(មីយ៉ាន់ម៉ា)៖ លោក ថេ​ន សេន អតីតប្រធានាធិបតីមីយ៉ាន់ម៉ាទើបផុតអាណត្តិ បានសម្រេចបួសជាព្រះសង្ឃរយៈពេលខ្លី បន្ទាប់ពីលោកបានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យរដ្ឋាភិបាលថ្មីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។

យោងតាម​ព័ត៌មាន​ក្នុងស្រុក​មី​យ៉ាន់​ម៉ា (Democratic Voice of Burma) ដែល​បាន​ដកស្រង់​ពី​ប្រភព​ស្និទ្ធ​នឹង​លោក ថេ​ន សេន ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ឲ្យដឹងថា លោកអតីតប្រធានាធិបតីមីយ៉ាន់ម៉ាទើបផុតអាណត្តិថេន សេន បានសម្រេចបួសជាព្រះសង្ឃ បន្ទាប់ពីលោកបានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យរដ្ឋាភិបាលថ្មីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលដឹកនាំដោយ លោកប្រធានាធិបតី ធិន ច។

លោក ថេន សេន បានសម្រេចសាងផ្នួសជាព្រះសង្ឃក្នុងរយៈពេលខ្លីមួយដើម្បីធ្វើវិបស្សនាដែលចាប់ ផ្តើមតាំងពីថ្ងៃទី០១ ខែ មេសាកន្លងទៅ។ តែរយៈពេលនៃការសាងផ្នួសនោះមិនត្រូវបានកំណត់ច្បាស់នោះទេ។

តាមប្រភព​ព័ត៌មានដដែល មិនបានបញ្ជាក់ថា លោក ថេន សេន សាងផ្នួសនៅកន្លែងណា  និង ក្នុងរយៈពេល យូរប៉ុន្មាននោះទេ តែ គ្រាន់តែបញ្ជាក់ថា កន្លែងនោះមានលក្ខណៈស្ងប់ស្ងាត់ និងតូចប៉ុណ្ណោះ។ តែបើតាមការអះអាងរបស់អ្នកសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា (Sky Net) បញ្ជាក់ថា ការសាងផ្នួសរបស់លោក ថេន សេន គឺគ្រាន់តែធ្វើក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ លោកថា លោកថេន សេន ទំនងជាសាងផ្នួសចន្លោះពី៧ថ្ងៃ ឬ ១០ថ្ងៃ ឬអាចដល់មួយខែ។

តាមពិតទៅក្នុងបរិបទមីយ៉ាន់ម៉ា ការសាងផ្នួសក្នុងរយៈពេលខ្លី មិនមែនជារឿងអ្វីដែលចម្លែកនោះទេ ពោលគឺ វាក្លាយជាការអនុវត្តរួមមួយទៅហើយសម្រាប់ប្រជាជនមីយ៉ាន់ម៉ា។ តែសម្រាប់អតីតប្រធានា ធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ការសាងផ្នួសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រូវបញ្ចប់តួនាទីជាប្រធា នាធិបតី និងបានផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យរដ្ឋាភិបាលថ្មី។

សូមបញ្ជាក់ថា លោកអតីតប្រធានាធិបតីថេន សេន បានផ្ទេរអំណាចទៅឲ្យអ្នកបន្តវេនថ្មីគឺ លោកប្រធានាធិបតី ធិន ច មកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា កន្លងទៅ។

​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ​(NLD) ដែល​ជា​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេសមីយ៉ាន់ម៉ា​ ដឹក​នាំ​ដោយ​លោក​ស្រី ​អ៊ុង សាន​ស៊ូជី ​បាន​ជាប់​ឆ្នោត​ជា​ស្ថាពរ​ដែល​ទទួលបានជ័យ​ជម្នះរហូត​ដល់​ទៅ​៧០%​នៃសម្លេង​ឆ្នោត​សរុប​ លើគណបក្សរបស់លោកប្រធានាធិបតី ថេន សេន កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះ៕

 

 

លោកប្រធានាធិបតី ថេន សេន សាងផ្នួសជាព្រះសង្ឃ ក្រោយផ្ទេរអំណាចដោយសន្តិវិធីឲ្យរដ្ឋាភិបាលថ្មី

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់