(ភ្នំពេញ)៖ សម្ដេច ហ៊ុន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា បានប្រកាសយកឈើដែលរឹបអូសបានពីបទល្មើសទាំងអស់ ប្រគល់ឲ្យក្រសួងអប់រំ សម្រាប់ចាត់ចែងកសាងសាលារៀន សម្ភារៈប្រើប្រាស់ក្នុងសាលា រួមទាំងធ្វើផ្ទះឱ្យគ្រូបង្រៀន ផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ប្រមុខរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនូវសារសំខាន់ៗមួយចំនួន ទាក់ទឹងនឹងព្រៃឈើ, និងវិស័យអប់រំ ផងដែរ។

សម្តេច ហ៊ុន សែន បានប្រកាសផ្តល់ឈើដែលរឹបអូសបានទាំងអស់ ជូនក្រសួងអប់រំ ដើម្បីយកទៅប្រើប្រាស់កសាងសាលារៀន និងសម្ភារៈប្រើប្រាស់ក្នុងសាលា រួមទាំងធ្វើផ្ទះឱ្យគ្រូបង្រៀនផងដែរ។ សម្តេចថា ឈើដែលកម្លាំងរបស់នាយឧត្តមសេនីយ៍ សៅ សុខា រឹបអូសបានរយៈពេលប៉ុន្មានខែមកនោះ មានពី៣ទៅ៤ម៉ឺនម៉ែតគូប។ ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច កុំកាត់លុយក្រសួងអប់រំ ចំពោះថ្លៃឈើដែលរើបអូសបានឱ្យសោះ។ ហើយ ក៏បានជំរុញឱ្យ ក្រសួងយុត្តិធម៌ធ្វើយ៉ាងណា ជំរុញឱ្យតុលាការពន្លឿននីតិវិធី កាត់ក្តីរឿងព្រៃឈើទាំងនោះ ដើម្បីយកឈើប្រគល់ជូនក្រសួងអប់រំឱ្យបានលឿនបំផុត។

សូមបញ្ជាក់ថា ក្រសួង​អប់រំ បានរៀបចំ​ប្រារព្ធ​សន្និបាត​បូកសរុប​ការងារ​រយៈពេល៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់ទី៣១ ខែមីនា ​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​វាយតម្លៃ​លទ្ធផល ការងារ​អប់រំ យុវជន និង​កីឡា ក្នុង​ឆ្នាំ​សិក្សា២០១៤-១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា២០១៥-១៦។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា អង្គសន្និបាទនេះ ពិតជាមានសារសំខាន់ សំរាប់វិស័យអប់រំ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ អោយមានការរីកចម្រើន។ សម្តេច បានលើកទឹកចិត្តអោយក្រសួងអប់រំ យុវជន និងកីឡា បន្តពង្រឹងវិស័យអប់រំនេះបន្ថែមទៀត ជាពិសេសត្រូវអនុវត្តតាមផែនការយុទ្ឋសាស្ត្រ សំរាប់ឆ្នាំបន្ទាប់ ដែលរាជរដ្ឋាភិបាលបានដាក់អោយ។

ចំពោះបញ្ហាដែលក្រសួងអប់រំបានលើកឡើង ជុំវិញភាពយឺតយ៉ាវក្នុងការតែងតាំងនាយកសាលាពីកម្រិតបឋម ដល់វិទ្យាល័យ នាពេលកន្លងមក សម្តេច ហ៊ុន សែន បានសម្រេចថា ចាប់ពីពេលនេះតទៅ សម្រាប់តំណែងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យ បើក្នុងរយៈពេល១ខែមិនទាន់មានការ តែងតាំងពីថ្នាក់ក្រោមជាតិទេ រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ត្រូវតែងតាំងដោយខ្លួនឯង ដើម្បីឲ្យមានភាពងាយស្រួល។

មុននឹងបិទបញ្ចប់នៃអង្គសន្និបាតរបស់ក្រសួងអប់រំ នារសៀលថ្ងៃម្សិលមិញ​ សម្តេច ហ៊ុន សែន បានអញ្ជើញផ្តល់ពានរង្វាន់ដល់គ្រូឆ្នើមមួយចំនួន ដែលបានបំពេញការងារលើផ្នែកអប់រំបានល្អប្រសើរ។ សម្តេច ក៏បានលើកឡើងជាសារថ្មីអំពីរឿងប្រាក់ខែគ្រូបង្រៀន ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នា២០១៦នេះតទៅ ប្រាក់ខែសម្រាប់គ្រូមត្តេយ្យ និងគ្រូបឋមសិក្សា នឹងឡើងដល់៨០ម៉ឺនរៀល (២០០ដុល្លារ)៕

 

សម្ដេច ហ៊ុន សែន ប្រកាសយកឈើដែលរឹបអូសបានពីបទល្មើស ប្រគល់ឲ្យក្រសួងអប់រំសម្រាប់កសាងសាលារៀន, ផ្ទះគ្រូ …

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់