សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្ដល់ថវិការឧបត្ថម្ភដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង៣៦រូប ម្នាក់ៗ១០០០ដុល្លា សរុបទាំងអស់៣៦០០០ដុល្លា បន្ទាប់ពីក្រុមកីឡាករបាល់ទាត់ Cambodia All Star របស់កម្ពុជា ​បាន​យក​ឈ្នះ​ជើង​ខ្លាំងថៃ Buriram United នា​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ក្នុងលទ្ធផល៦ទល់នឹង៥។

ក្រៅពី​ការកោត​សរសើរ និងអបអរសាទរដល់កីឡាករបាល់ទាត់កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​បន្ថែមនៅ​លើ​ Comment ក្នុងហ្វេសប៊ុក​របស់​ខ្លួនថា សម្តេច​ផ្តល់​ជូន​ថវិកា​ឧបត្ថម្ភ​ចំនួន​៣៦០០០​ដុល្លារអាមេរិក​ ដល់​កីឡករ និង​ក្រុមគ្រូបង្វឹក​នៃក្រុម Cambodia All Stars ដែល​បាន​យក​ឈ្នះ​ជើង​ខ្លាំងថៃ Buriram United ក្នុងជំនួប​មិត្ត​ភាព​ដើម្បី​សប្បុរសធម៌ និង​ការរឹតចំណង​មិត្ត​ភាព​ខ្មែរ​-ថៃ នា​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខៀវ សាមេត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ឲ្យដឹងថា ក្រោយជ័យជម្នះរបស់ Cambodian All Stars តែប៉ុន្មាននាទី សម្តេច ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងកីឡាករម្នាក់ៗ ១០០០ដុល្លារ។ លោក ខៀវ សាមេត បញ្ជាក់ថា នៅក្នុងក្រុម Cambodian All Stars ទាំងថ្នាក់ដឹកនាំ និង ក្រុមកីឡាករ សរុប ៣៦រូប ដូច្នេះទឹកប្រាក់ ដែលផ្តល់ជូនសរុបស្មើប្រមាណ ៣៦០០០ដុល្លារ។

សូមបញ្ជាក់ថា ​ក្រោយពី​បញ្ចប់​ការប្រកួត​ពីរតង់ រយៈពេល ៩០ នាទី ដោយ​លទ្ធផល ២ ទល់នឹង ២ រួចមក គឺ​ក្រុមបាល់ទាត់ Cambodia All Star របស់​កម្ពុជា បាន​យកឈ្នះ Buriram United របស់​ថៃ ដោយ​ទាត់​បាល់​ប៉េ​ណាំង​ទី ៤ ទល់នឹង ៣​ ដែលធ្វើឲ្យក្រុមកីឡាករបាល់ទាត់ Cambodia All Star របស់កម្ពុជា បានយកឈ្នះជើងខ្លាំងថៃ Buriram United នាល្ងាចថ្ងៃទី២៣ ខែមករា ក្នុងលទ្ធផល៦ទល់នឹង៥។ នេះ​ជា​ព្រឹត្តិការណ៍​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ នា​ព្រលប់​ថ្ងៃទី​២៣​មករា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។​

ក្រុមបាល់ទាត់​ថៃ Buriram United បាន​នាំមុខ​ក្រុមបាល់ទាត់​កម្ពុជា Cambodia All Star ១ ទល់នឹង ០ នៅ​ម៉ោង​បន្ថែម ចុង​តង់​ទី​១​។ ចូលដល់​តង់​ទី​២ នៅ​នាទី​ទី​៦៥ Cambodia All Star បាន​តាម​ស្មើ ១ ទល់នឹង ១​។ ក៏ប៉ុន្តែ​រហូតដល់​នាទី​ទី ៨៣ Buriram United បាន​ថែម​មួយ​គ្រាប់ នាំមុខ Cambodia All Star ២ ទល់នឹង ១​។ ប៉ុន្តែ​រហូតដល់​នាទី​ទី​៩០ ចាន់ វ​ឌ្ឍា​នា របស់ Cambodia All Star បាន​ស៊ុត​បញ្ចូល​ទី​របស់ Buriram United នាំ​ឲ្យ​លទ្ធផល ២​ទល់នឹង ២​។​

​ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់ ក្នុង​ក្របខណ្ឌ​មិត្តភាព​កម្ពុជា​ថៃ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ នៅ​យប់​ថ្ងៃសៅរ៍យប់មិញ ក៏មាន​ការចូលរួម​ពី​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ផងដែរ​។ ការប្រកួត​បាល់ទាត់​មិត្តភាព​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ក្នុងស្រុកមួយចំនួន​ ខណៈមានអ្នកចូលរួមទស្សនាផ្ទាល់​ពេញ​ស្តា​ត​អូឡាំពិក មាន​ចំនួន​មិនតិចជាង៥ម៉ឺន​នាក់​នោះទេ ហើយស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពងពេញពហុកីឡដ្ឋានជាតិអូរឡាំពិក។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល ៤ ទល់នឹង ៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម SCG Muangthong United ជា​ក្រុម​បាល់ទាត់ ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម Buriram United៕​

សម្ដេច ហ៊ុន សែន ផ្ដល់ថវិការឧបត្ថម្ភសរុប៣៦០០០ដុល្លាដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង៣៦រូប ក្រោយទទួលជ័យជម្នះលើក្រុមថៃ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់