(ភ្នំពេញ)៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្ត្រីជំនាញរៀបចំបែងចែកថវិកាបានមកពីការផាកវិន័យបទល្មើសចរាចរណ៍ ជូនឲ្យនគរបាលចរាចរណ៍ នាខែមីនា ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះ ប្រាក់រង្វាន់ដែល សម្តេច ស ខេង បានប្រកាសផ្តល់ជូន ៤.០០០រៀល ក្នុងមួយថ្ងៃ ក៏ត្រូវបានផ្តល់ជូន នៅក្នុងខែមីនាក្រោយនេះដែរ ដោយប្រាក់ពីរប្រភេទខាងលើ ត្រូវធ្វើឡើងបីខែម្ដង។ 

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈកម្មកា​រ​ពិធីការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្តីការក្រសួង​ នា​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៦ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់​កំណត់ថា សម្រាប់​ប្រាក់រង្វាន់​ដែល​បានមកពី​ការបង់ប្រាក់​ផាកពិន័យ​ពី​អ្នកធ្វើដំណើរ​ល្មើសច្បាប់​ចរាចរណ៍ និង ប្រាក់រង្វាន់​ដែល​សម្តេច ស ខេង បាន​សន្យា​ផ្តល់ជូន​កងកម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ល្បាត ៤.០០០រៀល ក្នុង​មួយថ្ងៃ គឺត្រូវធ្វើ​ការបែងចែក ប្រគល់​ជូនឲ្យ​កងកម្លាំង​នគរបាល​ចរាចរណ៍ ដែល​បាន​បំពេញភារកិច្ច​នោះ គឺ​ត្រូវធ្វើឡើងនាខែមីនា ឆ្នាំ២០១៦នេះ ​រៀងរាល់​បី​ខែម្តង ។

សម្រាប់​ការបែងចែក​ប្រាក់​ផាកពិន័យ​ពីបទ​ល្មើសច្បាប់​ចរាចរណ៍ ត្រូវបាន​គេ​ដឹងថា ប្រាក់​ផាកពិន័យ​៥​ភាគរយ នឹងត្រូវបាន​បែងចែក ដាក់​ចូលទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ, ហើយ​នៅសល់​ប្រាក់​ផាកពិន័យ​៩៥​ភាគរយ​ទៀត គឺ​ត្រូវបាន​បែងចែក ជូន​ដល់​កងកម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ប្រចាំការ​នៅតាម​ដងផ្លូវ​ចំនួន ៧០​ភាគរយ និង ជូន​អង្គភាព​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង​២៥​ភាគរយ ។ សម្តេច​ ស ខេង មានប្រសាសន៍ថា សម្រាប់​គ្រប់​ប្រាក់រង្វាន់ ដែល​គេ​បាន​បែងចែក​នោះ នឹងត្រូវ​បានរៀបចំ​ដាក់បញ្ចូល​នៅក្នុង​លេខ គណនី​ធនាគារ​របស់​កងកម្លាំង​នគរបាល​ចរាចរណ៍​នីមួយៗ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅ​ទូទាំងប្រទេស​ ​មានកងកម្លាំង​នគរបាល​ចរាចរណ៍​ប្រមាណ​ពី ២៨០០ ទៅ ៣០០០ នាក់ សម្រាប់​ចាត់វិធានការ​ឲ្យ​ប្រជាជន​អ្នកធ្វើដំណើរ​ទាំងអស់​អនុវត្ត​ច្បាប់ចរាចរណ៍។ សម្រាប់​ប្រាក់​ផាកពិន័យ​ដែល​ទទួល​បាន​ពិន័យ​ទៅ​បង់​នៅតាមបណ្តា​ប៉ុស្តិ៍នគរបាល និង​កន្លែង​ផ្សេងៗ​ទៀត មកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែកុម្ភៈ​នេះ គឺ​ទទួលបាន​ប្រមាណ​ជាង ៧៣៧​លាន​រៀល ដោយឡែក​បើ​គិត​ការចាប់​ផាកពិន័យ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ២០១៦ រហូតមកដល់​ពេលនេះ គឺ​បាន​ប្រមាណ​ជាង ៣៨៤១​លាន​រៀល ។

ទន្ទឹមនឹងនេះ មកដល់​សប្តាហ៍​ទី​៣ ក្នុង​ខែកុម្ភៈ​នេះ​ គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង ៧៣​លើក ថយចុះ​១៩​លើក បើ​ប្រៀបធៀប​នឹង​ខែមករា ។ បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​នោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣០ នាក់ ថយចុះ ១៩​នាក់ និង បង្ក​ឲ្យ​មាន​របួស ១០៥ នាក់ ថយចុះ ៤៨​ភាគរយ ។ កត្តា​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ កើតឡើង​ច្រើនជាងគេ គឺ មានការ​បើកបរ​ហួស​ល្បឿន​កំណត់​មាន ៣៨​ភាគរយ , គ្រោះថ្នាក់​គ្រឿង​ស្រវឹង ១២​ភាគរយ , បត់​ខុស ១៥​ភាគរយ ក្រៅពីនេះ គឺ​កើត​ដោយសារ​ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរ​សិទ្ធិ​អាទិភាព កត្តា​យានយន្ត និង​ងងុយដេក ។ ក្នុងចំណោម​គ្រោះថ្នាក់ ចរាចរណ៍​ទាំងអស់ គឺ​បាន​កើតមាន​នៅពេល​ថ្ងៃ​មាន ៥៥​ភាគរយ និង​កើត​នៅពេល​យប់ ៤៥​ភាគរយ ៕​

 

 

 

សម្តេច ស ខេង បញ្ជាឲ្យមន្ត្រីជំនាញរៀបចំបែងចែកថវិកាបានមកពីការផាកវិន័យ ជូនឲ្យនគរបាលចរាចរណ៍ក្នុងខែមីនា ដែលត្រូវធ្វើឡើងបីខែម្ដង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់