សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃចន្ទនេះ បានបញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋាន និងមន្រ្តីមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់បង្កើនការវាយបង្រ្កាប ក្រុមចោរប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ប្រជាពលរដ្ឋយ៉ាងសាហាវនាពេលថ្មីៗនេះ បន្ថែមពីនេះប្រមុខរដ្ឋាភិបាល  ក៏បានជំរុញឲ្យក្រសួងយុត្តិធម៌ ពិនិត្យលើការដោះលែងឧក្រិដ្ឋជន  ដោយហេតុថា ជាក្រុមចោរប្លន់ មុខដដែល ដែលទើបតែត្រូវបានគេដោះលែង។

ការដាក់បទបញ្ជាជាថ្មីរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយការបញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុដុមនីយកម្មនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ។

ក្នុង​កិច្ចប្រជុំ ស្តីពី ការផ្សព្វផ្សាយ​ទស្សនទាន​សីលធម៌​សាសនា ដើម្បី​សុខដុម​នីយកម្ម នៅ​កម្ពុជា ក្នុង​ទិវា​សកម្មភាព​សាសនា ដើម្បី​កុមារ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ សម្តេច​ ហ៊ុនសែន បានប្រកាស ដាក់​បញ្ជា​ផ្ទាល់មាត់​ជាថ្មីទៀត ឲ្យ​អាជ្ញាធរ ប៉េអឹម ប៉ូលិស និង​ទាហាន​គ្រប់​ជាន់ថ្នាក់ នៅ​ទូទាំងប្រទេស ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន បើក​ប្រតិបត្តិការ វាយ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ចោរប្លន់ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​។​

​សម្តេច​ ហ៊ុន សែន បានដាក់​បទបញ្ជា​ដូច្នេះ ដោយយោង​លើ​សភាពការណ៍​សន្តិសុខ នៅ​ទូទាំងប្រទេស ដោយសារតែ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​អំពើ​ប្លន់​ទ្រព្យសម្បត្តិ​ប្លន់​ម៉ូតូ បាន​កើតឡើង​យ៉ាងខ្លាំង នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត ដូចជា នៅ​បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកណ្តាល ជាដើម​។​

​សម្តេច​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យ​លើ​ការដោះលែង​ឧក្រិដ្ឋជន ព្រោះ​បើតាម​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ក្រុមចោរប្លន់​ម៉ូតូ ដែល​ប៉េ​អ៊ឹម បង្ក្រាប​កាលពី​ថ្ងៃទី​១១ ខែធ្នូ នៅ​រាជធានី​ភ្នំពេញ ជា​ក្រុមចោរប្លន់ មានមុខ​ដដែល ហើយ​មាន​សេចក្តីរាយការណ៍​ថា ជនឧក្រិដ្ឋ ២ នាក់ ទើបតែ​ត្រូវបាន​គេ​ដោះលែង​ចេញពី​គុក​។

គួរបញ្ជាក់ថា ថ្មីៗនេះ មានករណីភ្ជង់ប្លន់ នៅកន្លែងមួយចំនួន ទាំងនៅ​រាជធានី​ភ្នំពេញ និងតាមបណ្ដាខេត្ត។

ក្នុងនោះករណី៤ ផ្សេងគ្នា គួរឲ្យកត់សម្គាល់ ដូចជា ករណីប្លន់យកម៉ូតូ C125 ស៊េរីឆ្នាំ២០១៥ មួយគ្រឿងយ៉ាងសាហាវ នៅព្រឹកព្រលឹម ម៉ោង៥៖៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥​ ​នា​វេលា​​ម៉ោង​ជិត​​៧​យប់ ដោយ​ក្រុម​ចោរ​មួយ​ក្រុម​បាន​ចូល​បាញ់​ប្លន់​សម្លាប់​យក​លុយ និង​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​ម្ចាស់​ហាង​រកស៊ី និង​ផ្ទេរ​ប្រាក់ Wingមួយ​ឈ្មោះ ធា  ​ដែល​ស្ថិត​នៅ​ខាង​កើត​វត្ត​ស្តុក ភូមិ​ស្តុក ឃុំ​បន្ទះ​រូង ស្រុក​ភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់។​ ករណី​​ក្រុម​ចោរ​បាញ់​​ប្លន់​យក​គ្រឿង​អលង្ការ និង​លុយ​អស់​៤​កេស​ពី​ ​អាជីវករ​​លក់​មាស នៅ​ផ្សារ​ណាត់ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ និងករណី ​ជន​សង្ស័យ​៦​នាក់ នា​​​ព្រលប់​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ជិះ​ម៉ូតូ​៣​គ្រឿង​អម​​នឹង​កាំ​ភ្លើង​២​ដើម បាន​ចេញ​ស្ទាក់​មក​បាញ់ និង​ប្លន់​ពី​ជនរងគ្រោះ​មួយ​គ្រួសារ ស្ថិត​នៅ​ភូមិ​អូរ​តាំ​គាំ​២ សង្កាត់​ទួល​តាឯក ខណៈ​ជន​រង​គ្រោះ បាន​បើក​រថយន្ត​ដឹក​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ពី​ផ្សារ​មក​ផ្ទះ៕

សម្តេចហ៊ុនសែន ជំរុញឲ្យក្រសួងយុត្តិធម៌ ពិនិត្យលើការដោះលែងឧក្រិដ្ឋជន និងដាក់បញ្ជាឲ្យលាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋាន បង្កើនការវាយបង្រ្កាបក្រុមចោរប្រដាប់អាវុធ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់