(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នេះ សម្ដេច ហ៊ុន​ សែន បានបញ្ចេញសារអំពាវនាវឲ្យមនុស្សគ្រប់វ័យត្រូវឆ្លើយថា ទេនិងកុំខ្លាចគ្មានមនុស្សជាប់ពន្ឋធនាគារដោយសារគ្រឿងញៀន ដោយគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនបាននឹងកំពុងវាយលុកបំផ្លាញអនាគតរបស់យុវជនមួយចំនួន និងធ្វើឲ្យឪពុកម្ដាយរងទឹកភ្នែកដោយសារបញ្ហានេះ។

សម្ដេច ហ៊ុន សែន តាមរយៈ Page Facebook ផ្ទាល់ខ្លួន នៅព្រឹកព្រលឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះ បានលើកឡើងថា បញ្ហាគ្រឿងញៀនបានក្លាយជាប្រធានបទដ៏ធំរបស់ពិភពលោក របស់តំបន់ និងនៅតាមប្រទេសនីមួយៗ។ ដោយឡែក សម្រាប់កម្ពុជា គ្រឿងញៀនបាននឹងកំពុងវាយលុកបំផ្លាញអនាគត របស់យុវជន យុវនារីមួយចំនួន ដែលធ្វើអោយពួកគេក្លាយជាជនរងគ្រោះ បណ្តាលមកពីពួកឧក្រិដ្ឋជនដែលជួញដូរ និងចែកចាយគ្រឿងញៀន។

សម្ដេច ហ៊ុន សែន បន្តថា នៅក្នុងស្ថានភាពបែបនេះ បានដាក់អោយមាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាពជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅដែលរងគ្រោះដោយសារគ្រឿងញៀនទៅទៀត។ ដែល ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន គាត់ត្រូវអស់ប្រាក់កាសដោយសារកូន គាត់បាត់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅគម្រាមឪពុកម្តាយ និងបានវាយធ្វើបាបទារលុយទៅទិញគ្រឿងញៀន ។ល។

យ៉ាងណាក៏ដោយ បើតាមសម្ដេច ហ៊ុន សែន លើកឡើងបន្តថា អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀន និងមានវិធានការអប់រំផង និងវិធានការផ្លូវច្បាប់ផង ដែលមានការចាប់ខ្លួនបញ្ជូនទៅតុលាការសម្រាប់អ្នកជួញដូរ និងចែកចាយគ្រៀងញៀន និងរៀបចំមណ្ឌលដើម្បីធ្វើនីតិសម្បទារអ្នកដែលញៀនគ្រឿងញៀន។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា សម្ដេចនិងភរិយា បានចូលរួមផ្គត់ផ្គង់ថវិកាប្រចាំខែសម្រាប់មជ្ឈមណ្ឌល៣ គឺ២ នៅបាត់ដំបង និង ១ នៅបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនដល់អ្នកញៀនគ្រឿងញៀន។

តែយ៉ាងណា បើតាមសម្ដេច ហ៊ុន សែន យល់ថា វិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ច និងពីតុលាការ រហូតពន្ឋនាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះ និងដើម្បីធានាប្រសិទ្ឋិភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវនិយាយថា “ទេ” បដិសេធន៍គ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។ សម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា កុំបារម្ភថាខ្លាចសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនគ្មានការងារធ្វើ ឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿងញៀនកាត់ក្តី និងខ្លាចមនុស្សជាប់ពន្ឋធនាគារដោយសារគ្រឿងញៀន។

បន្ថែមពីនេះ តាមរយៈសារលើ Page Facebook ផ្ទាល់ខ្លួន សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់យុវជន អាណាព្យាបាល គ្រូ សាស្រ្តាចារ្យតាមសាលារៀន ព្រះសង្ឃ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ក៏ដូចអ្នកលេងបណ្ដាញសង្គមហ្វេសបុក អាចចូលរួមចំណែក Comments អប់រំផ្សព្វផ្សាយ ពីផលប់ះពាល់នៃបញ្ហាគ្រឿងញៀននេះ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងពីទំព័រហ្វេសបុករបស់សម្ដេច ហ៊ុន សែន៖

Capture

សម្ដេច ហ៊ុន សែន អំពាវនាវឲ្យមនុស្សគ្រប់វ័យត្រូវឆ្លើយថា “ទេ” និងកុំខ្លាចគ្មានមនុស្សជាប់ពន្ឋធនាគារដោយសារគ្រឿងញៀន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់