(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានលើកឡើងថា សិទ្ធិមនុស្ស​ម្នាក់​ៗមាន​ព្រំដែន​ជាមួយ​សិទ្ធិ​អ្នក​ដទៃ ហើយកុំ​ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ដោយ​បំពាន​សិទ្ធិ​អ្នក​ដទៃ។

បន្ថែមពី​លើ​នេះ សម្តេច ហ៊ុន សែន បាន​ព្រលយ​ថា កុំឲ្យមាន​ការ​ខ្វល់​រឿងពណ៌ (ទាក់ទងនឹងយុទ្ធនាការស្លៀកពាក់ខ្មៅ) ពណ៌អ្វី​ក៏​ដោយឲ្យតែ​ធ្វើ​ខុស​ច្បាប់​ចាប់ទាំងអស់។ សម្តេចក៏​បាន​បង្ហើប​ដែរថា សម្តេច​បាន​ដឹងពីអ្នក​ដែល​ផ្តល់​លុយ​ឲ្យ​បោះពុម្ពអាវផងដែរ។

ប្រសាសន៍សម្ដេច ហ៊ុន សែន៖ 

ការព្រមានរបស់សម្ដេច ហ៊ុន សែន ខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

គួរកត់សម្គាល់ថា ការថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី បន្ទាប់ពីមន្រ្តីសង្គមស៊ីវិលនិងប្រជាសហគមន៍មានទំនាស់ដីធ្លីមួយចំនួនបានចេញមុខចូលរួមយុទ្ធនាការស្លៀកពាក់ខ្មៅកាលព្រឹកថ្ងៃច័ន្ទទាមទារឲ្យដោះលែងមន្រ្តីអាដហុក៤នាក់និងមន្រ្តីគ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។ ក្នុងយុទ្ធនាការនោះ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនោះនាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់ ឈ្មោះ លោក ថាវ គឹមសាន សកម្មជនដីធ្លី៤នាក់និងជនបរទេសពីរនាក់ ប៉ុន្តែពួកគេត្រូវបានដោះលែងវិញនៅថ្ងៃដដែល។

ក្រោយពីការឃាត់ខ្លួន និងដោះលែងជនទាំង៨នាក់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានរាយការណ៍ទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា៖ “ចំពោះការឃាត់ខ្លួនក្រុមសកម្មជនខាងលើ អង្គប្រជុំបានឯកភាពគ្នា ណែនាំឲ្យធ្វើការសាកសួរធ្វើកំណត់ហេតុ ដើម្បីអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ និងរក្សាទុកជាឯកសារសម្រាប់បម្រើផ្លូវច្បាប់ទៅថ្ងៃក្រោយ ”។ តែយ៉ាងណា សង្គមស៊ីវិលបានបញ្ជាក់ថាយុទ្ធនាការស្លៀកពាក់ខ្មៅនេះ (Black Monday) នឹងធ្វើឡើងជារៀងរាល់ថ្ងៃច័ន្ទ ហើយធ្វើរហូតដល់មានការដោះលែងមន្រ្តីសិទ្ធិមនុស្សដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារព្រៃស៕

 

 

សម្តេច ហ៊ុន សែន៖ ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ដាក់ទាំងអស់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់