សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បានលើកឡើងថា ឃុំអមលាំងដែលស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺមានហេដ្ឋារចនាសម្ព័ន្ធស្ទើគ្រប់ចំនួនទៅហើយ ប៉ុន្តែអ្វីដែលជាកត្តាចាំបាច់នោះ គឺទឹកសម្រាប់ប្រើប្រាស់ដូច្នេះសម្តេច ជំរុញឱ្យក្រសួងពាក់ព័ន្ធ ដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅតំបន់នេះ។
ការលើកឡើងរបស់សម្តេចហ៊ុន សែន បែបនេះ គឺធ្វើឡើងនៅក្នុង ពិធីបញ្ចុះបឋមសីលាសាងសង់ «វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ» នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦។
សម្តេចហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថានៅតំបន់ដែលសាងសង់វិទ្យាស្ថាន នៅឃុំអមលាំងនេះ មានហេដ្ឋារចនាសម្ព័ន្ធស្ទើគ្រប់ចំនួន ដែលក្នុងនោះមានដូចជាផ្លូវថ្នល់ សាលារៀន និងអគ្គិសនី ប៉ុន្តែអ្វីដែលជាកត្តាចាំបាច់ដែរនោះ គឺទឹកសម្រាប់ប្រើប្រាស់ដូច្នេះសម្តេច ជំរុញឱ្យក្រសួងពាក់ព័ន្ធ ប្រញាប់ដោះស្រាយទឹកនៅតំបន់នេះ។

ក្រៅពីនេះសម្តេចហ៊ុន សែន ក៏បានរំលឹកពីដំណើរទស្សនកិច្ចរបស់ម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន ថា គិតចាប់ពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រីថៃ សិរិន ថន បានយាងទស្សនកិច្ចមកកម្ពុជា ចំនួន១៣លើករួចមកហើយ ដែលការយាងទស្សនកិច្ចនេះ គ្មានអ្វីក្រៅតែពីការជួយឧបត្ថម្ភដល់កម្ពុជា លើវិស័យអប់រំ និងសុខាភិបាល។

សូមបញ្ជាក់ថា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺមានទីតាំងស្ថិតនៅភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលត្រូវបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភរបស់ ម្ចាស់ក្សត្រិយ៍ថៃ មហាចក្រី សិរិនថន ។ វិទ្យាស្ថាននេះនឹងបណ្តុះបណ្តាល អ្នកជំនាញបច្ចេកទេសកម្រិតមធ្យម និងអ្នកបច្ចេកទេសកម្រិតឧត្តម ស្រាវជ្រាវ និងធ្វើសហប្រតិបត្តិការជាមួយគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ដែលក្នុងនោះរួមមាន ការបណ្តុះបណ្តាលនិស្សិតកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រលើមុខជំនាញវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី វិស្វកម្មអេឡិចត្រូនិច វិស្វកម្មមេកានិច វិស្វកម្មគីមីចំណីអាហារ វិទ្យាសាស្ត្រសត្វ វិទ្យា សាស្ត្រដំណាំ វិទ្យាសាស្ត្រកុំព្យូទ័រ កុំព្យូទ័រពាណិជ្ជកម្ម គ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ គ្រប់គ្រងធុរកិច្ច គណនេយ្យ និងឡូជីស្ទីក ។ វិទ្យាស្ថាននេះ មាន១១ដេប៉ាតឺម៉ង់ គឺដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល ដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី ដេប៉ាតឺម៉ង់អេឡិចត្រូនិច ដេប៉ាតឺម៉ង់វិស្វកម្មមេកានិច ដេប៉ាតឺម៉ង់វិស្វកម្មគីមីចំណីអាហារ ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រកុំព្យូទ័រ ដេប៉ាតឺម៉ង់ពាណិជ្ជកម្ម ដេប៉ាតឺម៉ង់បសុវប្បកម្ម ដេប៉ាតឺម៉ង់ក្សេត្រសាស្ត្រ ដេប៉ាតឺម៉ង់ទេសចរណ៍ និងសណ្ឋាគារ និងដេប៉ាតឺម៉ង់គ្រប់ គ្រងធុរកិច្ចជាដើម ។

សម្តេចនាយករដ្ឋមន្ត្រីប្រាប់ អាជ្ញាធរពាក់ព័ន្ធឲ្យដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋនៅឃុំអមលាំងនៃខេត្តកំពង់ស្ពឺ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Meng Ly

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់