សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមករា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានជម្រុញឲ្យរដ្ឋមន្រ្តី២ក្រសួង គឺរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្រ្តីក្រសួងសាធារណៈការ រៀបចំ​កំណត់​ឲ្យ​បាន​ឆាប់រហ័ស​នូវ​តម្លៃ និង​នីតិវិធី នៃ​ការធ្វើ​ប័ណ្ណ​សំគាល់​យានយន្ត ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ការធ្វើ​ប័ណ្ណបើកបរ​ជូន​ប្រជាពលរដ្ឋ​។

(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជំរុញដល់រដ្ឋមន្រ្តីក្រសួងចំនួន២ ឱ្យពន្លឿនការរៀបចំកំណត់តម្លៃ និងការធ្វើប័ណ្ណសំគាល់យានយន្ត និងប័ណ្ណបើកបរជូនពលរដ្ឋ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦  បានឱ្យដឹងថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់ភារកិច្ច ជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក អូនព័ន្ធ មុនីរ័ត្ន និងរដ្ឋមន្រ្តីក្រសួងសាធារណការ លោក ត្រាំ អ៊ីវតឹក ឱ្យរៀបចំកំណត់ឱ្យបានឆាប់រហ័សនូវតម្លៃ និងនីតិវិធី នៃការធ្វើបណ្ណសំគាល់យានយន្ត, ការត្រួតពិនិត្យបច្ចេកទេសយានយន្ត និងការធ្វើបណ្ណបើកបរជូនប្រជាពលរដ្ឋ។

គួរកត់សម្គាល់ថា សេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលតាមរយៈលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលនេះ ខណៈដែលក្រសួងមហាផ្ទៃ បាន​កំណត់ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះតទៅ នគរបាលចរាចរណ៍​នឹង​ចាប់ផ្តើម ចុះ​ឆែកឆេរ​រក​ប័ណ្ណ​សំគាល់​យានយន្ត ( កាត​គ្រី ) ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ( ឈៀក ) និង​ប័ណ្ណបើកបរ ( ពាក់​មី ) ជាថ្មីឡើងវិញ​។​

នៅក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រលប់​ថ្ងៃទី​១៤​ ខែមករា ​ឆ្នាំ២០១៦ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​សម្តេច​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​លើ​ការកែប្រែ​មាត្រាមួយ​ចំនួន ក្នុង​សេចក្តីព្រាងច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ ក្នុងនោះ  គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏បាន​សម្រេច​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា​ខាងមុខនេះ​តទៅ ប៉ូលិស​ចរាចរណ៍ នឹង​ត្រួតពិនិត្យរ​កឯក​សារស​ម្គា​ល់​យានយន្ត ជាថ្មីឡើងវិញ ដូចជា យានយន្ត​គ្មានស្លាកលេខ ប័ណ្ណបើកបរ វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេក​ទេសយានយន្ត និងការកាត់​ឈ្មោះសម្គាល់​យានយន្ត ជាដើម។ ​ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមិនមានឯកសារយានយន្តគ្រប់គ្រាន់តាមច្បាប់ ទៅបំពេញបែបបទស្របច្បាប់របស់ខ្លួន ឱ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ដើម្បីជៀសវាងការផាកពិន័យផងដែរ។

កាកំណត់កាលបរិច្ឆេទយកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ សម្រាប់រឹតបន្តឹងការត្រួតពិនិត្យរកឯកសារសម្គាល់យានយន្ត ជាថ្មីឡើងវិញនេះ ក្រោយពីមានការសម្ដែងការមិនពេញចិត្តពីប្រជាពលរដ្ឋចំពោះច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ។ តែទោះជាយ៉ាងណា ក្រោយពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃទី​១​មករា ឆ្នាំ​២០១៦ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​កែសម្រួល​ជា​បន្តបន្ទាប់ ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ ក្នុងនោះ រួមមាន​៖ ការលុបចោល​ប័ណ្ណបើកបរ​ម៉ូតូ កម្រិត ១២៥ CC ចុះក្រោម និង​មិន​តម្រូវ​ឲ្យ​មានការ​ផ្ទេរកម្មសិទ្ធិ កាត់ឈ្មោះ​ម្ចាស់​យានយន្ត ជាដើម​៕

សម្ដេចនាយករដ្ឋមន្រ្តី ជម្រុញឲ្យរដ្ឋមន្រ្តី២ក្រសួង ពន្លឿនការរៀបចំកំណត់តម្លៃ និងការធ្វើប័ណ្ណសំគាល់យានយន្ត និងប័ណ្ណបើកបរជូនពលរដ្ឋ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់