(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះ បានបង្ហាញពីក្ដីសង្ឃឹមលើរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានយកចិត្តទុកដាក់ផ្តល់ប្រាក់ជំនួយឥតសំណង និងប្រាក់កម្ចីជាច្រើនដល់កម្ពុជា ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល មានមោទនភាពជាមួយនឹងនយោបាយការបរទេស ដែលសម្តេចប្តូរផ្តាច់ នឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។ 

ថ្លែងពីខេត្តកណ្តាល ទីដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា អញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលេខ២១ បានឲ្យដឹងថា កូរ៉េខាងត្បូងជាប្រទេស ដែលបានយកចិត្តទុកដាក់ផ្តល់ប្រាក់ជំនួយឥតសំណង និងប្រាក់កម្ចីដល់ប្រទេសកម្ពុជាជាច្រើន។ ប៉ុន្តែទោះបីយ៉ាងណាសម្តេច ហ៊ុន បានលើកឡើងថា ថវិកាផ្តល់ជំនួយលើកមុនរបស់កូរ៉េខាងត្បូង​ នៅមិនទាន់គ្រប់ទេ ដោយស្នើសុំលោកស្រី ប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គិន ហេ ជួយផ្តល់បន្ថែមនូវឥណទាន ដែលនៅខ្វះប្រមាណជាង១០លានដុល្លារទៀត ដើម្បីកសាងផ្លូវថ្នល់ដំណាក់កាលទី២ ដែលនៅសល់ប្រមាណ៨-១០គីឡូមែត្រទៀត។

ប្រមុខរដ្ឋាភិបាល បានលើកឡើងទៀតថា ការស្នើសុំនេះសូមផ្តាំផ្ញើតាមរយៈឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅកម្ពុជា ដើម្បីជំរាបជូនលោកស្រី ប៉ាក គិន ហេ ជាប្រធានាធិបតី។ សម្តេច បានបញ្ជាក់ប្រាប់លោកឯកអគ្គរដ្ឋទូតថា ជួយផ្តាំផ្ញើផង ជួយឥណទានដែលនៅ ខ្វះប្រមាណជាង១០លានដុល្លារនេះ សូមកុំកាត់ចេញពីគម្រោងជំនួយផ្សេងៗអី។

សម្ដេចនាយករដ្ឋមន្រ្តី បានអះអាងនៅលើវេទិកាសាធារណៈ នាព្រឹកថ្ងៃនេះ ថា សម្តេចមានមោទនភាពជាមួយនឹង នយោបាយការបរទេស ដែលសម្តេចប្តូរផ្តាច់ នឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក គិន ហេ នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ដោយសារប្រទេសទាំងពីរ ជាដន្លងនឹងគ្នាជាយូរមកហើយ។ កូនខ្មែរកាត់កូរ៉េ នៅកូរ៉េខាងត្បូង មានមិនតិចជាង១ម៉ឺន នាក់នោះទេ នាពេលនេះ ហើយសង្ឃឹមថា ពួកគេនិយាយភាសាទាំងពីរ ខ្មែរ កូរ៉េ បានយ៉ាងល្អ។

សម្តេចនាយករដ្ឋមន្រ្តី បន្តថា ប្រធានាធិបតីកូរ៉េខាងត្បូង ជាច្រើនបានមកទស្សនកិច្ចនៅ កម្ពុជា ក្នុងនោះមានលោក រ៉ូ ម៉ូយ៉ុន និងលី យ៉ុង ប៉ាក់។ សម្តេច មានមោទនភាព ចំពោះនយោបាយការបរទេស កម្ពុជា ជាពិសេសការត ភ្ជាប់ឡើងវិញជាមួយកូរ៉េខាងត្បូង។ ក្នុងនោះមានទាំងកូរ៉េ ខាងត្បូងនិងខាងជើង។

ទោះជាយ៉ាងណា នៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់ឡើងវិញនូវផ្លូវជាតិលេខ២១ នៅខេត្តកណ្តាល នាព្រឹកថ្ងៃច័ន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា មិនភ្លេចថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកូរ៉េ ចំពោះការផ្តល់ជំនួយ នាពេលនេះ។ ផ្លូវនេះ អាចនិយាយបានថា ពិបាករកលុយសាងសង់ជាងគេ កន្លែងខ្លះផ្លូវមាន៦ ម៉ែត្រ កន្លែងខ្លះ៧ រឺកន្លែង ធំជាងនេះ ។ ផ្លូវនេះ មានព្រែកជាង៥០ព្រែក កន្លែងខ្លះមានស្ពានឈើ កន្លែងខ្លះទៀតស្ពានដែក រឺក៏ស្ពានបេតុងជាដើម៕

សម្ដេច ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមលើកូរ៉េខាងត្បូង ក្នុងការផ្ដល់ជំនួយ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់