(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភានៃកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ ក្រោមអធិបតីភាពរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ មានការចូលរួមក្រោមអធិបតីភាពរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកជាច្រើនរូបទៀត តាម​របៀបវារៈសំខាន់ចំនួន៥ រួមមាន៖ ១) ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥។ ២) របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភា តាមចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៥ និងលើកទី៦ នីតិកាលទី៥។ ៣) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពសមាជិករាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រូល និងបំពេញបន្ថែមចំនួន២៦រូប។ ៤) ការបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញាចំនួន១រូប។ និង ៥) ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសហជីព។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ មានកូរម​សរុប ១០៧រូប ដោយមានការអញ្ជើញចូលរួម ពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា (CPP) ៦៨រូប និងសមាជិកសភាគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៣៩រូប​ ហើយឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានចូលរួមនោះទេ។

បើតាមមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលួចបង្ហើបប្រាប់សារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី០៣ ខែមេសា ឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជាមួយនឹងកូនស្រី បានចាកចេញពីប្រទេសកម្ពុជា ទៅកោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ដោយស្ងាត់ស្ងៀម និងអាថ៌កំបាំង។

ក្រុមអ្នកវិភាគបានលើកឡើងថា ការចាកចេញពីរបស់លោក កឹម សុខា នៅពេលនេះត្រូវបានគេដឹងថា លោកបានព្យាយាមគេចវេសពីការចូលប្រជុំសភា នៅថ្ងៃច័ន្ទនេះ និងជាពិសេសគឺគេចវេសពីការតាមសាកសួរអំពីរឿងអាស្រូវផ្លូវភេទរបស់លោក ពីសំណាក់ក្រុមអ្នកកាសែត និងក្រុមនិស្សិត។

តាមព័ត៌មានបានបញ្ជាក់ថា លោក កឹម សុខា នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។

លោក កឹម សុខា ធ្លាប់បាន​លើកឡើង ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺ​គ្រាន់តែ​ជាការ​បង្ហាញ​រូបភាព​សើៗ ដែល​មិនមែន​ជាការ​កំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឡើយ​។ តែយ៉ាងណា សម្ដេច ហ៊ុន សែន  បានប្រកាស​ដោយ​ភាពជឿជាក់​កន្លងមក​ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជា​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។

​គួរ​បញ្ជាក់ថា សមាជិក​គណៈរដ្ឋមន្ត្រី​ដែលត្រូវ​គណៈរដ្ឋមន្ត្រី​រប​ស់ស​ម្តេច ហ៊ុន សែន បញ្ចប់​តួនាទី ផ្លាស់ប្តូរ និង​តែងតាំង​បន្ថែម​ទាំង ២៤រូប។ លោក គាត ឈន់ ត្រូវបាន​រដ្ឋាភិបាល​ប​ញ្ច​ប់​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ តាម​សំណើ​របស់​សាមីខ្លួន, លោក ហោ ណាំហុង រដ្ឋាភិបាល​បញ្ចប់​មុខងារ​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តែ​រក្សាទុក​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដដែល ទៅតាម​សំណើ​របស់​សាមីខ្លួន​។ ចំណែក លោក អ៊ឹម ឈុនលឹម បញ្ចប់​មុខងារជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​សាមីខ្លួន​៕

លោក កឹម សុខា អវត្តមានក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥ នាព្រឹកនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់