សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញពេលរថយន្តខ្នាតយក្សដឹកសណ្តោងលើសកំណត់តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន។ តើហេតុអីបានជាមើលមិនឃើញ?ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺចង់សំដៅទៅដល់សមត្ថកិច្ចដែលប្រចាំការនៅស្ថានអ្នកលឿង ហេតុអ្វីមិនមើល ហើយបណ្តែតបណ្តោយឲ្យរថយន្តមួយគ្រឿងដឹកទំនិញប្រមាណជា៧០តោន បើកឆ្លងកាត់ស្ពានអ្នកលឿង។

សំណេរនៅទៅលើទំព័រហ្វេសប៊ុក របស់សម្តេចហ៊ុន សែន មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ក្នុងប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញមានគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តតូចធំ រួមទាំងរថយន្តសណ្តោងខ្នាតដឹកទំនិញយក្សលើសកំណត់ ដូចជាករណីជាក់ស្តែងរថយន្តសណ្តោងដឹកទំនិញឆ្លងស្ពានអ្នកលឿងដែលបានបណ្តាលអោយខូចខាតដោយអន្លើកាលពីពេលថ្មីៗនេះ។ ទម្ងន់បែបនេះអាចនឹងកំទេចស្ពាន បើបណ្តោយអោយឆ្លងកាត់រាល់ថ្ងៃ។ អាជ្ញាធរ និងសមត្ថកិច្ចប្រាកដជាបានឃើញពេលរថយន្តខ្នាតយក្សដឹកសណ្តោងលើសកំណត់តោន ជាពិសេសសមត្ថកិច្ចដែលយាមនៅគល់ស្ពាន។ តើហេតុអីបានជាមើលមិនឃើញ? ទន្ទឹមនិងនេះដែរ កាលពីម្សិលមិញក៏មានរថយន្តដឹកដីខ្នាតធំបើកបរបុកម៉ូតូយុវសិស្សបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតទៀតផង។

ទម្លាប់ជនល្មើសទាំងអស់នេះ ក្រៅអំពីការមិនគោរពច្បាប់ក្រោយពីបង្កគ្រោះថ្នាក់ហើយ គឺរត់គេចខ្លួន។ ទម្លាប់អាក្រក់គ្មានការទទួលខុសត្រូវ ទាំងអ្នកបើកបរ ទាំងក្រុមហ៊ុន គឺមិនអាចអោយរួចខ្លួនតទៅទៀតបានឡើយ។ ក្រសួង អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ត្រូវចាត់វិធានការតឹងរឹងហ្មឺងហ្មាត់បំផុត ដើម្បីអោយមានការគោរពច្បាប់គ្រប់ៗគ្នា ដែលធានាបាននូវសុវត្ថិភាពខ្ពស់ដល់ពលរដ្ឋអ្នកធ្វើដំណើរទូទៅ និងធានាបាននូវការថែរក្សាគុណភាពស្ពានថ្នល់ប្រើប្រាស់បានគង់វង្សយូរអង្វែង។

សូមបងប្អូនប្រជាពលរដ្ឋបើកបរគោរពច្បាប់ចរាចរណ៌ ជាពិសេសក្រុមហ៊ុនដឹកអ្នកដំណើរទូទៅ និង ក្រុមហ៊ុនដឹកទំនិញដែលប្រើប្រាស់រថយន្តសណ្តោងតូចធំ ត្រូវតែគោរពច្បាប់ ដឹកទំនិញកំណត់គីឡូអោយបានត្រឹមត្រូវ រួមទាំងការពិនិត្យសំបកកង់ និងគ្រឿងម៉ាស៊ីនអោយបានល្អ ចៀសវាងគ្រោះថ្នាក់កើតឡើង។ ក្រុមមន្រ្តីជញ្ជីងត្រូវបើកភ្នែកមើលអោយឃើញអ្វីដែលកំពុងបំផ្លាញផ្លូវថ្នល់ និងសុវត្ថិភាពសាធារណៈ ព្រោះត្រូវទទួលទោសដូចគ្នា៕

សម្តេចហ៊ុន សែន ឆ្ងល់ថាមូលហេតុអ្វីបានជាសមត្ថកិច្ចដែលយាមនៅគល់ស្ពានអ្នកលឿងបណ្តោយឲ្យរថយន្តដឹកលើសចំណុះបើកឆ្លងកាត់ស្ពានអ្នកលឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់