សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានស្នើអោយប្រទេសទាំងពីរ កម្ពុជារុស្ស៊ី រួមគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យណាមួយបន្ថែមទៀតដែលភាគីទាំងពីរគិតថាអាចធ្វើបាននាពេលខាងមុខ។សម្ដេចលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សាការងាររវាងសម្ដេចនិងអនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ឋ នៃសភារុស្ស៊ីនៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៧ មីនា ។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូ​វការរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឪ្យដឹងថាកាលពីរសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៦ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតអោយលោក Nicolay Fedorov អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ឋ នៃសភារុស្ស៊ី ចូលជួបសំដែងការគួសម និងពិភាក្សាការងារនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងនោះលោក Nicolay Fedorov បានអបអរសាទរចំពោះ សម្តេច អំពីការដឹកនាំល្អ ដែលធ្វើអោយប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់ភ្ជាប់និងនយោបាយឈ្នះឈ្នះ របស់សម្តេច ដែលបាននាំមកនូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលលោកបានឃើញផ្ទាល់និងភ្នែកស្រាប់។

លោក Nicolay បានឃើញគ្រឿងចក្រនិងសំណង់ធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញកំពុងរីកដុះដាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបសសម្តេច ។

ដំណើរទស្សនកិច្ចរបស់លោក Nicolay មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសពង្រីកវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ។ ក្នុងនាមលោកជាអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោកនឹងប្រឹងប្រែងជួយធ្វើយ៉ាងណា សំរួលល័ក្ខខ័ណ្ឌដោយភាពអនុគ្រោះក្នុងការនាំកសិផលកម្ពុជាទៅកាន់រុស្ស៊ី។ ជាងនេះទៅទៀត លោកនឹងជំរុញអោយមានការផ្តល់អាហារូបករណ៍អោយបានច្រើនដល់និស្សិតកម្ពុជាទៅសិក្សានៅរុស្ស៊ីផងដែរ។ រុស្សីបានចាត់ទុកសម្តេច ជាមិត្តចាស់ដែលមានអនុស្សាវរីយ៌ជាច្រើនរវាងប្រទេសទាំងពីរ។

ជាមួយគ្នានោះសម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ភាគីរុស្សី ដែលសព្វថ្ងៃនេះជាសហព័ន្ឋរុស្ស៊ីដែលកន្លងមកធ្លាប់បានជួយដល់កម្ពុជា ពេលដែលកម្ពុជាជួបការលំបាកពីអតីតកាល។ រុស្ស៊ីបានជួយមកកម្ពុជាតាមរយៈ ការស្ដាខឿនសេដ្ឋកិច្ច និងការបណ្តុះបណ្ដាលធនធានមនុស្ស។ សម្តេច ក៏បានស្នើអោយប្រទេសទាំងពីររួមគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យណាមួយបន្ថែមទៀតដែលភាគីទាំងពីរគិតថាអាចធ្វើបាននាពេលខាងមុខ។

ទន្ទឹមនឹងនេះ សម្តេច បានថ្លែងអំណរគុណ លោក Nicolayដែលបានជួយរៀបចំ និងបង្កលក្ខណៈងាយស្រួលគ្រប់យ៉ាងក្នុងការនាំកសិផលកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី រួមទាំងការជួយជំរុញអោយភ្ញៀវទេសចរណ៍រុស្ស៊ីមកទស្សនាកម្ពុជាអោយបានច្រើនឡើង និងសូមបើកអោយមានការហោះហើរត្រង់ ពីរុស្ស៊ីមកកម្ពុជាផងដែរ។ កិច្ចប្រជុំរសៀលនេះបានបញ្ចប់ប្រកបទៅដោយលទ្ឋផលវិជ្ជមានជាច្រើន ប្រកបទៅដោយភាពស្និទ្ឋស្នាលបំផុត៕

 

សម្តេច ហ៊ុនសែន៖ស្នើ រុស្ស៊ី រួមគ្នាពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យណាមួយបន្ថែមទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់