(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញ ប្រធានក្រុមតំណាងរាស្រ្តមានសំឡេងក្នុងសភា សម្ដេច ស ខេង និង ឯកឧត្តម កឹម សុខា បានជួបពិភាក្សាគ្នានៅរដ្ឋសភា ដើម្បីពិភាក្សាចំណុចដែលខ្វែងគំនិតគ្នា និងពង្រឹងវប្បធម៏សន្ទនា។ ជាលទ្ធផលនៃជំនួបនោះ ភាគីទាំងពីរព្រមព្រៀងគ្នាឲ្យថ្នាក់ដឹកនាំទាំងពីរទទួលបានឡាន១គ្រឿង និងទីប្រឹក្សា៩រូប រួមទាំងមានខុទ្ទកាល័យដាច់ដោយឡែកថែមទៀតផង។ 

លោក ឈាង វុន អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន នៅក្នុងរដ្ឋសភា បានលើកឡើង បន្ទាប់ពីបញ្ចប់ជំនួបរវាងក្រុមតំណាងរាស្រ្តសំឡេងភាគច្រើន នៃរដ្ឋសភា ដឹកនាំដោយសម្តេច ស ខេង និង ក្រុមសំឡេងភាគតិច ដឹកនាំដោយ ឯកឧត្តម កឹម សុខា នៅវិមានរដ្ឋសភា នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ថា គណបក្សទាំងពីរបានព្រមព្រៀងស្នើទៅប្រធានគណៈអចិន្រ្តៃយ៍ នៃរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដើម្បីថ្នាក់ដឹកនាំតំណាងរាស្រ្តក្រុមសំឡេងភាគតិច និងភាគច្រើននៅក្នុងរដ្ឋសភា មានជំនួយការ រថយន្ត និងខុទ្ទកាល័យ តាមផ្លូវច្បាប់។ លោក ឈាង វុន ឲ្យដឹងដូច្នេះថា “ទី១ យើងជូនទីប្រឹក្សា ជំនួយការ ព្រមទាំងខុទ្ទកាល័យផងមានគ្នា ៩នាក់ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន និងអគ្គលេខាធិការជាដើម បន្ទាប់មកទៀតយើង នឹងមានកញ្ចប់ថវិកាមួយ ដែលត្រូវចែករំលែកទៅតាមចំនួនអសនៈនៃរដ្ឋសភា”។

ចំណែក លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យក្រុមតំណាងរាស្រ្តសំឡេងភាគតិច បាននិយាយថា ការផ្តល់ជំនួយការ ទីប្រឹក្សា និង រថយន្តជូនថ្នាក់ដឹកនាំតំ ណាងរាស្រ្តសំឡេងភាគតិច និងភាគច្រើន នៅក្នុងរដ្ឋសភាពេលនេះ ដើម្បីសម្រួលដល់ការងារនៅក្នុងរដ្ឋសភា។ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា “ការរៀបចំនីតិវិធីក្របខណ្ឌគតិយុត្តិជាច្បាប់ នឹងមានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា ក្រោយពេលដែលធ្វើវិសោធនកម្មហើយ ចូលជាធរមានហើយ យើងនឹងចាប់ផ្តើមអនុវត្ត អ្វីដែលមានចែងនៅក្នុងប្រកាស១៨ថ្មី៣ ដែលផ្តល់មធ្យោបាយដល់ថ្នាក់ដឹកនាំក្រុមមតិភាគតិច និងភាគច្រើន ដើម្បីបំពេញការងារ”។

សូមរម្លឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ គណបក្សជាប់ឆ្នោតទាំងពីរ បានបើកកិច្ចចរចាជាមួយគ្នាដោយបានព្រមព្រៀងជាថ្មីចំនួន ៤ចំណុច។

ក្នុងជំនួបរវាងប្រធានក្រុមតំណាងរាស្រ្តមានសំឡេងក្នុងសភា កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ម្សិលមិញ ករណីរបស់ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី ត្រូវបានលើកទៅជជែក បន្ទាប់ពីគណៈកម្មការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា (IPU) មកបំពេញទស្សនកិច្ចនៅកម្ពុជា និង ស្នើឲ្យដោះលែងនោះ។ ក្រៅពីនេះ សម្តេច ស ខេង បានថ្លែងបញ្ជាក់នៅក្នុងកិច្ចពិភាក្សាថា តាមសំណើរបស់ឯកឧត្តម កឹម សុខា គឺត្រង់ចំណុចទី៣ នៃសេចក្តីប្រកាសរួមទាក់ទងនឹងការរៀបចំមធ្យោបាយធ្វើការរបស់ថ្នាក់ដឹកនាំតំណាងរាស្ត្រ ត្រូវយកមកពិភាក្សានៅក្នុងជំនួបនោះ ហើយ ការ​ចាប់ខ្លួន​​​សកម្ម​ជន​គណបក្សសង្គ្រោះ​ជាតិ អាចនឹងត្រូវលើកយកមក​ជជែក​នៅជំនួប​នាពេល​ក្រោយ​៕

 

 

លទ្ធផលនៃជំនួបរវាងក្រុមតំណាងរាស្រ្តមានសំឡេងក្នុងសភា ភាគីទាំងពីរព្រមព្រៀងគ្នាឲ្យថ្នាក់ដឹកនាំទទួលបានឡាន១គ្រឿង និងទីប្រឹក្សា៩រូប

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់