(ភ្នំពេញ)៖ លោក ស៊ុត ឌីណា ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េខាងត្បូង ស្រែកថា អយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ខណៈអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ។

នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងលោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីអង្គភាពបានឃាត់ខ្លួនរូបលោកអស់រយៈពេល៣ថ្ងៃ ហើយលោកបានស្រែកថា ករណីនេះជារឿង“អយុត្តិធម៌”។

សូមជម្រាបថា លោក ស៊ុត ឌី​ណា បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមេ​សា ឆ្នាំ២០១៦ តាម​ពាក្យបណ្តឹង​ជា​ច្រើន​ទាំង​នៅ​កូរ៉េ​និង​កម្ពុជា។

បន្ទាប់ពីស្ថិតក្រោមការឃុំខ្លួន និងសាកសួរពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អស់រយៈពេល៣ថ្ងៃ លោក ស៊ុត ឌីណា ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅម៉ោងប្រមាណ៩និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ រួចត្រូវបាននាំខ្លួនទៅសាកសួរ។ ពេលត្រូវនាំខ្លួនចូលទៅក្នុងសាលាដំបូង លោក ស៊ុត ឌីណា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា នេះគឺជារឿង “អយុត្តិធម៌ណាស់” សម្រាប់រូបលោក។

កាលពីម្សិលមិញ ឪពុកម្តាយរបស់លោក ស៊ុត ឌីណា បានចេញមុខសុំឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឲ្យកូនប្រុសបានរួចខ្លួនពីការចោទប្រកាន់ និងអះអាងថាកូនរបស់ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។

យ៉ាងណាក៏ដោយ បើតាមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ថា លោក ស៊ុត ឌីណា ត្រូវឃាត់ខ្លួនក្រោយពីលោកត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងមកដល់កម្ពុជាមួយថ្ងៃកាលពីយប់ថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០១៦។ លោក​ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ចោទប្រកាន់ពាក់ព័ន្ធ​នឹង​បណ្ដឹង​ចំនួន​៣ គឺ៖ ​ទី​១) ​បណ្តឹង​ជាច្រើន​ពី​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង,​ ទី​២) បណ្តឹង​ពី​មន្ត្រី​នៅ​ក្រសួងការបរទេស​ទាំង​នៅ​ភ្នំពេញ និង​ក្នុង​ទីក្រុង​សេ​អ៊ូ​ល, និង​ទី​៣) គឺ​តាមរយៈ​បណ្តឹង​នៅលើទំព័រ Facebook។

​កន្លងមក ​លោក ស៊ុត ឌី​ណា ​ធ្លាប់​សរសេរ​សារ​ទៅកាន់ Facebook Page របស់​សម្តេច ហ៊ុន សែន ផ្ទាល់ ដើម្បី​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ពី​បញ្ហា ដែល​លោក​អះអាងថា ខ្លួន​ទទួលរង​ភាពអយុត្តិធម៌ ដោយសារ​ការ​មួលបង្កាច់ ​និង​បង្ខូច​កេ​រ្តិ៍​ឈ្មោះ​លោក ពី​មនុស្ស​មួយចំនួន​នៅក្នុង​គណបក្ស​ប្រជាជន។ ក្នុងអំឡុងពេល​កាន់​តួនាទី​លោក ស៊ុត ឌី​ណា ក៏​ធ្លាប់មាន​បញ្ហា​ល្អក់កករ​មួយចំនួន ជាមួយ​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដោយ​លោក ហោ ណាំហុង ធ្លាប់បាន​ផ្ញើ​លិខិត​ណែនាំ​ទៅ​លោក ស៊ុត ឌី​ណា ជុំវិញ​បញ្ហា​កិច្ចការងារ​ការទូត​នេះដែរ ហើយ​លោក ស៊ុត ឌី​ណា ត្រូវ​ក្រសួងការបរទេស​កម្ពុ​ជា ហៅ​មក​បំភ្លឺ​នៅ​ទីស្តីការក្រសួង​ ទៀតផង។

សូមបញ្ជាក់ថា លោក ស៊ុត ឌីណា គឺអតីតប្រធានចលនានិស្សិតដើម្បី​ប្រជាធិបតេយ្យដែលគាំទ្រសម្តេចក្រុមព្រះ ហើយធ្លាប់ដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា។ លោក ស៊ុត ឌីណា ក៏ធ្លាប់ជាអតីត​អ្នកប្រឆាំង​ថ្ងៃ​០៧​មក​រា ប៉ុន្តែពេលនេះលោកបានធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា៕

លោក ស៊ុត ឌីណា ថា “អយុត្តិធម៌ណាស់សម្រាប់ខ្ញុំ” ពេល ACU បញ្ជូនខ្លួនទៅកាន់សាលាដំបូង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់