(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសានេះ បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព មន្រ្តីកងរាជអាវុធហត្ថ ដែលពលីជីវិតបង្ក្រាប បទល្មើសគ្រឿងញៀន កាលពីល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

សម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រ​ ដល់និស្សិតសកលវិទ្យាល័យ ធនធានមនុស្ស នាព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០១៦នេះ ថា “សូមចូលរួមរំលែក មរណទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសព មន្រ្តីកងរាជអាវុធម្នាក់ ដែលមានពលីកម្ម ក្នុងការបង្រ្កាប ក្រុមជួញដូរ គ្រឿងញៀន។ ប្រទសកម្ពុជា មិនមែនអ្នកផលិត គ្រឿងញៀនទេ ប៉ុន្តែជាជនរងគ្រោះ”។ សម្តេចបន្តថា  រាជរដ្ឋាភិបាល បានដាក់ឧបនាយករដ្ឋមន្រ្តីម្នាក់ គឺនាយឧត្តមសេនីយ៍ កែ កឹមយ៉ាន ដើម្បីបង្ក្រាបបទល្មើស គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២៧ ខែមេសាម្សិលមិញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនដ៏ធំមួយ ធ្វើឲ្យកក្រើកនៅទឹកដីខណ្ឌទួលគោក ស្ថិតនៅផ្ទះជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ដែលមានម្ចាស់ផ្ទះឈ្មោះ លី កុកហ៊ុយ ជាអធិការកិច្ចក្រសួងមហាផ្ទៃ និងជាថៅកែជ្រូកខ្វៃ។

ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នៅកន្លែងកើតហេតុនោះ ទីបំផុតនៅវេលាម៉ោងជិត៦ ល្ងាចថ្ងៃដដែលនេះ កម្លាំងប្រតិបត្តិការ បានបញ្ចប់ទាំងស្រុង ដោយបាញ់ស្លាប់មេក្លោងគ្រឿងញៀនម្នាក់ ចាប់បាន៣នាក់ទៀត (ចាប់មុន២នាក់ និងក្រោយ៣នាក់) សរុប៥នាក់ ដកហូតរថយន្ត២គ្រឿង មួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0621 និងមានបិទឡូហ្គូនគរបាលជាតិទៀតផង និងមួយគ្រឿងទៀតម៉ាក Lexus RX-300 ម៉ូតូ៤គ្រឿង, ដកហូតអាវុធវែងខ្លី៦ដើម និងថ្នាំញៀនវិញ រកឃើញតែកម្ទេចកម្ទីប៉ុណ្ណោះ ដោយសារក្រុមជនល្មើសបានបោះចូលបន្ទប់ទឹកអស់ហើយ។

សម្រាប់ជនល្មើសទាំង៥នាក់ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត ខណ:ដែលសពអាវុធហត្ថម្នាក់ (លោក ទៀង ករុណា) ជានាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជ​ធានីភ្នំពេញ ត្រូវរៀបចំធ្វើបុណ្យនៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខណៈមន្រ្តីអាវុធហត្ថ២នាក់ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្តែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់ លោក ទៀង ករុណា ផងដែរ ដែលកន្លងមករូបលោក​បានបំពេញតួនាទីការពារ បម្រើសន្តិសុខ សណ្តាប់ធ្នាប់ និងបានធ្វើសកម្មភាព​មនុស្ស​ធម៌​ជាច្រើន ជួយដល់ប្រជាជន ពោរពេញដោយស្នាដៃ និងគុណតម្លៃយ៉ាងធំធេងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

 

អាវុធហត្ថ ២

 

អាវុធហត្ថ ៣

សម្ដេច ហ៊ុន សែន ចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសពមន្រ្ដីកងរាជអាវុធហត្ថ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់