(ភ្នំពេញ)​៖ ក្រសួងមហាផ្ទៃនឹង​ចាក់ផ្សាយ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ឆ្នាំ២០១៦​នេះ​ ដែលជាស្ថានីយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួងមហាផ្ទៃ និង​ក្រុមហ៊ុន​ចិន CHINA FUJIAN ZHOUNGYA CULTURE MEDIA CO.,LTD.​កាលពីចុងខែកក្កដា ឆ្នាំ​២០១៥​។​ 

លោក ម៉ៅ ប៊ុន​ណារិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦​របស់​អគ្គនាយកដ្ឋាន​ភស្តុភារ នៅ​ថ្ងៃទី​២២​មីនា​នេះ​ថា ក្រុមការងារ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ បាន និង​កំពុង​រៀបចំ​កម្មវិធី​សេសសល់​មួយចំនួន មុនពេល​ចាក់ផ្សាយ ជា​ផ្លូវការ នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦​នេះ​។​

​បើតាម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ កន្លងមក ទូរទស្សន៍​មហា​ផ្ទៃ​នឹង​ផ្សាយ​តាម​កា​ណា​ល់​ប៉ុ​សិ៍្ត​លេខ ៦១ និង​វិទ្យុ FM លេខ ៩០.២៥​មេ​ហ្គា​ហឺត​ ហើយ​ស្ថានីយ​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៨​ហិកតា នៅ​តំបន់​ទំនប់​កប់​ស្រូវ ភាគ​ខាងលិច​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា កិច្ចសហការ​បង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ក្រសួងមហាផ្ទៃ​រួមគ្នា​រវាង​កម្ពុជា និង​ក្រុមហ៊ុន​ចិន ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ៣០ លាន​ដុល្លារ​អាមេរិក​។ លោក ម៉ៅ ប៊ុន​ណារិន បាន​ប្រាប់ថា វិទ្យុ និង​ទូរទស្សន៍​នេះ នឹង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឥត​ខ្សែ បែប​ឌីជីថល​ទំនើប ឬ​ទូរ​សព្ទ​ចល័ត និង​តាម​ប្រព័ន្ធ​ផ្កាយរណប​ស្តង់ដារ​អន្តរជាតិ​ទៀតផង​។​

​ទូរទស្សន៍​នេះ នឹង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទូទៅ រួមទាំង​ព័ត៌មាន​ទាន់​ហេតុការណ៍ សន្តិសុខ​សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និង​ការអប់រំ​ច្បាប់​ជាដើម ទៅកាន់​ទស្សនិកជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទូទាំង​ពិភពលោក​។​ ជាងនេះទៀត ទូរទស្សន៍​មហាផ្ទៃ​នេះ មាន​គោលបំណង​បង្កើន​ម៉ោង​ផ្សព្វផ្សាយ​កម្មវិធី​ទូរទស្សន៍​ឈ្មោះថា នាទី​សន្តិសុខ​មាតុភូមិ ដែល​ត្រូវ​បានដាក់​ផ្សាយ​តាម​បណ្តា​ទូរទស្សន៍​ក្នុងស្រុក​នានា អស់​រយៈពេល​ជាង២០​ឆ្នាំកន្លងមក ដើម្បី​ឲ្យ​ប្រជាជន ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​។​

​គួររម្លឹកថា លោក Huang Yi chuan តំណាង​ក្រុមហ៊ុន CHINA FUJIAN ZHOUNGYA បាន​ថ្លែង​ចំពោះមុខសម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ជាច្រើនរូប​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​បង្កើត និង​ដំណើរការ​វិទ្យុ និង​ទូរទស្សន៍​នេះ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៥​ថា គម្រោង​ស្ថានីយទូរទស្សន៍​ក្រសួងមហាផ្ទៃ នៅ​អាស៊ី​ខាងត្បូង នឹង​ប្រកាន់​ភ្ជាប់​នូវ​យុទ្ធសាស្ត្រ និង​បំពេញ​វិជ្ជាជីវៈ​ព័ត៌មាន​ជា​មូលដ្ឋាន ក្នុងការ​ផ្សព្វផ្សាយ​សេដ្ឋកិច្ច និង​នយោបាយ​ជា​ភាសា​ខ្មែរ​ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​បញ្ចេញ​ឥ​ទិ្ធ​ពល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្មែរ លើ​ឆាក​អន្តរជាតិ​។​

​គួរកត់សម្គាល់ថា ការបង្កើត​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ផ្ទាល់ខ្លួនរបស់ក្រសួងមហាផ្ទៃ ពេលនេះ ស្របពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ ក៏នឹងកំពុងសាងសង់​ស្ថានីយទូរទស្សន៍​ព្រះអាទិត្យ​ផ្ទាល់ខ្លួន ដែល​ទូរទស្សន៍​បក្សប្រឆាំង​នេះ គ្រោង​ផ្សាយ​ព័ត៌មាន​ខ្លួន​សាកល្បង នៅក្នុង​ឆ្នាំ​២០១៦​នេះ​ ផងដែរ​៕

វិទ្យុ និងទូរទស្សន៍ក្រសួងមហាផ្ទៃ នឹងដំណើរការផ្លូវការ នៅពាក់កណ្តាលឆ្នាំ២០១៦នេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់