នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន សែន បានស្នើដល់រដ្ឋាភិបាល ចិន ជួយពិនិត្យនិងសម្រេចអោយបានឆាប់លើគម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និង គម្រោងសាងសង់មន្ទីរពេទ្យចំនួនពីរ និងវិទ្យាស្ថានធនធានទឹក ដែល ចិនបានសម្រេចរួចហើយព្រមទាំងការសាងសង់ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅក្រុង ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្ត សៀមរាបផងដែរ។ 

កាលពីរសៀលថ្ងៃទី ២៣ មីនា សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបពិភាក្សាការងារនៅក្នុងជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីចិនលោក លី ឃឹឈាង( Li Keqiang ) ដើម្បីពង្រឹងមិត្ត ភាព និងសហប្រតិបត្តិការក្នុងនាមជាដៃគូយុទ្ឋសាស្រ្ត។ ក្នុងនោះ សម្តេច ក៏បានស្នើឪ្យ ចិន ជួយពិនិត្យនិងសម្រេចអោយបានឆាប់លើគម្រោងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ និង គម្រោងសាងសង់មន្ទីរពេទ្យចំនួន2 និងវិទ្យាស្ថានធនធានទឹក ដែលមិត្តចិនបានសម្រេចរួចហើយ។

ទន្ទឹមនិងនេះ សម្តេច ហ៊ុន សែន បានស្នើសុំអោយ ចិនជួយក្នុងការសាងសង់ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅក្រុង ព្រះសីហនុ និងព្រលានយន្តហោះថ្មីនៅខេត្ត សៀមរាប។ ដែលចិនបានគាំទ្រដល់សំណើទាំងអស់ដែល បានលើកឡើងដោយ សម្តេច ហើយនឹងពិនិត្យ លើឯកសារអោយបានរហ័សដើម្បីគម្រោងទាំងអស់នេះចាប់ដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខ។

សម្តេច ហ៊ុន សែនក៏ បញ្ជាក់នូការពេញចិត្តចំពោះការជួយជ្រោមជ្រែងពី ចិន ហើយសម្ដេចសង្ឃឹមយ៉ាងមុតមាំថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៥០០០លានដុល្លារ នៅឆ្នាំ ២០១៧។ ក្នុងនោះដែរ សម្តេច បានស្នើអោយមិត្តចិនជួយផ្តល់លទ្ឋភាពអោយបានទូលាយក្នុងការនាំផលិតផលកសិកម្ម ជាពិសេសអង្ករពីកម្ពុជាមកប្រទេសចិន។

លោកនាយករដ្ឋមន្រ្តីចិន ​លី ឃឹឈាង( Li Keqiang )  បានសន្យានឹងជួយគៀងគរជំរុញអ្នកវិនិយោគទុនចិនអោយទៅបណ្តាក់ទុននៅកម្ពុជា រួមទាំងការតម្លើងរោងចក្រប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីកម្ពុជាមានលទ្ឋភាពផលិតតាមស្តង់ដារនិងគុណភាពអន្តរជាតិសម្រាប់នាំចេញទៅកាន់ប្រទេសចិន និងបណ្តាប្រទេសនានាក្នុងពិភពលោកបាន។ ជាមួយគ្នានេះដែរ សម្តេច ក៏បានស្នើអោយភាគីចិនបង្កើនការចូលរួមជួយកម្ពុជាក្នុងការអភិរក្សថែរក្សានិងជួសជុលប្រាសាទព្រះវិហារអោយបានល្អគងវង្ស ដែលភាគីចិនរីករាយពេញចិត្តក្នុងការបន្តជួយកម្ពុជាជានិច្ច។

សូមបញ្ជាក់តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន ក្នុងការទស្សនៈកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីចិនលី ឃឹឈាង( Li Keqiang )  នឹងជម្រាបប្រាប់សម្តេចអំពីពេលវេលាសមស្របនៅក្នុងឆ្នាំ២០១៦។ ហើយកិច្ចប្រជុំទ្វេភាគីរវាង កម្ពុជាជាមួយ ចិននាឪកាសនោះគឺបានទទួលនូវលទ្ឋផលវិជ្ជមានជាច្រើន ប្រកបដោយមិត្តភាព ។

 

សម្តេច ប្រមុខរដ្ឋាភិបាល ស្នើឪ្យចិនជួយពិនិត្យនិងសម្រេច លើគម្រោងដែល ចិនបានសម្រេចរួចហើយអោយបានឆាប់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់