រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ  សម្ដេច ស ខេង នៅក្នុង​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណកម្មាធិកា​រ​ជាតិ សុវត្ថិភាព​ចរាចរណ៍ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ២០១៥ បានធ្វើការព្រមាន​​ចាត់វិធាន​ការ​​លើ​​មន្ត្រី​​សក្តិ​ធំ​​ណា​​ បើកបរមិន​​គោរព​​ច្បាប់​​ចរាចរណ៍​​ ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី បានប្រកាសថា នឹងដំឡើងសក្ដិ ជូនមន្ត្រីនគរបាលចរាចរណ៍ ប្រសិនបើមានការចាប់ឃាត់រថយន្តថ្នាក់ដឹកនាំ ឬមន្ត្រីមានអំណាច ពិសេសមន្ត្រីថ្នាក់រដ្ឋមន្ត្រី បើកបរល្មើសច្បាប់ចរាចរណ៍។

យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក​ស ខេង នៅក្នុង​កិច្ចប្រជុំ​ប្រកាស​សមាសភាព​គណកម្មាធិកា​រ​ជាតិ សុវត្ថិភាព​ចរាចរណ៍ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ២០១៥ នៅ​ទីស្តីការក្រសួង ​សម្ដេច ​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានប្រកាស​ចាត់វិធានកា​រ​ចំពោះ​មន្ត្រី​ដែល​មាន​ឋាន​នន្តរ​សក្តិ ចំពោះ​ការ​មិន​គោរព​ច្បាប់​ចរាច​រណ៍​នៅតាម​ដងផ្លូវ និង​លើកទឹកចិត្ត​ថា​នឹង​ដំឡើង​ស​ក្ត័ ជូន​មន្ត្រី​នគរបាល​ចរាច​រណ៍ ប្រសិនបើ​មាន​ការចាប់​ឃាត់​រថយន្ត​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​មានអំណាច ពិសេស​មន្ត្រី​ថ្នាក់​រដ្ឋមន្ត្រី បើកបរ​ល្មើសច្បាប់​ចរាច​រណ៍ មក​ធ្វើ​ការផាកពិន័យ និង​ណែនាំ​ឲ្យមាន​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​។ ​

នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីក្រសួង បញ្ជាក់ថា  គ្មាន​ការអន្តរាគមន៍​ណា​ឡើយ​ឲ្យមាន​លើកលែងនោះ​ទេ ពោល​គឺ​មន្ត្រី​លំដាប់ថ្នាក់​ធំៗ កូនចៅ​អ្នកមាន​បុណ្យ​សក្តិ​យស និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំង​ប្រទេស ត្រូវបាន​ធ្វើការ​ចាប់​ឃាត់​មក​អប់រំ និង​មាន​ការផាកពិន័យ​ដោយ​គ្មាន​ការលើកលែង​ដូចគ្នា​។​

​សូមជម្រាបថា នៅ​ទូទាំង​ប្រទេស មាន​កងកំលាំង​នគរបាល​ចរាចរណ៍​ប្រមាណ​ពី​២៨០០ ទៅ​៣០០០​នាក់ សម្រាប់​ចាត់វិធានការ ឲ្យ​ប្រជាជន​អ្នកធ្វើ​ដំណើរ​ទាំងអស់​អនុវត្ត​ច្បាប់ សម្រាប់​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​នោះ សម្ដេច ​ស ខេង បានប្រកាស​ថវិកា​ឧបត្ថម្ភ​បន្ថែម​៤០០០​រៀល ក្នុង​មួយ​ថ្ងៃ ជូន​ដល់​កងកំលាំង​នគរបាល​ចរាចរណ៍ នៅ​ពេល​ចុះ​បញ្ជា​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅតាម​ដងផ្លូវ ប៉ុន្តែ​គ្រប់​ការផាកពិន័យ លោក​បាន​សម្រេច​ឲ្យ​នគរបាល ដែល​ប្រចាំការ​នៅតាម​ដងផ្លូវ គឺ​ត្រូវ​សរសេរ​វិក័យប័ត្រ​ជូនទៅ​បណ្តា​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ឲ្យទៅ​បង់ប្រាក់​ផាកពិន័យ​នោះ​នៅ​តាម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​នៅ​តាម​មូលដ្ឋាន​។​

​យោងតាមរបាយការណ៍របស់ អគ្គស្នងការ​រង​នគរបាលជាតិ ​បង្ហាញថា នៅ​ឆ្នាំ​២០១៥​នេះ ចំនួន​អ្នក​រង​គ្រោះថ្នាក់​ចរាចរណ៍​មានស្លាប់ និង​របួស​បាន​កើតមាន​៩៧៧៥​នាក់ ក្នុង​នោះ​ដោយសារ​កត្តា​បើកបរ​ក្នុង​ល្បឿន​ហួស គឺ​មាន​ចំនួន​៤២% ។ ស្ថិតក្នុង​ស្ថានភាព​នេះ លោក​បាន​ធ្វើ​ការប្រៀបធៀប​ថា​ចំនួន​អ្នក​រង​គ្រោះ​ថ្នាក់​គឺ​បាន​ធ្លាក់ចុះ​៤៤០​នាក់ ស្នើ​៤% បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​២២៦៥​នាក់ កើនឡើង​១១៧​នាក់ ស្មើ​៥% ក្នុងនោះ​មាន​ជនបរទេស​២០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​កន្លងមកនេះ ហើយ​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ ស្លាប់​៦​នាក់ និង​មាន​របួស ២០​នាក់​។ មូលហេតុ​ដែល​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​នេះ​គឺ​ដោយសារ​អ្នកបើកបរ បើក​ហួស​ល្បឿន​កំណត់  មិន​គោរព​សិទ្ធ​អាទិភាព មិន​ប្រកាន់​ស្តាំ ការបើក​ជែង បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង បត់​មិន​ប្រយ័ត្ន និង​ការ​អ្នកបើកបរ​មាន​បញ្ហា​សុខភាព​ជា​ដើម​។

ដើម្បីរឹតបន្តឹងការគោរពច្បាប់ចរាចរណ៍បន្ថែមទៀត ក្រសួងមហារផ្ទៃកន្លងមកនេះ បានប្រកាសថា នឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ តទៅ ដោយកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ និងផាកពិន័យ ចំពោះករណីការបើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពផ្លាកសញ្ញចរាចរណ៍ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនពាក់មួក ខ្សែក្រវាត់  ការផ្ទុកទំនិញសំពីង សំពោង យាន្តយន្តមិនគ្រប់ លក្ខណៈបច្ចេកទេសផ្សេងៗជាដើម៕

សម្ដេច ស ខេង ព្រមានចាត់វិធានការលើមន្ត្រីសក្តិធំណា បើកបរមិនគោរពច្បាប់ ហើយដំឡើងសក្ដិជូនមន្ត្រីចរាចរណ៍ បើមានការចាប់ឃាត់រថយន្ត មន្ត្រីមានអំណាច

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់