(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកច័ន្ទនេះ បានថ្លែងបញ្ជាឲ្យចាប់ខ្លួននៅនឹងកន្លែង ប្រសិនបើអ្នកនយោបាយណា ដែលប្រើប្រជាភិថុតិ លុបបំណុលប្រជាពលរដ្ឋ ពេលឈ្នះឆ្នោតពេលចុះឃោសនាបោះឆ្នោត ព្រោះបញ្ហានេះ ជារឿងបោកប្រាស់ល្មើសច្បាប់។ 

ការថ្លែងព្រមានបែបនេះរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលប្រារព្ធឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា​​ឲ្យ​ចាប់ខ្លួន​អ្នកនយោបាយឬ​តំណាងរាស្រ្ត​ណាមួយ ​ដែល​​ឃោសនា​នយោបាយ​បែប​ប្រជាភិថុតិ និង​បោកប្រាស់ ដោយ​ថា​ខ្លួន​នឹង​សងបំណុល ឬ​លុបចោល​បំណុលទាំងអស់ នៅពេល​ឈ្នះ​ឆ្នោត។​​

ក្នុងសន្និសីទជាតិ​ស្តីពីការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ​ការឃោសនា​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​សម្រុកទៅខ្ចីលុយលុយ​​ ហើយ​ជំពាក់​វ័ណ្តក រហូត​ដល់ការរឹបអូសផ្ទះសម្បែងដីធ្លី។​ សម្តេច ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោក ចំពោះបក្សនយោបាយលើកឡើងបែបនេះ ព្រោះទង្វើនេះជាការល្មើសច្បាប់ខុសពីបទបញ្ញាតិ ផ្នែកហរិញ្ញវត្ថុ។

ប្រមុខរដ្ឋាភិបាល មិន​បាន​បញ្ចេញឈ្មោះអ្នកនយោបាយ​ឬ​តំណាងរាស្រ្ត​ណាមួយ​នោះទេ តែ​​សម្ដេច ​ថា​ទើបតែឮការឃោសនា​នយោបាយកាលពីពេលថ្មីៗ ​​ថា​លុបចោលបំណុល​នៅពេលឈ្នះឆ្នោត។​

​សូមរម្លឹកថា កាលពីថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៥ ពេល​ចុះ​ជួប​ពលរដ្ឋ​គាំទ្រ​ខ្លួន​នៅ​ខេត្ត​បន្ទាយមានជ័យ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់បានមានព្រះបណ្ទូល​សន្យាថា ទ្រង់​នឹង​សងបំណុល​ជំនួស​ប្រជាពលរដ្ឋ ដែល​ជំពាក់​ធនាគារ​ទាំង​អស់ ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​ទ្រង់​ឈ្នះ​ការបោះឆ្នោត​ជាតិ ឆ្នាំ​២០១៨។

យ៉ាងណា ក្រៅពីការព្រមានចាប់ខ្លួនអ្នកនយោបាយណាដែលឃោសនាសងបំណុលពលរដ្ឋ ពេលឈ្នះឆ្នោត ហើយនោះ សម្ដេច ហ៊ុន សែន នៅព្រឹកនេះ ក៏បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា ពិនិត្យឡើងវិញទៅលើប្រតិបត្តិការរបស់មីក្រូហិរញ្ញវត្ថុមួយចំនួន ដែលមានទិសដៅបោកប្រាស់ និងជម្រិតរឹបអូសយកផ្ទះសម្បែង ដីធ្លីរបស់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន បានថ្លែងថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន ដែលបានប្រែក្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល បាននឹងកំពុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈផ្តល់អត្រាការប្រាក់ខ្ពស់ និង ផ្តល់ប្រាក់កម្ចី ដោយមិនពិនិត្យពីលទ្ធភាព នៃការផ្តល់សំណង និងកម្ចីខ្លះទៀតមិនបានគាំទ្រជំរុញដល់ការបង្កើនផលិតភាពរបស់អ្នកខ្ចី។

សម្តេចនាយករដ្ឋមន្រ្តី បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា ត្រូវពិនិត្យ និងចាត់វិធានការទៅតាមច្បាប់ ចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលប្រតិបត្តិការមិនសុច្ចរិតភាព។ ជាមួយគ្នានេះ ក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធមិនត្រូវចូលដៃចូលជើងជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងប្រជាពលរដ្ឋផ្តេសផ្តាស់ នោះទេ៕

សម្ដេច ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួនអ្នកនយោបាយណា ឃោសនាសងបំណុលពលរដ្ឋ ពេលឈ្នះឆ្នោត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់