រយៈពេលបីថ្ងៃ នគរបាលចរាចរណ៍រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាងពីរម៉ឺនប្រាំពាន់គ្រឿង គឺចំនួន២៥.០៥០គ្រឿង។ នេះបើតាមរបាយការណ៍នគរបាលចរាចរណ៍ បូករួមទាំងថ្ងៃទី១ មានចំនួន៧.៥១៩គ្រឿង ថ្ងៃទី២ ៧.៩៦៣គ្រឿង និងថ្ងៃទី៣ ៩.៥៦៨គ្រឿង។

របាយការណ៍​របស់​ប៉ូលិស បង្ហាញថា នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​រកឃើញ​មធ្យោបាយ​យានយន្ត ពោលគឺ ម៉ូតូ និង​ឡាន ដែល​ល្មើសច្បាប់ ចំនួន ៧៥១៩ គ្រឿង​។ ក្នុងនោះ ប៉ូលិស​បាន​អប់រំ ចំនួន ៤៥៤៣ គ្រឿង និង​ពិន័យ​យានយន្ត ចំនួន ២៩២៥ គ្រឿង​។

នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃទី​២ នៃ​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី របាយការណ៍​របស់​ប៉ូលិស បង្ហាញថា នៅ​ទូទាំងប្រទេស ប៉ូលិស​បាន​រកឃើញ​មធ្យោបាយ​ល្មើស ចំនួន ៧.៩៦៣ គ្រឿង​។ ក្នុងនោះ ប៉ូលិស​អប់រំ ៣.៧០៣ គ្រឿង និង​ផាកពិន័យ ចំនួន ៤.២៦០ គ្រឿង​។ ប៉ូលិស​ក៏បាន​ឃាត់ទុក​យានយន្ត ភាគច្រើន​ជា​ម៉ូតូ ដែល​មិនមាន​ស្លាក​លេខ ចំ​នួន ១៤៩ គ្រឿង​។​

ដោយឡែក របាយការណ៍នគរបាលចរាចរណ៍ បានឱ្យដឹងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានរកឃើញយានយន្តល្មើសតាមដឹងផ្លូវជាង ៨ពាន់គ្រឿង ក្នុងនោះមានម៉ូតូ៣.៧១២គ្រឿង និងរថយន្តចំនួន៥.៨៥៦គ្រឿង ព្រមទាំងធ្វើការផាកពិន័យជាទឹកប្រាក់ជាង៩០លានរៀល។ របាយការណ៍បញ្ជាក់ថា យានយន្តបានចូលគោលដៅសម្រាប់ត្រួតពិនិត្យនៅទូទាំងប្រទេស នៅថ្ងៃទី៣ ខែមករា មានចំនួនសរុប ៣.០៣១២គ្រឿង ខណៈដែលយានយន្តល្មើសដែលត្រូវឃាតទុក មានចំនួន៧៣គ្រឿង ។

​បទល្មើស ដែលមាន​ច្រើនជាងគេ ក្នុងពេល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ បី​ថ្ងៃ​មកនេះ គឺ​ករណី​អ្នករួមដំណើរ​តាម​ម៉​តូ ( អ្នកជិះ​ពីក្រោយ ) មិន​ពាក់មួក​សុវត្ថិភាព​។ នេះបើតាមលោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ខាង​ចរាចរណ៍ និង​សណ្តាប់ធ្នាប់។

​យ៉ាងណាក៏ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន បាន​សង្កេតឃើញថា ប្រជាពលរដ្ឋ ភាគច្រើន​លើសលប់ គឺមាន​ចំនួន ៨០ ទៅ ៩០ % បាន​អនុវត្ត និង​គោរព​ច្បាប់​ចរាចរណ៍​បានល្អ​។ ជាមួយគ្នា​នោះ លោក​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដោយ​ប៉ូលិស​នៅតែ​បន្ត​ការត្រួតពិនិត្យ ដូច​ភ្លៀងរលឹម​។

​ចំពោះការចុះ​ត្រួតពិនិត្យ និង​ការឃាត់​អប់រំ ព្រមទាំង​ផាកពិន័យ​លើ​អ្នកបើកបរ ឬ​អ្នកជិះ​យានយន្ត ដែល​ល្មើសច្បាប់​នោះ បើតាមលោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ឲ្យដឹងថា ក្នុង​គោលបំណង​ទប់ស្កាត់​អំពើ​ល្មើស ដោយ​លោក​គូសបញ្ជាក់ថា បើ​មិនមាន​ការពិន័យ​ទេ ​អ្នក​ប្រព្រឹត្តល្មើសមិន​រាងចាល​ឡើយ​។ ម្យ៉ាងទៀត ប៉ូលិស​ចុះ​រឹតបន្តឹង​ការត្រួត​ពិនិត្យ​នោះ ក៏​ដើម្បី​កាត់បន្ថយ​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជា​អតិបរមា ផងដែរ​៕​

រយៈពេលបីថ្ងៃ នគរបាលចរាចរណ៍រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាងពីរម៉ឺនប្រាំពាន់គ្រឿង

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់