(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន នៅថ្ងៃទី៥ ខែមេសា នេះ បានសម្រេចលុបចោលគម្រោងសាងសង់​ផ្លូវ​អាកាស​ល្បឿនលឿនទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ​ដោយបញ្ជា​ឲ្យ​យក​​ផ្លូវ​ដែក​ដែលមានស្រាប់​ មកធ្វើ​ជាផ្លូវ​ធំ​ជំនួសវិញ​។​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចលុបចោលគម្រោងសាងសង់ ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារតែប្រជាពលរដ្ឋមួយចំនួន បានតវ៉ានឹងទាមទារឱ្យធ្វើវេទិកាសាធារណៈ បង្ហាញពីផលប៉ះពាល់។

ថ្លែងនៅក្នុងពិធីសម្ពោធអគារ រដ្ឋបាលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែ មេសា ឆ្នាំ២០១៦នេះ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា “ដើម្បីកាត់បន្ថយការកកស្ទះ និងសម្រួលដល់មនុស្សចាស់ និងជនពិការ យើងដាក់ច្រើនខ្សែរតទៀត ហើយខ្ញុំសូមប្រកាស​នៅថ្ងៃនេះថា សូមបងប្អូនដែលរស់នៅ តាមផ្លូវរថភ្លើងពីភ្នំពេញ ទៅពោធិ៍ចិនតុង ឈប់នាំគ្នាធ្វើបាតុកម្ម ឈប់ទាមទារធ្វើវេទិការ សាធារណៈអីទៅ ព្រោះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើផ្លូវហាយវេស្អីនោះ ព្រោះនាំតែពិបាក”។

សម្តេច ហ៊ុន សែន ក៏បានបង្គាប់ឱ្យលុបចោលផ្លូវរថភ្លើងពីស្ថានីយ៍រថភ្លើងចាស់ទៅកាន់គីឡូម៉ែត្រលេខ៦ផងដែរ ហើយឱ្យសាងសង់ផ្លូវ នៅលើផ្លូវរថភ្លើងនេះ ពង្រីកជាផ្លូវជាតិឱ្យកាន់តែធំ ការពារការកកស្ទះចរាចរណ៍ ដោយសារតែពេលនេះ មិនមានរថភ្លើងបើកតាមផ្លូវនេះទៀតទេ។

សូមបញ្ជាក់ថា​ សាលារាជធានីភ្នំពេញ ធ្លាប់បានបង្ហោះលើវេបសាយរបស់ខ្លួន ថា ផ្លូវអាកាសល្បឿនលឿននេះនឹងចាប់​ផ្តើ​មសាងសង់ពីឆ្នាំ២០១៦ ហើយបញ្ចប់នៅឆ្នាំ២០២១ ដោយគ្រោងនឹងចំណាយថវិកាអស់៣៦០លាន​ដុល្លារ។

លោក ហង្ស ប្រុស តំណាងសហគមន៍ភូមិ១៧ គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​នាយករដ្ឋមន្រ្តី មិន​ឲ្យ​មានផ្លូវអាកាសល្បឿនលឿន។ លោក​មានប្រសាសន៍ថា៖ “ជាការល្អដែរព្រោះវាមិនប៉ះពាល់ដល់ប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវដែក។ កន្លងមកប្រសិនបើមានការអភិវឌ្ឍកន្លែងណាមួយ ការដោះស្រាយជូនប្រជាពលរដ្ឋរឿងសំណងមិនដែលសមរម្យទេ ហើយទទួលរងនៅផលខាតបង់ចឹងទៅ តែបើក្រុមហ៊ុនចេញមុខដោះស្រាយដោយខ្លួនគេ ប្រជាជននឹងសប្បាយចិត្ត”។

តំណាងសហគមន៍ រូបនេះ ​ឲ្យ​ដឹង​ទៀត​ថា កន្លងទៅ​អភិបាលរាជធានីភ្នំពេញ​ លោក ប៉ា សុជាតិវង្ស ធ្លាប់​លើកឡើង​ថា​ប្រជាជនប្រមាណ​៤០០គ្រួសារនឹង​រងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿននេះ​៕

សម្ដេចនាយករដ្ឋមន្រ្តី សម្រេចលុបចោលគម្រោងធ្វើផ្លូវអាកាសល្បឿនលឿនទៅព្រលានយន្តហោះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់