(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអន្តរាគមន៍ដោះលែងតំណាងពលរដ្ឋ២នាក់ ដែលត្រូវតុលាការខេត្តកំពង់ស្ពឺ ចាប់ឃុំខ្លួន រឿងទំនាស់ដីធ្លី។ 

ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានបញ្ជា​ឲ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺអន្តរាគមន៍​ទៅ​តុលាការ​ជួយ​ឲ្យ​មាន​ការដោះលែង​ស្រ្តី២នាក់​ ដែលត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃសុក្រសប្តាហ៍មុន​ ទាក់ទងនឹង​ជម្លោះ​ដីធ្លី។​

យោងតាមទំព័រFacebook របស់សម្ដេច ហ៊ុន សែន ដែលបានសរសេរនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ បញ្ជាក់ថា សម្តេចមានការខកចិត្តខ្លាំងណាស់ ចំពោះតុលាការខេត្តកំពង់ស្ពឺ ដែលចាប់តំណាងប្រជាពលរដ្ឋ២នាក់ ឃុំខ្លួន ដែលព័ត៌មាននេះ សម្តេចទើបតែទទួលបាននៅមុននេះបន្តិច។ បន្ទាប់ពីទទួលបានព័ត៌មាននេះ សម្តេចបានបញ្ជាទៅកាន់អភិបាលខេត្ត ដើម្បីធ្វើការជាមួយតុលាការទាំងយប់ ដើម្បីសុំធានាឲ្យនៅក្រៅឃុំ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត សម្តេចបានបញ្ជាឲ្យកូនប្រុសទាំងរបស់សម្តេច គឺ លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ជាបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ។

ក្រៅពីការបញ្ជាកូនប្រុសទាំង២ របស់សម្តេចទៅកាន់ទីនោះ សម្តេចបានសង្កត់ធ្ងន់ថា ប្រសិនបើតុលាការមិនទុកចិត្ត ការសុំធានាឲ្យនៅក្រៅឃុំបានទេ សុំឲ្យតុលាការឃុំកូនប្រុសទាំង២នាក់ របស់សម្តេចជំនួសវិញចុះ។

យ៉ាងណាក៏ដោយ ឆ្លើយតបចំពោះការលើកឡើងថា តុលាការមិនឯករាជ្យ នោះ ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាក់ថា “តុលាការឯករាជ្យ មិនស្ថិតក្រោមអំណាចរាជរដ្ឋាភិបាលទេ។ បើស្ថិតក្រោមអំណាចរាជរដ្ឋាភិបាល មិនបាច់ខ្ញុំសុំធានាឲ្យនៅក្រៅឃុំទេ គឺបញ្ជាឲ្យដោះលេងតែម្ដង” ។

ការលើកឡើងដូច្នេះ គឺឆ្លើយតបនឹងComment របស់ម្ចាស់Facebook ឈ្មោះ San Chin ដែលបានសរសេរនៅលើទំព័រFacebook របស់សម្ដេច ហ៊ុន សែន ថា “ខ្ញុំមិនយល់ សម្តេចនិយាយអញ្ចឹងព្រោះសម្តេចជាប្រមុខរដ្ឋាភិបាល តុលាការជាអ្នកនៅក្រោមរដ្ឋាភិបាល” ។

សូមបញ្ជាក់ថា អន្តរាគមន៍របស់សម្ដេច ហ៊ុន សែន នេះ បន្ទាប់ពី តំណាងប្រជាពលរដ្ឋរងគ្រោះក្នុងទំនាស់ដីធ្លីចំនួន២នាក់ រួមមានអ្នកស្រី យូ រ៉ន និងអ្នកស្រី អ៊ីត រុំ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចាប់ខ្លួននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងទំនាស់ដីធ្លីស្ថិតនៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគាត់រងគ្រោះដោយសារអាជ្ញាធរ ឃុបឃិតគ្នាឈូសឆាយរំលោភ យកដីធ្លីរបស់ពួកគាត់។ ហើយឈានដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រុមប្រជាពលរដ្ឋរងគ្រោះទាំងនោះ បានធ្វើដំណើរមកដាក់ញាត្តិ នៅមុខវិមានរដ្ឋសភាជាតិ ដើម្បីស្វែងរកអន្តរាគមន៍ ដោះលែងតំណាងរបស់ពួកគេ៕

 

 

សម្ដេច ហ៊ុន សែន បញ្ជាឲ្យអន្តរាគមន៍ដោះលែងតំណាងពលរដ្ឋ២នាក់ ដែលត្រូវតុលាការខេត្តកំពង់ស្ពឺ ចាប់ឃុំខ្លួន

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់