(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងលិខិតមួយច្បាប់ផ្ញើជូនលោក ឆាយ សុផល អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានជើងចាស់ បានថ្លែងកោតសរសើរពីការខិតខំរបស់លោក ឆាយ សុផល ដែលបានស្រាវជ្រាវចងក្រងសៀវភៅដ៏មានសារៈសំខាន់ចំណងជើងថា សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម (១៦២៣-២០១៥)

តាមរយៈលិខិតចុះកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្ដេច ​បាន​ទទួល​សៀវភៅចំនួន​១០ក្បាល​ដែល​លោក​ ឆាយ សុផល បានផ្ញើមកឲ្យ​សម្ដេច​ដើម្បីបាន​ស្វែងយល់។ សៀវភៅនោះ​មាន​ចំណងជើងថា ​“សត្រូវ​មិត្តិភក្តិឯង​ ផែនដី និង​ផែន​ទីកម្ពុជា​វៀតណាម (១៦២៣-២០១៥)”។ សម្ដេច​ ហ៊ុន សែន មានប្រសាសន៍ថា៖ “សម្ដេច សូមថ្លែងនូវ​ការកោតសរសើរចំពោះលោកឆាយ សុផល ដែលបានខិតខំ​ស្រាវជ្រាវចងក្រងសៀវភៅ​ដ៏មានសារៈសំខាន់​នេះ​ឡើង​ទុក​ជា​ឯក​សារសម្រាប់កូនចៅជំនាន់ក្រោយ​បានសិក្សាស្រាវជ្រាវ”។​

ជាការឆ្លើយតប លោក ឆាយ សុផល អ្នកនិពន្ធ និងជាអ្នកសារព័ត៌មានជើងចាស់ ដែលមាន Faceook Page ជាភាសាអង់គ្លេសថា “Sophal Chhay Journalist” នៅថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា “បើទោះជាមិនមានសម្បត្តិស្តុកស្តម្ភ ឬអំណាចក្នុងរាជការក៏ដោយ ក៏នេះជាមោទនភាពដ៏ធំបំផុតសម្រាប់លោក ក្នុងនាមពលរដ្ឋដែលបានទទួលកិត្តិយសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា” ។

សូមរម្លឹកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឆាយ សុផល បានដាក់សម្ពោធសៀវភៅកម្រាស់ប្រមាណ៤០០ទំព័រនោះមានចំណងជើងថា“សត្រូវមិត្តភក្តិឯង ផែនដីនិងផែនទី កម្ពុជាវៀតណាម (១៦២៣ -២០១៥) ដែលលោកបានចងក្រង។ លោក ឆាយ សុផល បញ្ជាក់ថា សៀវភៅនេះមានលក្ខណៈជាប្រវត្តិសាស្រ្តដែលបង្ហាញពីសាវតានៃការបាត់បង់ទឹកដីកម្ពុជាក្រោម ឬ ដែនដីកូសាំងស៊ីនជាផ្លូវការទៅឲ្យវៀតណាមនៅឆ្នាំ១៩៤៩ ដែលក្រោយៗមក រហូតមកដល់ឆ្នាំ២០១៥ ជម្លោះផ្ទៃក្នុងកម្ពុជាស្តីពីព្រំដែននិងផែនទីបានកើតឡើង។ លោកបន្តថាលោកបានប្រមូលឯកសារច្រើនដាក់ក្នុងសៀវភៅនេះ ដូចជាសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨២ ៨៣និង៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ និងឯកសារគតិយុត្តមួយចំនួនទៀតទាក់ទងនឹងព្រំដែនកម្ពុជា-វៀតណាម។

លោក ឆាយ សុផល បានបន្ថែមថាការចងក្រងសៀវភៅនេះ លោកបានយោងឯកសារជិត៨០ ក្នុងនោះមានសៀវភៅឯកសារចំនួន២៦ក្បាល សារព័ត៌មានចំនួន២៣ និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន និងអ្នកនយោបាយមួយចំនួនដែលសកម្មខាងព្រំដែន។ លោកបញ្ជាក់បន្ថែមថាលោកក៏បានកត់ត្រាព្រឹត្តិការណ៍សំខាន់ដែលបានកើតឡើងមួយរយៈចុងក្រោយនេះ ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជានិងវៀតណាម ដូចជាការចុះទៅពិនិត្យមើលព្រំដែននិងការផ្ទៀងផ្ទាត់ផែនទីជាដើម។

សៀវភៅនេះក៏បានបញ្ចូលនូវ ជម្លោះប្រទាក់ក្រឡាគ្នាទាំងក្នុងចំណោមជនជាតិកម្ពុជានិងនៅក្នុងចំណោមបរទេសដូចជាអាមេរិក អង់គ្លេស ចិន រុស្ស៊ី និងពួកសម្ព័ន្ធមិត្ត។ លោក ឆាយ សុផល យល់ថា “ខ្មែរចូលចិត្តលាក់ប្រវត្តិសាស្រ្តរបស់ខ្លួន បណ្តាលឲ្យមានការយល់មិនច្បាស់ពីប្រវត្តិរបស់ខ្លួន ហើយតាមរយៈសៀវភៅនេះ លោកមានជំនឿថានឹងក្លាយជាឯកសារជំនួយស្មារតីមួយសម្រាប់ប្រជាជនកម្ពុជា។

រហូតមកដល់បច្ចុប្បន្ននេះ លោក ឆាយ សុផល បានបោះពុម្ពផ្សាយសៀវភៅដែលលោកបានចងក្រង មិនតិចជាង៦ច្បាប់នោះទេ ដូចជាសៀវភៅ “នាយករដ្ឋមន្រ្តីខ្មែរទាំង៣៦រូបជានរណា?” និងសៀវភៅ “អំណាច និង​រាជបល្ល័ង្គ​នៃ​មហាក្រ​ត្ស​ខ្មែរ​សែ អង្គឌួង នរោត្តម ស៊ីសុវត្ថិ” ជាដើម។ នៅពេលខាងមុខឆាប់ៗនេះ លោក ឆាយ សុផល នឹងចេញផ្សាយសៀវភៅមួយក្បាលយទៀតមានចំណងជើងថា “ហ៊ុន សែន នយោបាយនិងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ” ដែលសៀវភៅនេះ លោកអះអាងថានឹងចូលរោងពុម្ពនៅចុងខែកុម្ភៈ ឆ្នាំ២០១៦ នេះ៕

 

 

សម្តេច ហ៊ុន សែន ថ្លែងសរសើរលោក ឆាយ សុផល ដែលបានចងក្រងសៀវភៅស្ដីពីជម្លោះព្រំដែនកម្ពុជា-វៀតណាម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់