(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន  នៅព្រឹកថ្ងៃអង្ការនេះ បានព្រមានឱ្យសមត្ថកិច្ចចាប់ខ្លួនជនទាំងឡាយ ដែលក្នុងនោះមានទាំងតំណាងរាស្រ្ត មន្រ្តីរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា​ មន្រ្តីអង្គការសង្គមស៊ីវិល បើសិនជាហ៊ានដើរនិយាយឃោសនាថា រាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ។

គួរកត់សម្គាល់ថា ការព្រមានជាថ្មីរបស់សម្តេច ហ៊ុន សែន ពេលនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួន លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការនិយាយរឿងផែនទីក្លែងក្លាយ និងក្លែងឯកសារព្រំដែន ហើយរដ្ឋសភា នឹងបោះឆ្នោតអនុម័ត ឱ្យតុលាការផ្អាក ឬបន្តការអនុវត្តនីតិវិធីលើលោក អ៊ុំ សំអាន នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ។

ក្នុងពិធីសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន នៅឃុំបល្ល័ង្ក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី បានប្រកាស សម្តេចនឹងមិនបោះឆ្នោតគាំទ្រឱ្យមានការផ្អាកនីតិវិធីរបស់តុលាការលើ លោក អ៊ុំ សំអាន នោះទេ ដោយសារតែលោក បានញុះញុងក្នុងរឿងព្រំដែននេះ។ សម្តេច ថា សម្តេចនឹងជំរុញឱ្យតុលាការបន្តនីតិវិធីរបស់ខ្លួនបន្តទៀត។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិកមកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួន នៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង។

ទោះជាយ៉ាងណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងថារដ្ឋសភាធ្វើការងាមិនច្បាស់លាស់ ករណីអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដោយចាត់ទុកថារដ្ឋសភានឹងខូចឈ្មោះ ប្រសិនបើចាត់ទុកករណីចាប់ខ្លួនលោក អ៊ុំ សំអាន ស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថាគណបក្សនឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍និងកិច្ចប្រជុំសភាពេញអង្គពិភាក្សាលើបញ្ហាលោក អ៊ុំ សំអាន ដែលគ្រោងធ្វើនៅថ្ងៃនេះនោះទេ ដោយលោកថាប្រសិនបើចូលរួមប្រជុំ គឺបង្ហាញថាគណបក្សចូលរួមធ្វើសកម្មភាពមិនស្របច្បាប់៕

សម្ដេច ហ៊ុន សែន បន្តព្រមានចាប់ខ្លួនជនណានិយាយថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់