(ភ្នំពេញ)៖ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស របស់រដ្ឋសភា  និងជាតំណាងរាស្រ្តបក្សកាន់អំណាច ថ្លែងថា លោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្រ្តប្រសិនបើករណីអាស្រូវស្នេហាជារឿងពិត ដោយគំរាមថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើករណីនេះ។ 

 

លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេស របស់រដ្ឋសភា  ជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្ស​ប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលទទួលញត្តិរបស់ក្រុមយុវជនប្រឆាំងនឹងលោក កឹម សុខា ថាប្រសិនបើអាស្រូវស្នេហាជារឿងពិត លោក កឹម សុខា រំលោភ “តម្លៃស្រ្តីខ្មែរនិងសិទ្ធិនារី”ដោយលោកចាត់ទុកថា “គ្រោះថ្នាក់មែនទែន” និងជាការរំលោភច្បាប់ឯកពន្ធភាព (ប្តីមួយប្រពន្ធមួយ) ទៀតផង។

 

លោក ឈាង វុន បានបញ្ជាក់ថា រដ្ឋសភាអាចនឹងធ្វើលិខិតម្តងទៀត ដើម្បីឱ្យលោក កឹម សុខា ឆ្លើយបំភ្លឺ ហើយបើនៅតែមិនឆ្លើយទៀត ចុងក្រោយគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា នឹងបង្កើតគណៈ​កម្មការពិសេស ក្រោមសំឡេង៥០បូក១ ដែលគណៈកម្មការពិសេសនោះមានអំណាចខ្លាំង ក្នុងការអនុវត្តច្បាប់ និងក្រមសីលធម៌ សម្រាប់តំណាងរាស្រ្ត។

 

លោក ឈាង វុន បន្ថែមថា គណៈកម្មការពិសេសនេះ អាចអញ្ជើញ លោក កឹម សុខា ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ហើយក្រៅពីនោះ ក៏មានសិទ្ធិក្នុងការកោះហៅអ្នកពាក់ព័ន្ធ ដូចជា ហៅស្រីមុំ ឬថៅកែហាងកាត់សក់ ក៏ដូចមនុស្សចំនួនទៀតដើម្បីចូលបំភ្លឺ។ លោកផ្តល់យោបល់ថាលោក កឹម សុខា ត្រូវតែលាលែងពីតំណាងរាស្រ្ត ប្រសិនបើអាស្រូវស្នេហាជារឿងពិត។

 

សូមបញ្ជាក់ថា តាំងពីចុងខែកុម្ភៈ រហូតដល់ពេលនេះសំឡេងខ្សែអាត់សាសងស្នេហា ហើយជួនកាលឈានដល់ការនិយាយរឿងលើគ្រែ ដែលគេសង្ស័យថាធ្វើឡើងដោយ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ និងនារីវ័យក្មេងមួយចំនួន ក្នុងនោះក៏គេសង្ស័យលើនារីម្នាក់ ឈ្មោះ ខុម ចាន់ដារ៉ាទី ដែរនោះ បានបែកធ្លាយជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយ។

 

កាលពីថ្ងៃទី២១ខែមីនា អនុប្រធានទី២នៃរដ្ឋសភា លោក ងួន ញ៉ិល បានចេញលិខិត​មួយ​ស្នើឲ្យលោក កឹម សុខា បំភ្លឺរឿងញត្តិរបស់យុវជនមួយក្រុម ទាក់ទងនឹងរឿងអាស្រូវស្នេហាតាមខ្សែអាត់សំឡេងដែលត្រូវបានទម្លាយតាមប្រព័ន្ធសង្គមFacebook។ ហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៏នេះ  អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ដោយរំឭកឲ្យលោកបំភ្លឺ​ទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបក​ស្រាយ​រឿងការចោទប្រកាន់អាស្រូវស្នេហា។

 

រហូតដល់ពេលនេះ លោក កឹម សុខា មិនទាន់បកស្រាយជុំវិញករណីនេះ នៅឡើយទេ ដោយលោកប្រកាសប្រើយុទ្ធសាស្រ្ត “មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង”  ខណៈកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានបដិសេធថាមិនមែនជាសំឡេងរបស់នាង។ ទោះជាយ៉ាងនេះក្តី នាថ្មីៗនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើកោសលវិច្ច័យលើសម្លេងនោះ ហើយអះអាងថា ក្នុងសំឡេងខ្សែអាត់ជាច្រើន គឺជាសម្លេងពិត របស់លោក កឹម សុខា និងកញ្ញា ស្រីមុំ៕

លោក ឈាង វុន៖ បើអាស្រូវស្នេហាជារឿងពិត លោក កឹម សុខា ត្រូវលាលែងពីតំណាងរាស្រ្ត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់