(ភ្នំពេញ)៖ សម្ដេច ហ៊ុន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់ជាព្រៃការពារ ខណៈព្រៃនៅតំបន់ជួរភ្នំក្រវ៉ាញ ក៏ត្រូវដាក់ជាព្រៃអភិរក្ស ដែរ។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នារសៀលថ្ងៃទី៣១ ខែមីនា ប្រមុខរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថារដ្ឋាភិបាលសម្រេចដាក់ព្រៃឡង់និងព្រៃភ្នំក្រវ៉ាញ ជាតំបន់ការពារ ខណៈតំបន់ទាំងនេះត្រូវបានប្រជាសហគមន៍រាយការណ៍ជាបន្តបន្ទាប់ថារងការកាប់បំផ្លាញពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេច ហ៊ុន សែន បានថ្លែងថា សម្ដេចបានឯកភាពតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងរដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងការដាក់ព្រៃឡង់និងព្រៃតំបន់ភ្នំពេញក្រវ៉ាញ ជាតំបន់ការពារ។  សម្តេច បានសម្រេចឱ្យសកម្មជនបរិស្ថាន សង្គមស៊ីវិល និងព្រះសង្ឃដែលទៅបំបួសដើមឈើ នៅតំបន់នោះកន្លងមក ក្លាយជាអ្នកចូលរួមការពារព្រៃឈើនៅតំបន់នោះ។ ហើយ ការសម្រេចនេះ គឺដើម្បីការពារព្រៃឈើល្អៗសម្រាប់ប្រទេសកម្ពុជា។

គួរកត់សម្គាល់ថា ការសម្រេចរបស់សម្ដេចនាយករដ្ឋមន្រ្តី លើការដាក់ព្រៃឡង់ និងព្រៃនៅតំបន់ជួរភ្នំក្រវ៉ាញ ជាព្រៃការពារ ពេលនេះ បន្ទាប់ពីរដ្ឋាភិបាលកាលពីដើមឆ្នាំ២០១៦នេះ បានសម្រេចបង្កើតគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើព្រៃឈើនៅភាគឦសាននៃប្រទេស។ គណៈកម្មការនេះ មានតួនាទីចុះទប់ស្កាត់និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើសនិងវត្ថុតាងនៃបទល្មើស សហការជាមួយភាគីវៀតណាមនិងឡាវ។

សម្ដេច ហ៊ុន សែន បានឲ្យដឹងថា គណៈកម្មការនេះចាប់បានឈើខុសច្បាប់ប្រមាណពី៣ទៅ៤ម៉ឺនម៉ែត្រគូប ហើយលោកសម្រេចថាប្រគល់ឈើទាំងអស់ដែលរឹបអូសបានពីការកាប់មិនស្របច្បាប់ទៅឲ្យក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងសាលារៀន តុ កៅអី ទ្វារនិងផ្ទះគ្រូ ជាដើម។ សម្ដេច បន្ថែមថាចាប់ពីពេលនេះទៅ ឈើទាំងឡាយដែលកាប់ខុសច្បាប់ហើយរឹបអូសបាន ត្រូវប្រគល់ទៅឲ្យវិស័យអប់រំសម្រាប់ប្រើប្រាស់។ លើសពីនេះ​ ក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ជួយជំរុញទៅតុលាការពន្លឿននីតិវិធី ករណីចាប់ឈើខុសច្បាប់ទាំងនោះ។

កាលពីខែមករា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោកGeorge Edgar បានចុះទៅតំបន់ព្រៃឡង់ ដោយលោកអះអាងថាស្ថានភាពព្រៃឡង់ស្ថិតនៅក្រោមសម្ពាធមួយយ៉ាងខ្លាំងហើយលោកអំពាវនាវឲ្យមានការការពារព្រៃទាំងនោះ។ លោកមានប្រសាសន៍ថា៖ “វាជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដែលការបាត់បង់របស់ព្រៃនេះនឹងមានផលប៉ះពាល់ជាច្រើនមិនត្រឹមមនុស្សរស់នៅតំបន់នោះប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាក៏ប៉ះពាល់ដល់សហគមន៍ដែលរស់នៅជុំវិញបឹងទន្លេសាបផងដែរដែលជាផ្នែកមួយនៃទីជម្រាលរបស់វា”។

យោងតាមវេបសាយផ្លូវការរបស់បណ្តាញសហគមន៍ព្រៃឡង់ (www.prelang.net) បង្ហាញថា ព្រៃឡង់មានទំហំ៣៦០០គីឡូម៉ែត្រក្រឡាជាប់នឹងខេត្តចំនួន៤ គឺ៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះនិងខេត្តស្ទឹងត្រែង។ ព្រៃដ៏ធំមួយនៅកម្ពុជានេះ មានប្រជាពលរដ្ឋរស់នៅប្រហែលជា២០ម៉ឺននាក់នៅជុំវិញនោះ ជាអ្នកពឹងអាស្រ័យអនុផលព្រៃឈើពីព្រៃឡង់៕

 

សម្ដេចនាយករដ្ឋមន្រ្តី ប្រកាសដាក់ព្រៃឡង់ និងព្រៃនៅតំបន់ជួរភ្នំក្រវ៉ាញ ជាព្រៃការពារ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់