សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា ​ក្នុងពិធីសម្ពោធបង្គោលព្រំដែននៅ​ច្រកព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ កាលព្រឹក​ថ្ងៃម្សិលមិញ ​បាន​អះអាង​ថា ការកសាង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​រហូត​មកដល់ពេលនេះ នៅសល់​ប្រមាណ ១៦,៨% ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​បាន​ព្រំដែន​គោក​​ទាំងស្រុង​ខ្សែ​ព្រំដែន​កម្ពុជា វៀតណាម ដែល​មាន​ប្រវែង​សរុប ១២៧០ គីឡូម៉ែត្រ ហើយ​បន្ទាប់​ពី​នេះ ប្រទេស​ទាំង​ពីរ​នឹង​ឈាន​ទៅ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​ជា​បន្ត​ទៀត​។​

ថ្លែងក្នុង​ពិធី​សម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា​វៀតណាម លេខ​៣០ នៅ​ច្រកព្រំដែន​អន្តរជាតិ អូ​រយ៉ា​ដាវ ក្នុង​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកឡើងថា មកដល់ពេលនេះ ដំណើរការ​បោះបង្គោល​កំ​ណ​ត់​ព្រំដែន​គោក រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅសល់តែ ១៦,៨% ប៉ុណ្ណោះ​។ នៅពេល​ដំណើរការ​រួចរាល់​លើ​ការកំណត់​បង្គោល​ព្រំដែន​គោក ប្រទេស​ទាំងពីរ នឹង​ចាប់ផ្តើម​ដំណើរការ​បោះបង្គោល កំណត់ព្រំដែន​សមុទ្រជាបន្ត​ទៀត​។​

មានប្រសាសន៍នៅចំពោះមុខ ​នាយករដ្ឋមន្ត្រី​វៀតណាម ផងនោះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន បានបង្ហាញ​ការ​ជឿជាក់ថា កម្ពុជា និង​វៀតណាម ក៏​នឹង​ឈានទៅ​សម្រេចបាន​នូវ​ការកំណត់​ព្រំដែន​សមុទ្រ​មួយ​ពេញលេញ គ្មាន​វិវាទ ដោយ​ឈរលើ​គោលការណ៍​ច្បាប់ ក្របខណ្ឌ​គតិយុត្តិ​អន្តរជាតិ​ជា​មូលដ្ឋាន​។​

សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា-វៀតណាម កាលព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ បានសម្ពោធបង្គោលព្រំដែននៅខេត្តជាប់គ្នាចំនួន២ នៅថ្ងៃតែមួយ ក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយពេលព្រឹក សម្ពោធច្រកអន្តរជាតិ អូរយ៉ាដាវ ខេត្តរតនគិរី និងពេលរសៀល នៅបង្គោលព្រំដែនមួយទៀត នៅច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ជា​ថ្មី នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម ​ង្វៀន តាន់​យ៉ុង​ ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្រកាន់​ជំហ​ដាច់ខាត ក្នុង​ការកសាង​ព្រំដែន​កម្ពុជា និង​វៀត​ណាម ឲ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដែល​ឈរ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​អនុវត្ត​ជា​អន្តរជាតិ ស្តី​ពី​ការទទួលស្គាល់​ខ្សែ​ព្រំដែន មិន​កែប្រែ ដែល​អាណានិគមនិយម​បារាំង បាន​បន្សល់​ទុកឲ្យ​។​

បន្ថែមលើនេះ សម្ដេច ហ៊ុន សែន​ ក៏បាន​ប្រកាសជំហរថា នឹង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំងពីរ មាន​ខ្សែបន្ទាត់​ព្រំដែន​សមស្រប ជា​ព្រំដែន​អន្តរជាតិ​ពិតប្រាកដ ដោយ​ប្រែក្លាយ​ខ្សែ​ព្រំដែន ដែលមាន​តែ​លើ​ផែនទី ឲ្យ​ទៅជា​បង្គោល​ព្រំដែន នៅ​លើដី​ជាក់ស្តែង ហើយ​ខ្សែ​ព្រំដែន​នេះ ត្រូវ​ដើរ​ស្របគ្នា​ទៅនឹង​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ព្រំដែន ដើម្បី​បញ្ចប់​បាតុភាព និង​ប្រែក្លាយ​តំបន់​ព្រំដែន​រវាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច តំបន់​មានការ​អភិវឌ្ឍន៍ រីកចំរើន តំបន់​ប្រកបដោយ​សន្តិភាព ភាព​ក្សេមក្សាន្ត និង​សុខដុម​រម្យ​នា​៕

សម្ដេច ហ៊ុន សែន៖ ក្រោយបញ្ចប់ការបោះបង្គោលព្រំដែនគោក១០០% កម្ពុជា-វៀតណាម នឹងឈានទៅចរចាកំណត់ព្រំដែនសមុទ្រជាបន្តទៀត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់