រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានព្រមានលុបឈ្មោះគ្រូពេទ្យណាដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ចេញពីបញ្ជីគណៈគ្រូពេទ្យកម្ពុជា ក្នុងករណីរំលោភ​បំពានក្រមសីលធម៌​វិជ្ជាជីវៈ ធ្ងន់ធ្ងរ។

សំដៅ​លើកកម្ពស់​កិត្យានុភាព​វិជ្ជាជីវៈ​គ្រូពេទ្យ ដើម្បី​កាត់បន្ថយ​លំហូរ​ការចេញ​ទៅពិនិត្យ និង​ព្យាបាល​សុខភាព​នៅក្រៅ​ប្រទេស​ ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ព្រមាន​ថា​នឹង​លុបឈ្មោះ​គ្រូពេទ្យ​រដ្ឋ និង​ឯកជន​ដែល​មិន​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ចេញពី​គណៈ​គ្រូពេទ្យ​កម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន អឹមរ៉ាយ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យកាល់ម៉ែត លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមាន​ប្រសាសន៍ថា ចាប់ពីពេលនេះទៅចំពោះគ្រូពេទ្យទាំងឡាយណា ដែលរំលោភ​បំពានក្រមសីលធម៌​វិជ្ជាជីវៈគណៈ គ្រូពេទ្យនឹងដាក់ពិន័យរដ្ឋបាល ដូចជា ការស្តីបន្ទោស ការដកសញ្ញាបត្រ ហើយ​ករណីធ្ងន់ធ្ងរ និងឈាន ដល់ការលុបឈ្មោះចេញពីបញ្ជីគណៈគ្រូពេទ្យកម្ពុជាមិនអនុញ្ញាត​ឱ្យប្រកបវិជ្ជាជីវៈជាពេទ្យតែម្តង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា មុននឹងឈានដល់ការលុបឈ្មោះចេញពីបញ្ជីគណៈគ្រូពេទ្យនេះ  ក្រសួង និងគណៈគ្រូពេទ្យកម្ពុជានឹងធ្វើការអប់រំណែនាំក្រើនរម្លឹក ដើម្បីឱ្យគ្រូពេទ្យទាំងនោះ មានការយល់​ដឹង បន្ថែមទៀត ឈានទៅផ្លាស់ប្តូរឥរិយាបថ គោរពក្រមសីលធម៌វិជ្ជាជីវៈនេះឡើងវិញ។ លោករដ្ឋមន្រ្ដីបានស្នើដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងជំហរក្នុងការផ្តល់សេវាព្យាបាល​ប្រកបដោយគុណភាព និងគោរពក្រមសីលធម៌ឡើងវិញ សំដៅលើកកម្ពស់កិត្យានុភាព​វិជ្ជាជីវៈគ្រូពេទ្យ។

ជាការកត់សម្គាល់ ចំពោះការព្រមានចាត់វិធានការដ៏តឹងរឹងនេះ ធ្វើឡើងខណៈវិស័យសុខាភិបាលកម្ពុជា រងការរិះគន់ ពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រជាពលរដ្ឋថា គ្រូពេទ្យមួយចំនួនប្រើពាក្យ​គំរោះគំរើយ មើល ងាយឋានៈប្រជាពលរដ្ឋ និងទុកអ្នកជំងឺក្រីក្រចោល មិនព្រមទទួលពិនិត្យ និងព្យាបាលជំងឺ ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានសម្តែងការគំាទ្រចំពោះចំណាត់ វិធានការនេះដែលនឹងធ្វើឱ្យគ្រូពេទ្យមួយចំនួន ពិចារណាងាកមកគោរពនិងអនុវត្តន៍តាមក្រមសីល ធម៌វិជ្ជាជីវៈ ដើម្បីលើកស្ទួយកិត្តិយសគ្រូពេទ្យ និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅតែមិនផ្តល់តម្លៃ និងការជឿជាក់ទៅលើ គុណភាពនិងគុណធម៌គ្រូពេទ្យខ្មែរ ដោយអ្នកដែលមានលទ្ធភាព បានចាកចេញទៅទទួលការ ពិនិត្យ និងព្យាបាលនៅក្រៅប្រទេស។ ជាក់ស្ដែង​ថ្មីៗ​នេះ​លោក វេជ្ជបណ្ឌិត​គួច ម៉េង​លី បាន​ធ្វើ​ការរិះគន់​ចំៗ​លើ​គ្រូពេទ្យ​ខ្មែរ​ថា ពេទ្យ​នៅ​ស្រុក​ខ្មែរ អាក្រក់ និង​គ្មាន​វិជ្ជាជីវៈ ក្នុងចំណោម​១០​នាក់ ដែល​លោក​បាន​ជួប មាន​៩​នាក់​អាក្រក់​៕

លោករដ្ឋមន្ត្រីម៉ម ប៊ុនហេង ព្រមានលុបឈ្មោះគ្រូពេទ្យណាដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ចេញពីបញ្ជីគណៈគ្រូពេទ្យកម្ពុជា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់