(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រផលិតស្ករស និងកៀបទឹកអំពៅ មានទីតាំងក្នុងភូមិពោធិទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។

រោងចក្រនេះជារោងចក្រធំជាងគេនៅអាស៊ីរបស់ក្រុមហ៊ុន Rui Feng Cambodia International Co.,Ltd. លើគម្រោងទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដែលនៅជំហានទី១ គឺចំណាយជាង ៣៦០លានដុល្លារ ហើយត្រូវការពលកម្ម៧០០០នាក់។

សម្ដេច ហ៊ុន​ សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក ថា “រោងចក្រនេះនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋជាង១៤០០០នាក់ នៅពេលគម្រោងវិនិយោគត្រូវបានសាងសង់ចប់សព្វគ្រប់។ ទន្ទឹមនឹងផ្តល់ការងារជាច្រើនដល់ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ រោងចក្រដ៏ធំនេះនឹងចូលរួមពង្រឹងសេដ្ឋកិច្ចកម្ពុជាផងដែរ”។

សម្ដេច ហ៊ុន​ សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសកម្ពុជា ជាទីវិនិយោគលើគម្រោងដ៏ធំនេះ។ សម្ដេច បានសរសេរថា “នេះដោយសារក្រុមហ៊ុនមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទុនជាតិ និងអន្តរជាតិ និងសូមមន្រ្តីនិងជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្របសម្រួលគ្រប់យ៉ាងដើម្បីជំរុញគម្រោងវិនិយោគនៅទូទាំងប្រទេសទទួលបានជោគជ័យ”។

លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រាប់សារព័ត៌មានក្នុងស្រុកថា រោងចក្រនេះអាចសមត្ថភាពផលិតស្ករសបាន២០០០០តោនក្នុងមួយថ្ងៃ។ ទីផ្សារសម្រាប់នាំចេញស្ករសពីកម្ពុជាមានសហភាពអ៊ឺរ៉ុប និងទីផ្សារប្រទេសចិន។ លោក បញ្ជាក់ថា រោងចក្រស្ករសនេះនឹងកាត់បន្ថយចំណាកស្រុករបស់ប្រជាពលរដ្ឋខ្មែរទៅក្រៅប្រទេសនិងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារមួយក្នុងការនាំចេញស្ករសទៅក្រៅប្រទេស ផងដែរ៕

រោងចក្រស្កស ១

រោងចក្រផលិតស្ករស និងកៀបទឹកអំពៅនៅព្រះវិហារ នឹងផ្តល់ការងារដល់ពលរដ្ឋជាង១៤០០០នាក់

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់