សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានស្នើសុំឲ្យជប៉ុន ធ្វើយ៉ាងណាជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យ ឧស្សាហកម្មនៅកម្ពុជាដែលក្នុងនោះត្រូវបានសម្ដេចបញ្ជាក់ថាវិស័យ នេះមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានោះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ។ដែលការលើកឡើងរបស់សម្ដេចដូចច្នេះបានធ្វើឡើងក្នុងជំនួបជាមួយប្រតិភូជប៉ុនដែលដឹកនាំដោយប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុនយលោក ណារីអូ យ៉ាម៉ាហ្គូជី( Norio Yamaguchi) កាលពី ព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០១៦នៅវិមានសន្តិភាព។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែននៅថ្ងៃចន្ទទី០១ខែមិនាឆ្នាំ២០១៦បានឪ្យដឹងថាកាលពីព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០១៦នៅវិមានសន្តិភាពសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានអនុញាតអោយលោក ណារីអូ យ៉ាម៉ាហ្គូជី(Norio Yamaguchi )ប្រធានអង្គការ ផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាព ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះលោក ណារីអូ យ៉ាម៉ាហ្គូជី(Norio Yamaguchi) បានជម្រាបជូនសម្តេច ហ៊ុន សែន ថា អង្គការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌អាស៊ាន- ជប៉ុន នៃក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពនេះគឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមិនរកប្រាក់ចំនេញ និងមានអាយុកាលជាង៣០ឆ្នាំមកហើយ ដែលសុទ្ឋសឹងជាក្រុមពាណិជ្ជករ មកពីបណ្ដាក្រុមហ៊ុនប្រមាណជាង១០០០ក្រុមហ៊ុន ទិសដៅនៃអង្គការនេះ គឺដើម្បីជំរុញការយល់ដឹងផង និងជំរុញ ចំណងមិត្តភាពរវាងប្រទេសជប៉ុន និង បណ្តាប្រទេសទាំងឡាយនៅលើពិភពលោកផងដែរ។

សម្តេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះតួនាទីជប៉ុន ដែលបានជួយកម្ពុជាយើង ដំណាក់កាលស្វែងរកសន្តិភាព ក៏ដូចជាដំណាក់កាលកសាងប្រទេស ឈានដល់មានការអភិវឌ្ឍន៍រហូតដល់ពេលនេះ។ សម្តេច បានជម្រាបជូនដល់ប្រតិភូទាំងមូល អំពីដំណាក់កាលស្វែងរកសន្តិភាពរបស់កម្ពុជា និងដំណាក់កាលកសាងកម្ពុជាឡើងវិញ ហើយក៏បានជម្រាបជូនប្រតិភូអំពីវិធីសាស្ត្រដោះស្រាយបញ្ហា ដែលកម្ពុជាបានជួបកន្លងមក គឺធ្វើយ៉ាងណាថែរក្សាឲ្យខានតែបាននូវស្ថេរភាពនយោបាយផង និងស្ថេរភាពមាក្រូសេដ្ឋកិច្ចផង។

លើសពីនោះទៅទៀតសម្តេចហ៊ុសែន ក៏បានជម្រាបជូន ប្រតិភូទាំងមូល អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដែលពីដើមឡើយ គឺមានទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥឡូវនេះ បានកែប្រែមុំ គឺមនុស្ស ទឹក ផ្លូវ ភ្លើងវិញ។ ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីកំណែទម្រង់ជាអាទិភាព របស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងតែធ្វើ គឺមានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់និងតុលាការ កងកម្លាំងប្រដាប់អាវុធ ហើយក៏បានជម្រាបជូនអំពីនយោបាយថ្មីពីរ របស់រាជរដ្ឋាភិបាល នោះគឺជានយោបាយផលិតកម្មស្រូវ និងនាំចេញអង្ករ និងនយោបាយមួយទៀតគឺនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងមានទិសដៅទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគនៅកម្ពុជា ដោយប្រើប្រាស់ធនធាន ដែលកម្ពុជាមានស្រាប់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងន័យនេះសម្តេចក៏បានស្នើសុំឲ្យជប៉ុន ក៏ដូចជាប្រតិភូទាំងមូល ធ្វើយ៉ាងណាជួយជម្រុញ ឲ្យអ្នកវិនិយោគជប៉ុន ដើម្បីវិនិយោគលើវិស័យនេះ គឺមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជានោះទេ គឺសម្រាប់ទីផ្សារពិភពលោកទាំងមូលតែម្តង រួមទាំងទីផ្សារជប៉ុនផងដែរ៕

12802823_963761117005719_6699552976800953989_n

សម្តេចនាយករដ្ឋមន្រ្តីស្នើឪ្យជប៉ុន ជម្រុញអ្នកវិនិយោគជប៉ុន មកវិនិយោគលើវិស័យឧស្សាហកម្មនៅកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់