ក្រោយផ្អាកអស់រយៈពេលជាច្រើនឆ្នាំ រថភ្លើង​ដឹក​អ្នក​ដំណើរ​​​គោលដៅពីភ្នំពេញ​ ឆ្ពោះទៅខេត្តព្រះសីហនុ ​បាន​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ នៅ​ខែ​មករា ឆ្នាំ​២០១៦​នេះ ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ជាតិ AKP ​​។

​ប្រភព​ពី​សារព័ត៌មាន​ជាតិ AKP បានដកស្រង់សម្ដី លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន ​របស់​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​រេល​វេ​ ថា ​នៅ​ក្នុង​ការ​សាកល្បង​ដំណើរ​ការ​រថភ្លើង​ដឹក​នាំ​ដំណើរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៦ ​ពី​រាជា​អយស្ម័យ​យាន​ភ្នំពេញ​ទៅ​ដល់​ស្ថានីយ​រថភ្លើង​អូ​ដឹម​ចម្ងាយ​១២​​គីឡូ​ម៉ែត្រ​ថា ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​បាន​ធ្វើការ​សាកល្បង​ដឹក​ភ្ញៀវ​ទេសចរ​តាម​រថភ្លើង​ ចំនួន​៣​ទូ​ ​ដែល​អាច​ផ្ទុក​មនុស្ស​ចំនួន​១៥០​នាក់  ហើយ​ទូ​រថភ្លើង​ទាំង​៣​ទូ​នោះ ​មាន​ទូ​រថភ្លើង​សម្រាប់​ប្រភេទ​ VIP និង​២​ទូ​ទៀត​សម្រាប់​ភ្ញៀវ​ទេសចរ​ធម្មតា។

លោក​បាន​បន្ត​ថា ការ​ចេញ​ដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ ​និង​ពី​ខេត្ត​ព្រះសីហនុ​មក​កាន់​ភ្នំពេញ ​ប្រើ​រយៈ​ពេល​​៨​ម៉ោង​ ​ដោយ​ផ្លូវ​ដែក​មាន​ចម្ងាយ​២៦០​គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣​៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។

លោក​បាន​បញ្ជាក់​ទៀត​ថា ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ គឺ​ផ្ដោត​សំខាន់​លើ​ភ្ញៀវ​ទេសចរ​​ដើម្បី​ភ្ញៀវ​ទេសចរ មើល​ឃើញ​ទេសភាព​ធម្មជាតិ​ស្រស់​ស្អាត ​តាម​បណ្ដា​ខេត្ត​នានា​ពី​ភ្នំពេញ​ទៅ​ដល់​ខេត្ត​ជាប់​មាត់​សមុទ្រ ព្រម​ទាំង​ការ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​តាម​ផ្លូវ​ជាតិ​ទៀត​ផង។

លោក​បាន​អះអាង​ថា ក្បាល​រថភ្លើង​និង​ទូ​រថភ្លើង​ផលិត​ឡើង​ក្នុង​ទសវត្សរ៍​៦០​នៅ​ប្រទេស​បារាំង​ ​បាន​យក​មក​ប្រើប្រាស់​សម័យ​សង្គមរាស្ត្រនិយម ហើយ​ទូ​រថភ្លើង​​ទាំង​៣​សម្រាប់​ដឹក​ភ្ញៀវ​ទេសចរ​នេះ ​ខាង​ក្នុង​តុបតែង​យ៉ាង​ស្អាត​និង​បំពាក់​ឧបករណ៍​ម៉ាស៊ីន​ត្រជាក់​និង​មាន​អាហារដ្ឋាន​សម្រាប់​បម្រើ​ភ្ញៀវ​នៅ​លើ​រថភ្លើង​ទៀត​ផង។

លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ​មាន​ក្រុមហ៊ុន​ទេសចរណ៍ កំពុង​មក​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​រេលវេ ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរ តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ហើយ​ជាមួយ​គ្នា​នេះ ​ពេល​ដំណើរ​ការ​បាន​ល្អ​ ​ក្រុម​ហ៊ុន​គ្រោង​បើក​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ​ដោយ​កាត់​តាម​ខេត្ត​តាកែវ និង​ខេត្តកំពត៕

រថភ្លើងដឹកអ្នកដំណើរភ្នំពេញព្រះសីហនុ ចាប់ផ្ដើមដំណើរការឡើងវិញ នៅខែមករានេះ ក្រោយផ្អាកជាច្រើនឆ្នាំ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់