(ពោធិ៍សាត់)៖ ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងវេទិកាសកម្មជនមូលដ្ឋាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យនេះ​ បន្តប្រកាន់ជំហរមិនបកស្រាយរឿងអាស្រូវស្នេហា បើទោះជា ក្រុមអ្នកសារព័ត៌មាន និងនិស្សិតមួយចំនួន បានរង់ចាំសួរនាំ និងត្រូវការបកស្រាយ ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវ នេះ។ 

នៅព្រឹក ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអញ្ជើញជួបជាមួយ សកម្មជនមូលដ្ឋាននៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ខណៈនៅទីនោះក្រុមអ្នកសារព័ត៌មាន និងនិស្សិតមួយចំនួន បានរង់ចាំសួរនាំ និងត្រូវការបកស្រាយពី លោក កឹម សុខា ជុំវិញការផ្ទុះឡើងនូវរឿងអាស្រូវផ្លូវភេទ។

តាមលិខិតគោរពជូនអភិបាលខេត្តពោធិ៍សាត់ របស់លោក ស្រី ចំរើន តំណាងនិស្សិតនានានៅរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមនិស្សិតរបស់លោក ប្រមាណ៥០នាក់ ជួបជុំគ្នានៅចំណុចភូមិទ្រាំង សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ វេលាម៉ោងប្រមាណ៨៖០០ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ដើម្បីសុំជួបលោក កឹម សុខា ឲ្យបកស្រាយការពិតជូនក្រុមយុវជន និងនិស្សិត។

ទោះជាយ៉ាងណា ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​លោក ខេង ទី​តូ បាន​អះអាងថា បើទោះជា​មាន​ក្រុមយុវជន​ដែល​បាននាំគ្នា​ពី​ភ្នំពេញ មក​ស្រែក​តវ៉ា​រំខាន​ដល់​ការជួបជុំ​អ្នកគាំទ្រ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ឯកឧត្តម កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏ដោយ ក៏​មិន​អាចមាន​បញ្ហា​ប៉ះទង្គិច​គ្នា​ជាយ​ថ​ហេតុ​ណាមួយ​ឡើយ ព្រោះ​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះជួយ​ការពារ​អ្នកនយោបាយ​នៅ​គោលដៅ​ទាំងនោះ​ហើយ​។

​បើតាម​លោក ខេង ទី​តូ អាជ្ញាធរ​ដែល​បាន​ចុះទៅ​ជួយ​ការពារ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ចំនួន​ច្រើន​ដោយ​ក្នុងនោះ​មាន​ទាំង​ប៉ូលីស កងរាជអាវុធហត្ថ ព្រមទាំង​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវការ និង​ក្រៅផ្លូវការ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៨​មីនា ក្រុមនិស្សិត​ដែល​មិន​គាំទ្រ​និង​អ្នកនយោបាយ​ដែល​ប្រព្រឹត្តិ​រឿងអាស្រូវ​ស្នេហា​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ក៏បាន​ដាក់ពាក្យ​ប្ដឹង​ឯកឧត្តម កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​ករណី​ទៀត ដោយ​ស្នើ​ឲ្យ​អង្គភាព​មួយ​នេះ បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​សំឡេង​សាសង​ពី​ការទិញ​ដី និង​ផ្ទះ​ឲ្យ​នារី​ម្នាក់ ដែល​ពួកគេ​អះអាងថា ជា​សំឡេង​ឯកឧត្តម កឹម សុខា នេះដែរ បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​កោះហៅ​លោក កឹម សុខា ចេញមុខ​បកស្រាយ​រឿង​សំឡេង​ខ្សែអាត់​នេះ ។​

​តែ​ព័ត៌មាន​ទាក់ទង​សំឡេង​ឆ្លើយ​ស្នេហា ដែលមាន​ការចោទប្រកាន់​ថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​យុវតី​ម្នាក់ មិនបាន​ធ្វើ​ឲ្យ​ប្រធានស្តីទី​គណបក្សប្រឆាំង​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​នោះឡើយ​។ ដោយ​មិន​និយាយ​ចំ​ពី​បញ្ហា ឯកឧត្តម កឹម សុខា ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា បក្ស​របស់លោក​ត្រូវតែ​ធ្វើ​ទៅតាម​គោលដៅ តាម​ផែនការ​យុទ្ធ​របស់ខ្លួន ដោយ​«​មិនត្រូវ​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង »​ហើយ​មិន​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​នោះទេ​៕

 

លោក កឹម សុខា បន្តប្រកាន់ជំហរមិនបកស្រាយរឿងអាស្រូវស្នេហា ក្នុងវេទិកាសកម្មជនមូលដ្ឋាន ខេត្តពោធិ៍សាត់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់