ប្រធានគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ីបានលើកឡើងនៅលើហ្វេសប៊ុក ថាលោកសូមអំពាវនាវ ដល់បក្សកាន់អំណាចសព្វថ្ងៃ កុំឲ្យខ្លាចពាក្យ”បដិវត្តន៍” ខុសរឿង ដោយនឹកឃើញតែពីសម័យខ្មែរក្រហមប៉ុណ្ណោះដោយបញ្ជាក់ថា បដិវត្តន៍ គឺជាការប្រែប្រួលមួយយ៉ាងឆាប់រហ័ស ក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅក្នុងសង្គម ដែលមានឥទ្ធិពលស៊ីជម្រៅ និងយូរអង្វែង។លោកក៏បានអំពាំវនាវដែរ ថាសូមកុំធ្វើបាប និងដាក់ទោសទៅលើយុវជនគង់ រ៉ៃយ៉ា ដែលមានគំនិតជឿនលឿនទាន់សម័យ ពេលប្រើពាក្យ “បដិវត្តន៍” នេះ។នេះបើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកសមរង្ស៊ីកាលពីថ្ងៃទី០២មិនាឆ្នាំ២០១៦។

បើយោងតាមសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កាលពីថ្ងៃទី០២ខែមិនាឆ្នាំ២០១៦បានលើកឡើងអំពីពាក្យថាបដិវត្តន៍ដោយលោកបានពន្យល់ថា”បដិវត្តន៍” គឺជាការប្រែប្រួលមួយយ៉ាងឆាប់រហ័ស ក្នុងផ្នត់គំនិតមនុស្ស ឬក្នុងការរស់នៅក្នុងសង្គម ដែលមានឥទ្ធិពលស៊ីជម្រៅ និងយូរអង្វែង។
ប្រភពដដែលបន្តថានៅប្រទេសកម្ពុជាយើង អ្នកកាន់អំណាចសព្វថ្ងៃ ហាក់ដូចជាមានការភ័យខ្លាច ចំពោះពាក្យ”បដិវត្តន៍”នេះ ពីព្រោះពួកគេនឹកដល់សម័យខ្មែរក្រហម ដែលពួកគេបានឆ្លងកាត់ ហើយដែលមានការកាប់សម្លាប់គ្នា និងបង្ហូរឈាមក្រោមទង់”បដិវត្តន៍”។
តែតាមការពិត ពាក្យ”បដិវត្តន៍”នេះ មិនមែនមានន័យចង្អៀតចង្អល់ និងអាក្រក់ជានិច្ច ដូចកាលពីសម័យខ្មែរក្រហមនោះទេ។

លោកសមរង្ស៊ីបន្តថា”បដិវត្តន៍”មានច្រើនប្រភេទ និងច្រើនបែបយ៉ាងណាស់ ហើយ”បដិវត្តន៍”មួយចំនួន បាននាំមកនូវផលប្រយោជន៍ដ៏ធំធេង ភាពជឿនលឿន និងភាពរុងរឿង ដល់សង្គម និងដល់មនុស្សលោកទាំងមូល។
និយាយជាទូទៅ មាន”បដិវត្តន៍”ដ៏ល្អប្រសើរជាច្រើន ដែលនាំមកនូវការផ្លាស់ប្តូរ ទាំងផ្នត់គំនិត ទាំងរបៀបរស់នៅ ទាំងរបៀបចាត់ចែងការងារ និងទាំងរបៀបគ្រប់គ្រងប្រទេស។ ពេលនេះ យុវជនទូទាំងពិភពលោក កំពុងតែឆ្លងកាត់បដិវត្តន៍បច្ចេកវិទ្យាមួយ ទាក់ទងទៅនឹងព័ត៌មានវិទ្យា (Information and communication technology) ដែលនាំមកនូវការប្រែប្រួលជាវិជ្ជមាន ដែលមានសារៈសំខាន់បំផុត ក្នុងការច្នៃផ្នត់គំនិត និងរបៀបរស់នៅ របស់ប្រជាពលរដ្ឋជាទូទៅ។

ប្រធានគណបក្សសង្គ្រោះជាតិលោកសមរង្ស៊ី ​បន្ថែមថាឧទាហរណ៍ជាក់ស្តែងជាងគេ ក្នុងបដិវត្តន៍បច្ចេកវិទ្យានេះ គឺកុំព្យូទ័រ ទូរស័ព្ទដៃ ប្រព័ន្ធអ៊ីធើណេត (Internet) និងហ្វេសប៊ុក (Facebook) ដែលយើងកំពុងប្រើប្រាស់ទាំងអស់គ្នា។ សម្រាប់យុវជនខ្មែរភាគច្រើនលើសលប់ អ្វីៗទាំងអស់នេះ ទើបតែមានក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយបាននាំមកនូវការប្រែប្រួលជាច្រើន ក្នុងការទទួលព័ត៌មាន ស្វែងរកចំណេះដឹង និងទំនាក់ទំនងគ្នាក្នុងសង្គម ដែលធ្វើឲ្យសង្គមនេះ ឈានទៅមុខ ឆ្ពោះទៅរកតម្លាភាព ភាពជឿនលឿន និងលទ្ធិប្រជាធិបតេយ្យ។

ដូច្នេះ លោកសូមអំពាវនាវ ដល់អ្នកកាន់អំណាចសព្វថ្ងៃ កុំឲ្យខ្លាចពាក្យ”បដិវត្តន៍”នេះខុសរឿង ដោយនឹកឃើញតែពីសម័យខ្មែរក្រហមប៉ុណ្ណោះ។ សូមកុំធ្វើបាប និងដាក់ទោសទៅលើយុវជន ដូចជានិស្សិតឈ្មោះ គង់ រ៉ៃយ៉ា ដែលមានគំនិតជឿនលឿនទាន់សម័យ ពេលប្រើពាក្យ “បដិវត្តន៍” ហើយដែលយល់ច្បាស់អំពីបរិបទថ្មី ប្រែប្រួលឥតឈប់ឈរ ដែលយើងកំពុងតែរស់នៅទាំងអស់គ្នា។

ក្នុងនោះដែរលោកសមរង្ស៊ីបញ្ជាក់ថាព័ត៌មានជាចំណេះដឹង ចំណេះដឹងជាអាវុធដ៏ស័ក្តិសិទ្ធបំផុត ដើម្បីនាំមកនូវការផ្លាស់ប្តូរ។ ផ្លាស់ប្តូរមុនដំបូង គឺក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋ។ ផ្លាស់ប្តូរបន្ទាប់មក គឺក្នុងសង្គមតែម្តង ឆ្ពោះទៅរកលទ្ធិប្រជាធិប តេយ្យ និងភាពរុងរឿង៕

Sam Rang siy 03 03

លោកសមរង្ស៊ី អំពាវនាវ ដល់បក្សកាន់អំណាច កុំឲ្យខ្លាចពាក្យ”បដិវត្តន៍” ខុសរឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់