(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ រដ្ឋសភាបានយល់ព្រមអនុម័តលើសំណើ របស់នាយករដ្ឋមន្រ្តី ក្នុងការកែសម្រួលសមាសភាព មន្រ្តីរាជរដ្ឋាភិបាល២៦រូប ដោយសំឡេងគាំទ្រ ៧០ លើ១០៧។

សំណើផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០១៦កន្លងទៅនេះ ត្រូវបានសភាបោះឆ្នោតគាំទ្ររួចហើយ នៅព្រឹកថ្ងៃនេះ ដោយសំឡេង៧០ លើ១០៧សំឡេង។

សំណើផ្លាស់ប្តូរសមាជិករាជរដ្ឋាភិបាលកម្ពុជានេះ មានសំឡេងគាំទ្រ ៧០សំឡេង មិនគាំទ្រ ២៤សំឡេង និង អនុប្បវាទ ១៣សំឡេង។ កិច្ចប្រជុំសភានាព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីតំណាងរាស្រ្តមក ពីគណបក្សសង្រ្កោះជាតិប្រមាណ ៤០រូបផងដែរ។

ក្នុងកម្មវិធីដាក់ឲ្យអនុវត្ត “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” លើកទី៣ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន បានថ្លែងការពារនូវការរុះរើគណៈរដ្ឋមន្រ្តីរបស់សម្តេចនៅពាក់កណ្តាលអាណត្តិនេះថា ជាការធ្វើឲ្យមានប្រសិទ្ធភាពការងារ ហើយប្រសិទ្ធភាពការងារមិនស្ថិតលើមុខចាស់ ឬមុខថ្មីនោះទេ តែសំខាន់ចរិតការងារថ្មី ហើយអ្នកថ្មី ក៏មិនប្រាកដថា ផ្លាស់ប្តូរនោះដែរ។

ផ្ទុយពីសម្ដេច ហ៊ុន សែន លោក កឹម សុខា ធ្លាប់បានលើកឡើង ថា ការរុះរើគណៈរដ្ឋមន្ត្រីរបស់សម្ដេច ហ៊ុន សែន ពេលនេះ គឺគ្រាន់តែជាការបង្ហាញរូបភាពសើៗ ដែលមិនមែនជាការកំណែទម្រង់ ដើម្បីប្រសិទ្ធភាពការងារឡើយ។

យ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំសភា ពេញអង្គលើកទី ៦ នីតិកាលទី៥  បានបង្ហាញ ហេតុផល៥ចំណុចក្នុង រុះរើគណៈរដ្ឋមន្រ្តីនៅ ពាក់កណ្តាលអាណត្តិ។ ហេតុផលទាំង៥ ដែលសម្តេចលើកឡើងនោះរួមមាន៖ ទី១) បញ្ចប់ និងផ្លាស់ប្តូរស្របតាម សំណូមពររបស់ ឥស្សរជន , ទី២) ភាពចាំបាច់នៃការផ្លាស់ប្តូរ , ទី៣) ភាពចាំបាច់នៃការកែសម្រូល , ទី៤) ភាពចាំបាច់ក្នុងការ ប្រមូលនិងរក្សាអស់លទ្ធភាព នូវរដ្ឋមន្រ្តីមាន សមត្ថភាព , និងទី៥) ភាពចាំបាច់ប្រគល់តំណែងដល់មន្រ្តីវ័យក្មេងជំនាន់ក្រោយ។

សូមបញ្ជាក់ថា សមាសភាពរដ្ឋមន្រ្តី ដែលសម្តេចនាយករដ្ឋមន្រ្តីសម្រេចស្នើធ្វើការផ្លាស់ប្តូរនេះរួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំ ហុង ត្រូវបានផ្លាស់ចេញពីរដ្ឋមន្រ្តីក្រសួងក្រសួងការបរទេស ដាក់ជំនួស ដោយ ប្រាក់ សុខុន មកពីក្រសួងប្រៃសេនីយ៍ និងទូរគមនាគមន៍។ លោកទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម ត្រូវបានផ្លាស់ចេញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដាក់ជំនួសដោយលោក ជា សុផារ៉ា មកពីក្រសួងអភិវឌ្ឍន៍ជនបទ។ លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ត្រូវបានប្តូរពីក្រសួងពាណិជ្ជកម្ម ទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក អ៊ុក រ៉ាប៊ុន ត្រូវបានប្តូរពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់ក្រសួងអភិវឌ្ឍន៍ជនបទ។ លោក ត្រាំ អ៊ីវតឹក ត្រូវបានប្តូរពីក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ ត្រូវបានផ្លាស់ចេញ ដាក់ជំនួសដោយ លោក ហឹម ឆែម។ លោក ប៉ាន សូរស័ក្តិ ត្រូវបានតម្លើងពីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទៅជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ខណៈរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានទៅលើលោក វេង សាខុន។

ក្រៅពីការផ្លាស់ប្តូរសមាសភារដ្ឋមន្រ្តី ដែលរៀបរាប់ខាងលើនេះ នៅមានមន្រ្តីជាច្រើនរូបទៀត ត្រូវបានតម្លើងតួនាទីពីអនុរដ្ឋលេខាធិ ការ ទៅជារដ្ឋលេខាធិកា ហើយអភិបាលខេត្ត ៤រូបទៀត គឺខេត្តកំពត កំពង់ស្ពឺ ស្វាយរៀង និងបន្ទាយមានជ័យ ក៏ត្រូវដាក់ឲ្យចូលនិវត្តន៍មុនពេលកំណត់ផងដែរ៕

 

រដ្ឋសភា គាំទ្រសំណើរនាយករដ្ឋមន្រ្តី ក្នុងការរុះរើសមាជិករាជរដ្ឋាភិបាល ដោយសំឡេង ៧០ លើ១០៧

ចូលចិត្តទំព័រ Friends FM ដើម្បីទទួលបានអត្ថបទថ្មីៗ

ចូលចិត្តអត្ថបទនេះ ចុចចែករំលែក

បញ្ចូលព័ត៌មានដោយ ៖

Pen Sophal

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ ០១១ ៨៧ ៨៤ ៣៣ ឬ ០៨៦ ៨៨៨​ ៨៨៨
អ៊ីម៉ែលៈ ​friendsfmradio@gmail.com
  • gplus
banner banner

មតិយោបល់