លោក Bashar al-Assad ប្រធានាធិបតី​ស៊ី​រី​បាន​និយាយ​កាលពី​ថ្ងៃ​ទី១២ខែកុម្ភះឆ្នាំ២០១៦ នេះ​ថា លោក​មានបំណង​វាយប្រហារទ្រង់ទ្រាយធំដើម្បីច្បាមយកការគ្រប់គ្រង​ប្រទេស​ស៊ី​រី​ទាំងមូល​ឡើងវិញ​ពី​កងកម្លាំង​ឧទ្ទាម ​ក្រោយពី​ក្រុម​មេដឹកនាំ​ពិភពលោក​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរីក្នុង​ពេល​មួយ​សប្តាហ៍កិច្ចព្រមព្រៀង​នេះ​កំពុង​ត្រូវ​ដាក់​ឱ្យ​មាន​ការ​គោរព​តាម។

ការ​ចរចា​ដើម្បី​ស្វែងរក​កិច្ច​ឈប់បាញ់​នៅ​ស៊ីរី​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​មុយនិច​ កាល​ពីថ្ងៃ​ទី១២ខែកុម្ភះឆ្នាំ២០១៦ ហើយបាន​បិទ​បញ្ចប់​នៅថ្ងៃបន្ទាប់ ​ ជាមួយកិច្ច​ពិភាក្សា​យ៉ាង​តានតឹង​ជា​ច្រើនម៉ោង​ ចូលរួមដោយភាគី​សំខាន់ ​មាន​អាមេរិក​ និង​រុស្ស៊ី ​ បាន​សុខចិត្ត​ឲ្យ​មាន​ការ​ដាក់​អាវុធ​ឈប់បាញ់​គ្នា ​ នៅ​រវាង​៧ថ្ងៃ​ទៀត ​ នៅ​ទូទាំងប្រទេស​ស៊ីរី។ ការ​ផ្អាក​ការ​បាញ់គ្នា​នេះ ​ នឹង​អនុញ្ញាតិ​ ឲ្យ​ក្រុម​ការងារ​មនុស្សធម៌ ​យក​ជំនួយ​ទៅ​ជួយ​ប្រជាជន​ស៊ីរី ​ដែល​កំពុងតែត្រូវការជំនួយ។

ប្រទេសអារ៉ាប់មួយនេះ ​ដែល​បាននិងកំពុងតែ​ហែកហួរ​ដោយ​ភ្លើង​សង្រ្គាម ​រវាង​ក្រុម​ឧទ្ទាម​ជា​ច្រើន​ក្រុម​ ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល​ផ្តាច់ការ​របស់​​លោក al-Assad ក៏នៅមាន​ក្រុម​ផ្សេង​ទៀត ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជាក្រុម​ភេរវកម្ម ​គឺ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ និង​ក្រុម​អាល់ន័រស្រា ​ដែល​ជា​ក្រុម​អាល់កាយដា។

ទាក់ទិនការ​ចរចាខាងលើក្រោយបិទកិច្ចប្រជុំតែប៉ុន្មានម៉ោងប៉ុណ្ណោះលោកប្រធានាធិបតី​ស៊ីរី​ Bashar al-Assad បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រថា​ កងកម្លាំង​លោក​គ្រោង​នឹង​ «វាយ​យក​ប្រទេស​ទាំង​មូល​មក​វិញ» ហើយ​ការណ៍​នេះ​បាន​បង្កើន​ការ​សង្ស័យ​អំពី​ការ​ប្តេជ្ញារបស់​ភាគី​ទាំង​អស់ក្នុង​ការ​បញ្ចប់​សង្គ្រាម​នេះ​ដែល​មាន​រយៈពេល​ជិត​៥ឆ្នាំ​មក​ហើយ។​

លោក​ Assad បាន​និយាយ​ថា ការ​វាយ​យក​ដែន​ដី​ទាំង​ស្រុង​មក​វិញ​អាច​មាន «រយៈពេល​យូរ»។ ប្រធានាធិបតី​ស៊ីរី​រូប​នេះ​បាន​ថ្លែង​ថា​លោក​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែង​រក​សន្តិភាព ក៏​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ កិច្ចចរចា​ «មិនមែន​មាន​ន័​យថា​យើង​ឈប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ទេ»។

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​ចង្អុល​បង្ហាញ​អំពី​ចន្លោះ​ប្រហោង​មួយ​ចំនួន​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវ​បាន​យល់ព្រម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ពួកគេ​បាន​និយាយ​ថា ​អាច​អនុញ្ញាត​ឱ្យ​កងកម្លាំង​របស់ Assad ដោយ​មាន​ជំនួយ​ពី​ប្រទេស​រុស្សី អាច​បង្កើន​ការ​វាយ​លុក​របស់​ពួកគេ​លើ​តំបន់​ដែល​ពួក​ឧទ្ទាម​កាន់កាប់។​

ម្យ៉ាង​វិញ​ទៀត​កិច្ចព្រមព្រៀង​នេះ​មិន​បាន​ធ្វើឱ្យ​មានការ​ឈប់បាញ់គ្នា​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ស៊ីរី​ប្រឆាំង​នឹង​ពួក​ភេរវជន​ដែល​រួម​មាន​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម និង​រណសិរ្ស​ al Nusra ផង​ដែរ។​

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ Assad ចាត់​ទុក​ក្រុម​យុទ្ធជន​ប្រឆាំង​ទាំង​អស់ ទាំង​ពួកកងកម្លាំង​មិន​និយម​ជ្រុល​ និង​ទាំង​ពួក​ជ្រុល​និយម​ ថា​ជា​ពួក​ភេរវជន​ ហើយ​រុស្សី​នៅ​តែ​បន្ត​ទម្លាក់​គ្រាប់បែក​លើ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ ជា​ទី​ដៅ​ភេរវជន​ដែល​អាច​នាំ​ឱ្យ​កងកម្លាំង​ Assad បាន​ចំណេញ​ច្រើន​នៅ​ជុំវិញ​ក្រុ Aleppo ដែល​ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ប្រទេស​ស៊ីរី។​

ចំណែកលោក Mark Toner អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកវិញ បាននិយាយថា លោក ​al-Assad អាចយល់ខុស បើសិនលោកគិតថាមានដំណោះស្រាយយោធាសម្រាប់ជម្លោះនេះ។

ពួក​ឧទ្ទាម​ស៊ីរី​នៅ​តែ​បន្ត​ចោទ​ប្រកាន់​កង​យន្តហោះ​ចម្បាំង​រុស្សី​ថា​ ធ្វើ​ការ​វាយ​ប្រហារ​គ្មាន​រើស​មុខ​លើ​ពួក​ជន​ស៊ីវិល​ និង​ក្រុម​ប្រឆាំង​មិន​និយម​ជ្រុល ខណ:សង្គ្រាមបាន​សម្លាប់​មនុស្ស​ជាង​២៥០.០០០​នាក់ រីឯមនុស្ស​ប្រហែល​១១​លាន​នាក់​បាន​ផ្លាស់​ទីជម្រក​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈពេល​ជិត​៥​ឆ្នាំ​នៅ​ស៊ី​រី​៕

លោកប្រធានាធិបតី Bashar al-Assad ប្តេជ្ញាច្បាមគ្រប់គ្រងប្រទេសឡើងវិញ ខណ:កិច្ចព្រមព្រៀងរបស់ស៊ីរីឈានដល់ការអនុវត្តសាកល្បង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Friends

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
  • gplus
banner banner

មតិយោបល់