សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃនេះ បានលើកឡើងថា ក្នុងចំណោមគ្រូពេទ្យ១០០នាក់ មិនមែនមាន៩៩នាក់គឺគ្រូពេទ្យអាក្រក់នោះ គឺនៅមានគ្រូពេទ្យជាច្រើនទៀតដែលល្អ។ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាពេលព្រឹក ថ្ងៃទី២៩ ខែកុម្ភៈនេះ។

ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺបន្ទាប់ពីមាន បុគ្គលមួយចំនួន អះអាងថា ក្នុងចំណោមគ្រូពេទ្យ១០០នាក់ មានគ្រូពេទ្យ៩៩ នាក់ ដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងគ្មានក្រមសីលធម៌។យ៉ាងណាក៏ដោយ សម្តេចហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា តែលោកនៅតែទទួលស្គាល់ថា គ្រូពេទ្យមួយចំនួន ដែលគ្មានក្រមសីលធម៌ និងខ្វះវិជ្ជាជីវៈ ពិតជាមានមែន។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចំអកក្រៅពីមិនពេញចិត្តចំពោះការវាយប្រហារបែបនេះ ឲ្យអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ប្រព័ន្ធសុខាភិបាល ត្រូវធ្វើបដិវត្ត ទើបល្អប្រសើរ មិនមែនធ្វើកំណែទម្រង់ឡើយ។ នាយករដ្ឋមន្ត្រីរូបនេះ បន្តថា អ្នកវិភាគទាំងនោះ ចេះតែបន្ទរពីក្រោយខ្នងគេ ដោយខ្លួនឯងគ្មានជំនាញផ្នែកវិជ្ជសាស្ត្រនេះ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ លោក គួច ម៉េងលី ដែលមានងារជាឧកញ៉ា និងជាប្រធានក្រុមហ៊ុនមួយនៅស្រុកខ្មែ ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តីយកមកចុះផ្សាយ កាលពីថ្ងៃទី៨ ខែមករា ក្នុងអត្ថបទមួយក្រោមចំណងជើងថា “ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌”។ ដោយក្នុងនោះកាសែតបានដកស្រង់សម្តីលោកម៉េងលីថា វិស័យសុខាភិបាលយើងបើលោកឲ្យពិន្ទុពី១ដល់១០លោកឲ្យ២ពិន្ទុ។
បន្ទាប់ពីការចុះផ្សាយរបស់កាសែតនេះ គណៈវិជ្ជាជីវៈសុខាភិបាល ក៏បានចេញលិខិត មួយនៅថ្ងៃទី១៤ មករា ជម្រាបលោក គួច ម៉េងលី ដោយសុំឲ្យមានការកៃតម្រូវអត្ថបទនោះ។ គណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជាក៏បានចាត់ទុកការលើកឡើងរបស់លោកឧកញ៉ារូបនេះថា ជាការវាយតម្លៃគ្មានមូលដ្ឋាន គ្មានវិជ្ជាជីវៈ គ្មានការទទួលខុសត្រូវ និងមានចរិតបំផ្លើស បន្ទោសបង្អាប់ ដែលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់គ្រូពេទ្យ ហើយសុំឲ្យលោកគួច ម៉េងលី សុំទោសជាសាធារណៈជាចាំបាច់។

សម្តេចហ៊ុន សែន ថា មិនមែនគ្រូពេទ្យទាំងអស់សុទ្ធតែអាក្រក់នោះទេ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់