(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែមីនា នេះ បានប្រកាសឲ្យក្រសួងចំនួនពីរ គឺក្រសួងសុខាភិបាល និងនិងក្រសួងមុខងារសាធារណៈ ដាក់បញ្ចូលគ្រូពេទ្យឯកទេសចូលក្នុងក្របខណ្ឌរដ្ឋ រីឯពេទ្យចូលនិវត្តន៍ តែងតាំងឲ្យ​មាន​មុខងារ​ក្នុង​ក្របខណ្ឌ​នយោបាយ ឬ ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​ណាមួយ​ ក៏បាន​។​ 

ការថ្លែងបែបនេះ របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈអញ្ជើញចូលរួមបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ នាសណ្ឋាគារ​សូ​ហ្វ៊ី​តែ​ល ដោយបានប្រកាស​ដាក់​គ្រូពេទ្យ​ជំនាញ​ចូល​ក្របខណ្ឌ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​កាត់បន្ថយ​ប្រជាពលរដ្ឋ​ចេញទៅ​ព្យាបាល​ នៅក្រៅ​ប្រទេស​។​

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ដោយសារតែ​កម្ពុជា​កង្វះ​គ្រូពេទ្យ​ឯកទេស​នៅក្នុង​ក្របខណ្ឌ​រដ្ឋ​នេះហើយ បានជា​ពលរដ្ឋ​មួយចំនួន​ខ្វះ​ជំនឿ​ទុកចិត្ត​លើ​វិស័យ​សុខាភិបាល ហើយ​នាំគ្នា​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស​។ ប្រមុខ​រដ្ឋាភិបាល ទទួលស្គាល់ថា គ្រូពេទ្យ​ឯកទេស​កម្ពុជា​កំពុង «​ស្លាប់ក្រឡា​» ព្រោះ​ការសិក្សា​ជំនាញ​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​ប្រឡង​ចូលក្នុង​ក្របខណ្ឌ​រដ្ឋ​បាន​។​

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ក្រសួងសុខាភិបាល​ជ្រើសរើស​ប្រឡង​គ្រូពេទ្យ​ឯកទេស​អាច​ចូល​បម្រើ​ការងារ​នៅ​អាយុ​៣៥​ឆ្នាំ និង​បញ្ជា​ឲ្យ​ក្រសួង​មុខងារសាធារណៈ ដាក់បញ្ចូល​គ្រូពេទ្យ​ទាំងនោះ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ដោយអះអាងថា ការដាក់បញ្ចូល​នេះ​ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​។ “ក្រៅពី​គ្រូពេទ្យ​ដែល​ខ្ញុំ​ចុះហត្ថលេខា​ហើយ តើ​នៅមាន​ប៉ុន្មាន​ទៀត​ខ្ញុំ​ប្រកាស​ដាក់ចូល​ក្របខណ្ឌ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់​។ ​វា​មិន​អស់​ប៉ុន្មាន​ទេ សំខាន់​យើង​ទទួលបាន​ផលប្រយោជន៍​ពី​គ្រូពេទ្យ​អ្នកឯកទេស​នេះ ​តែម្ដង​…​។​ហើយ​ឲ្យ​ចាប់​ទទួល​ប្រាក់ខែ​ចាប់ពី​ខែមេសា​នេះ ត​ទៅ​”​ ។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​ទន្ទឹមនឹងការប្រកាសឲ្យក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ដាក់បញ្ចូលគ្រូពេទ្យឯកទេសចូលក្នុងក្របខណ្ឌរដ្ឋ សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​តែងតាំង​គ្រូពេទ្យ​ឯកទេស​ដែល​ចូលនិវត្តន៍​ហើយ​នោះ ឲ្យ​មាន​មុខងារ​ក្នុង​ក្របខណ្ឌ​នយោបាយ ហើយ​បម្រើ​ការងារ​នៅក្នុង​មន្ទីរពេទ្យ​ណាមួយ​ ក៏បាន​។​

​សូមបញ្ជាក់ថា ថ្លែងក្នុងឱកាសអញ្ជើញចូលរួមបិទសន្និបូកសរុបការងាររបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ​ប្រមុខរាជ​រដ្ឋាភិបាល​ក៏បាន​បដិសេធជាថ្មី ថា នៅ​កម្ពុជា​មិនមាន​គ្រូពេទ្យ​១០០ខូច​៩០នាក់ ​ដូច​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយចំនួន​ឡើយ តែ​សម្ដេច​ទទួលស្គាល់ថា អាចមាន​គ្រូពេទ្យ​បុគ្គល​មួយចំនួន​ដែល​ប្រើប្រាស់​ពាក្យសម្ដី​អាក្រក់ និង​អសុរោះ​ប៉ុណ្ណោះ ដែល​សម្ដេច​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ត្រូវ​ត្រួតពិនិត្យ​បញ្ហា​នេះ​ឡើងវិញ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​ស្ដា​មុខមាត់​វិស័យ​សុខាភិបាល ឡើង​វិញ​៕

សម្ដេចនាយករដ្ឋមន្រ្តី ប្រកាសឲ្យដាក់គ្រូពេទ្យឯកទេសចូលក្របខណ្ឌរដ្ឋ រីពេទ្យចូលនិវត្តន៍ តែងតាំងមុខងារនយោបាយ ឬ បម្រើការនៅមន្ទីរពេទ្យណាមួយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់