(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋសភាបាននឹងកំពុងរៀបចំសិក្ខាសាលា ក្រោមអធិបតីភាពសម្តេចប្រធានរដ្ឋសភា ហេង សំរិន ដើម្បីពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព។ 

ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋសភាបាននឹងកំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ សិក្ខាសាលានេះ មានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តី​អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ។

បើតាមគម្រោង បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់នេះរួចរាល់ ក្រុមសហជីពមួយចំនួន នឹងធ្វើសន្នសីទកាសែតមួយផងដែរ ដើម្បីបង្ហាញពីការគាំ​ទ្រឬ​យ៉ាងណា?

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦។ ការកែប្រែជាថ្មី​២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព បានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះ។

កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ តំណាងសហជីព និងអង្គការសង្គមស៊ីវិល ចំនួន២១ស្ថាប័ន បានស្នើដល់រដ្ឋសភាឲ្យផ្តល់ពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីផ្ដល់យោបល់ និងទទួលសំណើររបស់ពួកគេ ដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះ លើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលគ្រោងធ្វើនៅថ្ងៃទី០៩ ខែមីនា នេះ នៅក្នុងរបៀបវារៈ គឺផ្តល់ពេលវេលារយៈពេលកន្លះម៉ោងឲ្យភាគីពាក់ព័ន្ធសួរសំណួរ។ រយៈពេលនេះហើយ ដែលតំណាងសហជីព និងអង្គការសង្គមស៊ីវិល យល់ឃើញថា សិក្ខាសាលាខាងលើហាក់ដូចជា គ្មានអត្ថន័យក្នុងការពិគ្រោះយោបល់ ហើយមានពេលវេលាមិនគ្រប់គ្រាន់ សម្រាប់សហជីពឯករាជ្យដើម្បីបង្ហាញពីការព្រួយបារម្ភនូវមាត្រាមួយចំនួន ដែលជាកង្វល់របស់សហជីព។

សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលមាន១៧ជំពូក​ ១០០មាត្រា នឹងត្រូវបានរដ្ឋសភាជាតិ​បើកសិក្ខាសាលាពិគ្រោះយោបល់មុនពេលដាក់ចូលក្នុងរបៀបវារៈ​នៃ​សម័យប្រជុំពេញអង្គ​រដ្ឋសភា​ ពិភាក្សានិងអនុម័តនាពេលខាងនេះ​ គឺត្រូវបានសង្គមស៊ីវិលមួយចំនួន ​ជាពិសេសខាងសមាគមរោងចក្រកាត់ដេរ (GMAC) ​បានទាមទារឲ្យមានការកែ​សម្រួលនូវមាត្រាមួយចំនួន ធ្វើយ៉ាងណា​ដើម្បីឲ្យគ្រប់ភាគីពាក់ព័ន្ឋអាចទទួលយក​បានប្រយោជន៍ទំាងអស់គ្នា។

តែយ៉ាងណា សេចក្តីព្រាងច្បាប់​ស្តីពីសហជីព ដែលត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​គោលបំណង៖ ទី​១) ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២)ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​ធានា​នូវ​សិទ្ធិសេរីភាព​ក្នុង​ការចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក ក្នុង​គោលបំណង​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​៕

 

 

រដ្ឋសភា បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព នៅព្រឹកនេះ

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner

មតិយោបល់