(ភ្នំពេញ)៖ កាលថ្មីៗនេះ ពោលគឺកាលពីថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​អ៊ុំ សំអាន ​បាន​ផ្ញើលិខិត​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ប្រធានរដ្ឋសភា សម្តេច ​ហេង សំរិន ក្នុង​ការស្នើ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​កងទ័ព​វៀតណាម ដែល​កាន់កាប់ និង​បោះទីតាំង​មូលដ្ឋាន​យោធា លើ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​រតនគិរី​។ ក៏ប៉ុន្តែ​លិខិត​នេះ ត្រូវបាន​ប្រធាន​រដ្ឋសភា សម្តេច ​ហេង សំរិន បដិសេធ​មិន​បញ្ចូនទៅនាយក​​​រដ្ឋមន្ត្រី​​​​​​​ ​សម្តេច​ហ៊ុន សែន​ នោះឡើយ​។

​សូមបញ្ជាក់ថា ក្នុងលិខិត​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦ តំណាងរាស្ត្រលោក​អ៊ុំ សំអាន បាន​បញ្ជាក់​ប្រាប់​ដល់​ស​ម្តេច​ហ៊ុន សែន ថា៖ យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ខេ​ម​បូឌា ដេលី ចុះ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៥ បាន​ផ្សាយ​ថា ឯកសារ​ទាំងឡាយ ដែល​ទទួលបាន​ពី​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញ​ថា តាមរយៈ​ការលក់ដូរ និង​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ដែល​មាន​ទំហំ​៣៩.៥៨៤​ហិកតា ឥឡូវនេះ គ្រប់គ្រង​ដោយ​ពួក​មេបញ្ជាការ​កងពល​លេខ​១៥ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រូបនេះ លើកឡើងថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​ប្រហែល​៤០.០០០​ហិកតា នៅ​ខេត្ត​រតនគិរី និង​ការ​បោះទីតាំង​មូលដ្ឋាន​កងទ័ព​យោធា របស់​កងទ័ព​ប្រជាជន​វៀតណាម លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ជាកា​រំលោភ​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា “​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​”​។

តាមរយៈ​លិខិត​ដដែល​នេះ លោក​អ៊ុំ សំអាន ក៏បាន​សួរ​សម្តេច​នាយករដ្ឋមន្ត្រី​ដែរ​ថា តើ​ការបោះ​ទី​តាម​មូលដ្ឋាន​យោធា​របស់​កងទ័ព​ប្រជាជន​វៀតណាម លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី ជា​ព័ត៌មាន​ពិត​ឬទេ​? ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​? ដូច្នេះ​សូម​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មេត្តា​ពិនិត្យ​មើល​ឡើងវិញ​។​

តែយ៉ាងណា លិខិត​របស់តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​អ៊ុំ សំអាន ខាងលើ ​ត្រូវបាន​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា ​បដិសេធដោយ​មិន​បាន​ចារ​ចំណារ​បញ្ជូនទៅ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នោះឡើយ​៕

សម្តេចប្រធានរដ្ឋសភា បដិសេធបញ្ជូនសំណើររបស់តំណាងរាស្ត្រ អ៊ុំ សំអាន ទៅនាយករដ្ឋមន្ត្រី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់