(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ ដោយអះអា​ង​ថា ​នឹង​ជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិត។ 

យោងតាមសេចក្ដីសម្រេច ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថា រាជរដ្ឋាភិបាលបាន​​សម្រេច​លើក​លែ​ងពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​សម្រាប់ទោចក្រយានយន្ត ត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទត្រាក់ទ័រនិង​ជល​យានយន្តគ្រប់ប្រភេទ​​​ដែលមាន​កម្លាំងដល់​១៥០សេះ។ រាជរដ្ឋាភិបាល​បញ្ជាក់​ថា​​ សេចក្តី​ម្រេច​នេះ​មិន​មា​ន​ប្រតិសកម្ម​ទៅ​លើ​ប្រាក់ពន្ធ​ដែល​បន​បង់រួចហើយ ​នោះទេ។​

ប្រការ​ដែល​បាន​ចែង​ក្នុង​សេចក្ដីសម្រេច​ បានឲ្យដឹង​ទៀត​ថា ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រៀបចំ​ធ្វើ​វិសោធនកម្ម​លើ​បទ​ប្បញ្ញត្តិ​ច្បាប់​ដែល​មាន​ការពាក់ព័ន្ធ​នៅក្នុង​ក្របខណ្ឌ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧ សម្រាប់​ដាក់​ឆ្លង​គណៈរដ្ឋមន្ត្រី​ពិនិត្យ និង​សម្រេច ដើម្បីបញ្ជូន​ទៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ពិនិត្យ និង​ផ្ដល់​ការអនុម័ត​។

​ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុ​ជា រំពឹង​ថា សេចក្ដីសម្រេច​នេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ដែល​នឹង​ជួយសម្រួល​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​បាន​ធូរស្រាល​មួយ​កំរិត​ធំ ​ផង​ដែរ​។

សូមបញ្ជាក់ថា ជាធម្មតាការផ្ទេរកម្មសិទ្ធិលើ​​ទោចក្រយានយន្ត ត្រី​ច​ក្រយាន​​យន្ត​គ្រប់ប្រភេទ ត្រាក់ទ័រ និង​ជល​យានយន្តគ្រប់ប្រភេទ ត្រូវបង់ពន្ធ​ប្រថាប់ត្រានៅ​អគ្គនាយកដ្ឋានពន្ធដារ​។

យោងតាម​ឯកសារ​របស់​អគ្គនាយកដ្ឋានពន្ធដារ រថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកទំនិញធុនស្រាល រថយន្ត ទោចក្រយានយន្តកាណូត សាឡង់និងកប៉ាល់ត្រូវជាប់ពន្ធប្រថាប់ត្រាតាមអត្រាសមាមាត្រ៤ភាគរយ(នៃតម្លៃទីផ្សារ​)ចំពោះការផ្ទេរកម្មសិទ្ធិ។ ការបង់ពន្ធ​ប្រថាប់ត្រាសម្រាប់ការផ្ទេរ​សិទ្ធិនេះ​ជា​បន្ទុក​របស់អ្នក​ទទួល​ផល។​ ប៉ុន្តែ​សម្រាប់ការអនុវត្តនាពេលបច្ចុប្បន្ន​នេះ ភាគីអ្នកលក់និងអ្នកទិញជា​អ្នក​ចរចាជាមួយគ្នា​ថាតើនរណាត្រូវបង់ពន្ធនេះ។​

ក្រៅពី ការសម្រេច​​លើកលែង​​ពន្ធ​ប្រថាប់ត្រា​​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​​យានយន្ត​​គ្រប់​ប្រភេទ​ ដែលមានកម្លាំងដល់​១៥០​សេះ នាពេលនេះ បច្ចុប្បន្ន រាជ​រដ្ឋាភិបាល​បានលុបចោល​​​កា​រ​យក​​ពន្ធផ្លូ​វ​លើយានយន្តមួយចំនួន រួចមកហើយ ដូចជា៖ ម៉ូតូ រ៉ឺម៉ក​កង់បី រួមទាំង​គ្រឿងយន្តកសិកម្ម​ ត្រាក់ទ័រ គោយន្ត កាណូតផ្សេងៗ​ ចាប់ពីឆ្នាំ២០១៦ នេះ៕​

 

 

រាជរដ្ឋាភិបាល សម្រេចលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

banner

មតិយោបល់