(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមីនា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានជួបជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពិភាក្សាពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ។ នេះបើតាមFacebbok របស់លោក កឹម សុខា។ 

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីក្រុមតំណាងរាស្ដ្រមតិភាគតិច នៃរដ្ឋសភា បានសរសេរនៅលើបណ្តាញសង្គមFacebook ថា “នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦ លោក បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា”។

លោក បញ្ជាក់ថា “ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពី៖ ស្ថានភាពសិទ្ធិមនុស្ស ដំណើរការលទ្ធិប្រជាធិបតេយ្យ និងស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសនៅមុនពេលបោះឆ្នោត”។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ចាប់ផ្តើមបំពេញទស្សនកិច្ច​ នៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងនោះ លោកស្រីមានបានជួបប្រជុំជាមួយ សមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងសមាជិករដ្ឋសភា។

លោកស្រីក៏បានជួបផងដែរ ជាមួយតំណាងសង្គមស៊ីវិល ក្រុម អ.ស.ប ប្រចាំប្រទេសកម្ពុជា និងសហគមន៍ថែមទៀត។ ក្រៅពីនោះ លោកស្រី បានធ្វើទស្សនកិច្ច នៅតាមបណ្តាខេត្ត របស់កម្ពុជាមួយចំនួនទៀត ដើម្បីប្រមូលព័ត៌មានជាក់ស្ដែងដោយផ្ទាល់។

លោកស្រី រ៉ូណា ស្មីត ទទួលបានការតែងតាំងជា អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកបញ្ហានៅប្រទេសកម្ពុជា ជំនួសលោក សូរិយា ប្រាសាទស៊ូប៊ែឌី ក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាផ្លូវការលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៥ផងដែរ។

បញ្ហានយោបាយនៅកម្ពុជា គណបក្សធំៗចំនួនពីរ នៅមិនទាន់ថមថយកំដៅនៅឡើយ ខណៈរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ឈានដល់ការលូកដៃពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និង រដ្ឋសភា ថែមទៀតផង។

បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សសង្រ្គោះជាតិពេលនេះ កំពុងរៀបចំបែបបទដើម្បីដាក់ពាក្យប្តឹង លោក ស្រី ចំរើន ដោយសារតែលោក​បានប្រើប្រាស់ទង់ សម្លៀកបំពាក់ និងមួករបស់គណបក្សសង្រ្គោះជាតិ យ៉ាងអនាធិបតេយ្យ​​ និងគ្មានការអនុញ្ញាត នៅពេលហែរក្បួនទាមទាការបំភ្លឺពីលោក កឹម សុខា ជុំវិញខ្សែអាត់សម្លេងរឿងអាស្រូវស្នេហា៕

 

លោក កឹម សុខា ជួបជាមួយ អ្នករាយការណ៍ពិសេស អ.ស.ប ពិភាក្សាពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់