(ភ្នំពេញ)៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តសៀមរាប ត្រូវត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយ នៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ។

តាមព័ត៌មានបានឲ្យដឹងថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅវេលាម៉ោងប្រមាណជាង១២យប់រំលងអាធាត្រចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ​នៅ​ម្តុំផ្សារ​កណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេល​លោក​ចុះដកលុយនៅទូរ ATM របស់ធនាគារកាណាឌីយ៉ា។

គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ តំណាងរាស្រ្តលោក អ៊ុំ សំអាន ត្រូវបានមន្រ្តីសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រសួងមហាផ្ទៃ ធ្វើការសាកសួរ បន្ទាប់ពីបានចាប់ខ្លួនដោយកម្លាំងសមត្ថកិច្ច ហើយបានបញ្ជូនមកដល់ក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៧ព្រឹកថ្ងៃនេះ។

សមត្ថកិច្ចជាន់ខ្ពស់បានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋសភាចាត់ទុក​ការ​​ចាប់ខ្លួន​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប​ លោក អ៊ុំ សំអាន ជាករណីដូច​គ្នា​នឹង​ករណី​អតីតព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា “បទល្មើសជាក់ស្តែង”។​

យ៉ាងណាក៏ដោយ កញ្ញា កឹម មនោវិទ្យា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះជាតិ បាន​សរសេរ​រិះគន់នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​ចាប់ខ្លួន​តំណាងរាស្ត្រអ៊ុំ សំអាន ត្រូវបានធ្វើឡើង​ដោយ​ខុសច្បាប់ ដោយសារតែ​អភ័យឯកសិទ្ធិតំណាងរាស្ត្រ​មិនទាន់ត្រូវបាន​លើក។​ ជាមួយគ្នានេះ អ្នកនាំពាក្យ​ លោក យឹម សុវណ្ណ បាន​អះអាងថា គណបក្ស​សង្រ្គោះជាតិ ​នឹង​ចេញ​សេចក្តីថ្លែងការណ៍​ចំពោះ​ការ​ចាប់ខ្លួន​លោក អ៊ុំ សំអាន។

សូមបញ្ជាក់ថា ការចាប់ខ្លួននេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ មណ្ឌលខេត្តសៀមរាប ​បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកបានចាកចេញទៅអាមេរិក កាលពីពាក់កណ្តាលឆ្នាំ២០១៥។

កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុំ សំអាន តំណាងរាស្រ្តខេត្តសៀមរាប ត្រូវបានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដាក់ទណ្ឌកម្ម វិន័យមួយចំនួន បន្ទាប់ពីសកម្មភាព ផ្សាយតាមបណ្តាញព័ត៌មានសង្គម ប៉ះពាល់ដល់កិត្យានុភាពរបស់រដ្ឋសភា និងការជេរប្រមាថមើលងាយប្រធានរដ្ឋសភា ដែលផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ លោក អ៊ុំ សំអាន នាពេលកន្លងទៅ ធ្លាប់បានបង្ហោះផែនទីរបស់កម្ពុជាច្រើនសន្លឹកនៅលើទំព័រហ្វេសប៊ុក ដែលត្រូវរដ្ឋាភិបាលអះអាងថា សុទ្ធសឹងតែផែនទីក្លែងក្លាយ ក្នុងគោលបំណងដើម្បីបង្កភាពចលាចលនៅក្នុងសង្គម។

ដោយឡែក លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ ហើយលោកត្រូវបានសាលាដំបូង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ ចំនួន៣ករណីរួមមាន បទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ទាក់ទងនឹងផែនទី និងសន្ធិសញ្ញាឆ្នាំ២០០៥ រវាងកម្ពុជា-វៀតណាម៕

 

លោក អ៊ុំ សំអាន ត្រូវចាប់ខ្លួន ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់