វីដេអូ​ដ៏​ក្រៀមក្រំ និង​រំជួលចិត្ត​មួយ​ខ្សែ ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​ដំរី​មួយ​ក្បាល មាន​ឈ្មោះ​ថា Plai Panom អាយុ ២០ ឆ្នាំ លុតជង្គង់ និង​ក្រាប​ចុះ​លើ​ដី នៅ​ចំពោះ​មុខ​ក្ដារ​មឈូស​ហ្ម​ដំរី​ម្នាក់ ដើម្បី​លា​គ្នា​ជា​លើក​ចុងក្រោយ​បង្អស់។

ហ្ម​ដំរី​ខាងលើ មាន​ឈ្មោះ​ថា Somjai Chuenprasaeng អាយុ ៦៥ ឆ្នាំ បាន​ស្លាប់​ដោយ​នឹក​ស្មាន​មិន​ដល់ នៅ​ពេល​ដែល​ឡាន​ដឹក​ទំនិញ​មួយ​គ្រឿង បើកបរ​ធ្លាក់​ផ្លូវ​ក្នុង​ល្បឿន​លឿន រួច​ក៏​មក​បុក​ហ្មដំរី​នោះ ដែល​កំពុងតែ​សម្រាក​លេង​នៅ​ខាង​មុខ​ផ្ទះ នៅ​ភាគ​ខាងត្បូង​ខេត្ត Surat Thani ប្រទេស​ថៃ។

សត្វ​ដំរី​ឈ្មោល Plai Panom ជាមួយ​នឹង​កូន​ប្រុស លោក Somjai ដែល​ជិះ​ពី​លើ.ក​វា បាន​គោះ​ក្ដារមឈូស ដើម្បី​ប្រាប់​ឲ្យ​ហ្មដំរី​រូប​នោះ​ដឹង​ថា វា​បាន​មក​គោរព​វិញ្ញាណក្ខន្ធ បន្ទាប់​ពី​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ជាង ១០ ឆ្នាំ។

បុរស​ជា​កូន​ប្រុស មាន​ឈ្មោះ​ថា Pramote Chuenprasaeng អាយុ ៤៣ ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន Thai PBS ឲ្យ​ដឹង​ថា គ្រួសារ​លោក​មិន​មាន​បំណង​ឲ្យ Plai Panom ចូល​រួម​ឡើយ ដែល​ជា​ធម្មតា​វា​ត្រូវ​ចង​ទុក​នៅ​ក្នុង​ព្រៃ ចម្ងាយ ៥ គីឡូម៉ែត្រ​ពី​ផ្ទះ។

លោក Pramote ពន្យល់​ប្រាប់​ថា បន្ទាប់​ពី​សាកសព​ឪពុក​ខ្លួន​បាន​បញ្ជូន​ពី​មន្ទីរពេទ្យ​មក​ដល់​ផ្ទះ​វិញ លោក​បាន​ទៅ​មើល Plai Panom ប៉ុន្តែ​វា​ស្រាប់តែ​បាត់​ខ្លួន។ លោក​បាន​ដើរ​រក​វា ហើយ​ក៏​ប្រទះ​ឃើញ​វា​នៅ​ក្បែរ​នោះ ដោយ​បង្គោល​ដែល​ចង​វា ត្រូវ​វា​ធ្វើ​ឲ្យ​រលំ​ដើម្បី​គេច​ខ្លួន ប៉ុន្តែ​បង្គោល​នោះ​បាន​ទាក់​ជាប់​ជាមួយ​ដើម​ឈើ ធ្វើ​ឲ្យ​វា​មិន​អាច​ទៅ​ណា​រួច​ទៀត។

ដោយសារ​តែ​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា លោក Pramote បាន​ជិះ​ដំរី​ត្រលប់​មក​ផ្ទះ​វិញ​តែម្ដង។ នៅ​ពេល​ដែល​ពួក​គេ​មក​ដល់ ពិធីបុណ្យ​សព​ក៏​បាន​ចាប់ផ្ដើម ហើយ​នៅ​ពេល​នោះ Plai Panom បាន​ដើរ​សំដៅ​ទៅ​កាន់​មឈូស​ភ្លាមៗ ហាក់​បី​ដូច​ជា​វា​ដឹង​ថា ហ្មដំរី​នៅ​ខាង​ក្នុង​នោះ​អីចឹង។

យ៉ាងណាមិញ មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិធី​នោះ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ឃើញ​ទិដ្ឋភាព​ដ៏​រំជួល​ចិត្ត ដែល​សត្វ​ដំរី​មួយ​ក្បាល​នោះ ធ្វើ​ចំពោះ​ហ្មដំរី៕

រំជួលចិត្ត! ដំរីមួយក្បាល លុតជង្គង់ មុខក្តារមឈូសហ្មដំរី ដើម្បីលាគ្នា

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Van nak02

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ fm102.5river@yahoo.com
banner

មតិយោបល់