ ជុំវិញឥរិយាបថខុសឆ្គង និងការប្រើសម្តីមិនសមរម្យរបស់គ្រូពេទ្យមួយចំនួន ទៅលើអ្នកជំងឺ។

ឆ្លើយតបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានថ្លែងក្នុងឱកាសសម្ពោធមន្ទីពេទ្យបង្អែក នៅខេត្តព្រះសីហនុ កាលពីចុងខែកុម្ភៈ ក្រសួងសុខាភិបាល នាថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០១៦ បានធ្វើការរម្លឹក និងដាស់តឿនដល់មន្រ្តីក្រសួងសុខាភិបាល ដែលកំពុងតែផ្ដល់នូវ សេវាសុខាភិបាល សាធារណៈនិងឯកជន ទាំងអស់យកចិត្ត ទុកដាក់ ក្នុងការបំរើ សេវាជូន អតិថិជន គោរពវិជ្ជាជីវៈ ក្រមសីលធម៌ថ្លៃថ្នូរ មិនគិតលុយជាធំ សម្ដីទន់ភ្លន់ អាកប្បកិរិយាសមរម្យ ក្នុងពេលពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ ត្រូវសង្រ្គោះអាយុជីវិតជាបន្ទាន់ និងត្រូវបំពេញសំណុំបែបបទ តាមក្រោយ” ។

ក្រសួងសុខាភិបាល ប្រកាសទៀតថា នឹងមានវិធានការត្រួតពិនិត្យ និងអនុវត្តវិន័យតាមច្បាប់ជាធរមាន ប្រសិនបើឃើញមានមន្រ្តីសុខាភិបាលណាប្រព្រឹត្តល្មើសខ្ជីខ្ជាបណ្ដាលឲ្យមានផលវិបាកប៉ះពាល់ដល់អ្នកជំងឺ៕

 

 

សម្តេច ហ៊ុន សែន រម្លឹកដល់គ្រូពេទ្យមួយចំនួន មិនត្រូវគិតលុយជាធំ “សូមកុំឲ្យត្រីមួយស្អុយទាំងអស់”

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់