(ភ្នំពេញ)៖ ​សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមីនា នេះ  មានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹង​ពង្រីកផ្លូវជាតិ​, អន្តរជាតិ, ​និងផ្លូវទឹក ដើម្បីសម្រួល​​ដល់​ការ​ដឹកជញ្ជូនជំរុញកំណើនពាណិជ្ជកម្ម។ 

ប្រមុខរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ​បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិនិងអន្តរជាតិ ​និងផ្លូវទឹក ​ព្រមទំាងផ្លូវតភ្ជាប់​ទៅតំបន់ជនបទ ដើម្បីសម្រួល​​ដល់​ការ​ដឹកជញ្ជូនក្នុងការជំរុញកំណើនពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៍​នឹងរៀបចំកសាងផ្លូវរថភ្លើងឡើងវិញ ​ដើម្បីសម្រួលដល់ការដឹកជញ្ជូននិង​ធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ជាប់ទៅផ្លូវ​អន្តរជាតិ​​អាស៊ាន ផងដែរ ។

សម្តេច ​ហ៊ុន សែន​ មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ មីនា ២០១៦នេះ​ ក្នុងឱកាសអញ្ជើញ​ជាអធិបតីក្នុងសន្និសីទ​ចក្ខុវិស័យប្រទេសកម្ពុជា​ឆ្នាំ២០១៦ ​លើកទី១០ ស្តីពី “ការជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងឡូជីស្ទីកសម្រាប់ការតភ្ជាប់ កំណើន និងអភិវឌ្ឍន៍” នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនោះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល, រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារANZ Royal និង CDRI ឲ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍចម្បងៗ ដែលរួមមាន៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ  គោលនយោបាយអភិវឌ្ឃន៍ឧស្សាហកម្មឆ្នាំ២០១៥-២០១២៥ យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៤-២០១៨ និងផែនការមេសម្រាប់អភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូន។

ប្រសាសន៍សំខាន់ៗរបស់សម្តេច ហ៊ុន សែន ក្នុងឱកាសអញ្ជើញ​ជាអធិបតីក្នុងសន្និសីទ​ចក្ខុវិស័យប្រទេសកម្ពុជា​ឆ្នាំ២០១៦ ​លើកទី១០ នាព្រឹកនេះ រួមមាន៖ ការអបអរសាទរចំពោះ CDRIនិងធនគារ ANZ Royal បានរៀបចំវេទិកានេះ ឡើងជារៀងរាល់ឆ្នាំ។ វេទិកានេះ ជួយឲ្យមន្រ្តីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានជ្រួតជ្រាបបន្ថែមទៀត។ ប្រធានបទនេះ ត្រូវនឹងស្ថានភាពបច្ចុប្បន្ន។ ទីតាំងភូមិសាស្រ្តប្រទេសកម្ពុជា ចំកណ្តាលនៃភូមិសាស្រ្តសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ គឺបានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ។ បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិ ផ្លូវដែក ផ្លូវអាកាសព្រមទាំងផ្លូវទឹក ឲ្យបានកាន់តែច្រើន ជាពិសេសកាត់បន្ថយការចំណាយសោហ៊ុនធ្វើដំណើរ និងសម្រាប់ដឹកជញ្ជូនទំនិញ។ កត្តាកំណត់ជោគជ័យ គឺការធ្វើការរួមគ្នា។

សូមជម្រាបថា ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១០ ខែមីនានេះ សម្តេច ហ៊ុន សែន នឹងមានកម្មវិធីជាប់គ្នាតែម្តង, ដោយថ្ងៃទី០៧ កម្មវិធី បើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៦។ ថ្ងៃទី០៨ កម្មវិធី សិទ្ធិនារីអន្តរជាតិ៨មីនា, ថ្ងៃទី០៩ កម្មវិធីចែកសញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ និងថ្ងៃទី១០ បិទសន្និបាតក្រសួងសុខាភិបាល៕

រាជរដ្ឋាភិបាលនឹងពង្រីកផ្លូវជាតិ, អន្តរជាតិ, ផ្លូវទឹក… ដើម្បីសម្រួលដល់ការដឹកជញ្ជូនជំរុញកំណើនពាណិជ្ជកម្ម

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់