នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក ហូ ហៅវ៉ា (Ho Hou Wah ) អតីតប្រធាននៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

លោក Ho Hou Wah បានគោរពជម្រាបជូនសម្ដេចហ៊ុនសែន អំពីវត្តមានរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានពេលនេះ គឺដើម្បីចូលជួបសម្ដែងការគួរជាមួយសម្ដេច ដែលឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ទីក្រុងម៉ាកាវកាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ និងម្យ៉ាងទៀតគឺមកចូលរួមសិក្ខាសាលានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាជាមួយសហគ្រិនវ័យក្មេងជាង១០០នាក់ពីម៉ាកាវតបតាមការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រី​។ ទន្ទឹមនឹងនេះ គឺដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាកម្ពុជា និងទីក្រុងម៉ាកាវឲ្យកាន់តែប្រសើរឡើង។

ក្នុងឪកាសនោះដែរសម្ដេច ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Ho Hou wah និងគណៈប្រតិភូ ហើយសម្តេចបានជំរុញឲ្យអ្នកវិនិយោគម៉ាកាវ មកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រោះប្រទេសយើងមានសក្ដានុពលច្រើនក្នុងនោះដូចជា ទេសចរណ៌ និង កសិកម្មជាដើម។

ជាជំហរគឺកម្ពុជា-ចិនបានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មរវងាប្រទេសទាំងពីរអោយឡើងដល់ ៥ ពាន់លាន ដុល្លារនៅឆ្នាំ ២០១៧។ ចំពោះម៉ាកាវគឺយើងនឹងសហការដាច់ដោយឡែកជាមួយគ្នាលើកិច្ចសហការ វិនិយោគ និងពាណិជ្ជកម្ម។

សម្តេច ក៏បានជំរុញឲ្យមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ ហើយជាពិសេសសម្តេចតេជោ បានស្នើឲ្យម៉ាកាវទិញកសិផលពីកម្ពុជា ជាពិសេសអង្ករ ហើយយកប្រទេសកម្ពុជាធ្វើជាកន្លែងឃ្លាំងកែឆ្នៃរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទៅប្រទេសមួយចំនួនដែលទទួលជំនួយស្បៀងពីមិត្តចិន។

លោក Ho Hou Wah ពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់សម្តេចហ៊ុនសែន លោកនឹងយកទៅពិភាក្សានៅម៉ាកាវ។ បច្ចុប្បន្ននេះចិនបានក្លាយជាប្រទេសទីមួយ ដែលមានការវិនិយោគធំជាងគេ ផ្តល់ជំនួយធំជាងគេ និងមានទេសចរណ៌ចិនច្រើនជាងគេ។ ឆ្លៀតក្នុងឱកាសនោះ សម្តេច ហ៊ុន សែន បានអញ្ជើញ លោក Ho Hou Wah ចូលរួមនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើនៅកម្ពុជាឆ្នាំក្រោយនេះ៕

 

 

 

សម្តេច ហ៊ុន សែន ជំរុញឲ្យអ្នកវិនិយោគម៉ាកាវ មកស្វែងយល់អំពីឱកាសវិនិយោគ នៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់