លោកកឹមសុខាប្រធានស្ដីទី បក្សសង្គ្រោះជាតិ បានធ្វើការ អំពាវនាវសាជាថ្មីទៅកាន់អ្នកគាំទ្ររបស់ខ្លួននិងសារធារណជន ថា ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មេត្ដាអញ្ជើញទៅធ្វើអត្ដសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ និង ជោគវាសនារបស់​ខ្លួន ក្នុងការ បោះឆ្នោត នាឆ្នាំ២០១៧-២០១៨ខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់លោកកឹមសុខា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃទី២៧មិនា។ 

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោកកឹមសុខាបានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថាចំណុចសំខាន់ៗ ដែលលោកបានលើកឡើងនៅក្នុងសុន្ទរកថាបើក “អង្គសន្និបាតក្រុមប្រឹក្សាជាតិលើកទី២”របស់បក្សសង្គ្រោះជាតិកាលពី ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ មានជាអាទិ៍៖

១. គណបក្សសង្គ្រោះជាតិ បានធ្វើដំណើរលើផ្លូវត្រូវហើយ រយៈពេលពីរឆ្នាំកន្លងមក(២០១៤-២០១៦) ពិសេស “ដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្ដូរ ជាវិជ្ជមាន”។

២.គណបក្សសង្គ្រោះជាតិ គួរពិចារណាបន្ដនូវគោលដៅយុទ្ធសាស្រ្ដនេះតទៅទៀត។ ជាពិសេស បន្ដការតស៊ូ ព្យាយាម អត់ធ្មត់ ដោយអហិង្សា និងប្រកាន់ខ្ជាប់នូវគោលការណ៍ “មិនឈ្លោះ មិនឆ្លើយ មិនឆ្លង”។

៣. ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងអស់ ផ្ដោតជាអាទិភាពទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដើម្បីសម្រេចបាន និងអនុវត្តនូវកម្មវិធីនយោបាយរបស់យើងគឺ វិមជ្ឈការអំណាច វិមជ្ឈការថវិការ និង វិមជ្ឈការធនធានមនុស្ស។

៤. គណបក្សសង្គ្រោះជាតិធ្វើការកែទម្រង់ផ្ទៃក្នុង ឲ្យបានកាន់តែរឹងមាំ និងទូលំទូលាយតទៅទៀត ដើម្បីផ្ដល់ឱកាសឲ្យអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ មកពីមជ្ឈដ្ឋានផ្សេងៗ ជាពិសេសយុវជនអាចនឹងបន្ដវេន ដឹកនាំតទៅមុខទៀត។

មុននឹងបញ្ចប់សុន្ទរកថាពេលនោះ លោកកឹមសុខាក៏បានធ្វើសេចក្ដីអំពាវនាវទៅកាន់អ្នកគាំទ្ររបស់ខ្លួននិងសារធារណជនផងដែរថា៖ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មេត្ដាអញ្ជើញទៅធ្វើអត្ដសញ្ញាណប័ណ្ណ ទៅចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត ដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិ និងរបស់ខ្លួន។រីឯអង្គការជាតិ និងសហគមន៍អន្ដរជាតិ សូមឲ្យផ្ដោតលើការជួយក្នុងការរៀបចំការបោះឆ្នោតនៅកម្ពុជា នាឆ្នាំ២០១៧-២០១៨នេះ ឲ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្ដិធម៌។

លោកកឹមសុខាបន្ថែមថាចំពោះគ្រប់គណបក្សនយោបាយ ដែលចូលរួមប្រកួត សូមប្រកួតដោយស្មើភាព ដោយថ្លៃថ្នូរ ជៀសវាងការប្រើអំពើហិង្សា និងការប្រើស្ថាប័នរដ្ឋ ដើម្បីកៀបសង្កត់ទៅលើភាគីដទៃ។

 

 

លោក កឹមសុខា អំពាវនាវសាជាថ្មីឪ្យ ពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទៅចុះឈ្មោះ និងទៅបោះឆ្នោត

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់