(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ចេញប្រតិកម្ម ទៅលើមនុស្សចំនួន ដែលបានរិះគន់ទៅលើការ រុះរើគណៈរដ្ឋមន្រ្តី ហើយផ្លាស់ប្តូរដ្ឋមន្រ្តី ទៅកាន់ក្រសួងផ្សេងទៀតថា មានមុខដដែលៗ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងប្រតិកម្មខ្លាំងៗ ចំពោះអ្នកដែលបានរិះគន់ទៅលើការរុះរើគណៈរដ្ឋមន្រ្តី ដោយសម្តេចបានលើកឡើងថា ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនេះ ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។

នៅក្នុងកម្មវិធីដាក់ឲ្យអនុវត្ត “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” លើកទី៣ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានថ្លែងថា អ្នកដែលស្រែករិះគន់ការដោះដូរ គណៈរដ្ឋមន្រ្តីដាក់មុខដដែលៗនោះ ក៏ជាមនុស្សមុខដដែលៗដែរ មិនមានផ្លាស់ប្តូរផង។ សម្តេចបានបន្ថែមថា គណបក្សប្រឆាំង គឺមុខដដែលៗតាំងពីសត្សវត្សរ៍ទី២០មកម្ល៉េះ មិនទាន់មានផ្លាស់ប្តូរនោះទេ។

បន្ថែមលើនេះ សម្តេច បានថ្លែងការពារនូវការរុះរើគណៈរដ្ឋមន្រ្តីរបស់សម្តេចថា មុខចាស់ មុខថ្មីវាសំខាន់ឡើយ សំខាន់នៅលើចរិតការងារថ្មី ហើយអ្នកថ្មីក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។

ជាមួយគ្នានោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានដឹង​ពី​ការ​អសមត្ថភាព​របស់​រដ្ឋ​មន្ត្រី​មួយចំនួន​នោះ បាន​ពិចារណា​ច្រើនដង​ហើយ​ដែរ មុននឹង​សម្ដេច​សម្រេចចិត្ត​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ នៃ​អាណត្តិ​ទី​៥​នេះ​។ សម្ដេច បាន​អះអាង​ដោយ​ភាពជឿជាក់​កន្លងមក​ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជា​ការបង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ រាជដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ ទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីបញ្ចប់តួនាទីរដ្ឋមន្រ្តី និងផ្លាស់ប្តូរ រដ្ឋមន្រ្តីមួយចំនួន ព្រមទាំងដាក់មន្រ្តី៤រូបជា អភិបាលខេត្តថ្មីជំនួស អភិបាលខេត្តចាស់ផងដែរ។

ទាក់ទងករណីនេះ ​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​រិះគន់​កាលពី​ម្សិលមិញ​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺ​គ្រាន់តែ​ជាការ​បង្ហាញ​រូបភាព​សើៗ ដែល​មិនមែន​ជាការ​កំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឡើយ​។

គួរបញ្ជាក់ថា សមាសភាពរដ្ឋមន្រ្តី ដែលផ្លាស់ប្តូរនៅពេលខាងមុខ រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍, លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន, លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ, លោក ត្រាំ អ៊ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍, លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆៃម, លោក ប៉ាន សូរស័ក្តិ ត្រូវបានដំឡើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទៅលើលោក វេង សាខុន។

ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានអភិបាលមន្រ្តីជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិកា ហើយអភិបាលខេត្ត ៤រូបទៀត គឺខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង និងបន្ទាយមានជ័យ ក៏ត្រូវដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់ផងដែរ៕

 

សម្ដេចនាយករដ្ឋមន្រ្តី ប្រតិកម្មចំពោះអ្នករិះគន់ ការផ្លាស់ប្តូរ គណៈរដ្ឋមន្រ្តីថា ដូរមុខដដែលៗ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់